ការសន្សំសំចៃតែងតែត្រូវបានគេយល់ឃើញយ៉ាងសាមញ្ញថាជាមធ្យោបាយដ៏ល្អបំផុតក្នុងការកាត់បន្ថយការចំណាយ ដើម្បីរក្សាស្តុកទឹកប្រាក់ក្នុងកុងធនាគារឱ្យបានគត់មត់។ ប៉ុន្តែនៅក្នុងបរិបទនៃការគ្រប់គ្រងហិរញ្ញវត្ថុសម័យទំនើប ការពិតដ៏ឈឺចាប់មួយបានបង្ហាញថា ទំនិញដែលមានតម្លៃថោកបំផុតមិនប្រាកដថាជាជម្រើសដែលសន្សំសំចៃបំផុតនោះឡើយ ខណៈដែលការព្យាយាមកាត់បន្ថយការចំណាយមិនចំកន្លែងនៅថ្ងៃនេះ ជួនកាលបែរជាក្លាយជាកាបង្កើតឱ្យមាន «ការចំណាយទំហំធំជាងមុន» នៅថ្ងៃស្អែកទៅវិញ។
តើទម្លាប់សន្សំសំចៃបែបណាខ្លះ ដែលមនុស្សជាច្រើនតែងយល់ច្រឡំថាជួយសន្សំលុយ ប៉ុន្តែការពិតបែរជាធ្វើឱ្យបាត់បង់ប្រាក់កាសទៅវិញដោយស្វ័យប្រវត្តិ? ខាងក្រោមនេះគឺជាអន្ទាក់ហិរញ្ញវត្ថុទាំង ៦ យ៉ាងដែលបុគ្គលគ្រប់រូបគួរចៀសវាង៖

១. ធ្លាក់ក្នុងអន្ទាក់ «ជ្រើសរើសតែរបស់ដែលមានតម្លៃថោកបំផុតជានិច្ច»
នៅពេលដែលត្រូវសម្រេចចិត្តទិញផលិតផលពីរដែលមានមុខងារប្រហាក់ប្រហែលគ្នា ស្ទើរតែគ្រប់គ្នាផ្ដោតការចាប់អារម្មណ៍ទៅលើទំនិញដែលមានតម្លៃទាបជាងមុនគេ។ ប៉ុន្តែ តម្លៃទិញដំបូងមិនមែនជាកត្តាតែមួយគត់ដែលកំណត់ថាការចំណាយនោះសន្សំសំចៃនោះទេ។
អាវយឺតតម្លៃថោកដែលឆាប់យារខូចទ្រង់ទ្រាយ ស្បែកជើងតម្លៃធូរថ្លៃដែលពាក់បានត្រឹមតែប៉ុន្មានខែក៏របើកបាត ឬសម្ភារៈប្រើប្រាស់ក្នុងផ្ទះដែលខូចដដែលៗ នឹងបង្ខំឱ្យយើងត្រូវចំណាយប្រាក់ទិញថ្មីដដែលៗជាច្រើនដង។ ផ្ទុយទៅវិញ ការជ្រើសរើសទំនិញដែលមានតម្លៃខ្ពស់ជាងបន្តិច ប៉ុន្តែមានគុណភាពជាប់ធន់ និងសមស្របតាមតម្រូវការប្រើប្រាស់រយៈពេលវែង អាចជួយកាត់បន្ថយការចំណាយសរុបប្រកបដោយប្រសិទ្ធភាព។
២. ទិញទំនិញក្នុងបរិមាណច្រើនលើសលុប ដោយសារគិតថាបានតម្លៃលក់ដុំធូរថ្លៃ
ការទិញជាឈុត ការទិញកញ្ចប់ធំ ឬការឆ្លៀតឱកាសប្រូម៉ូសិនបញ្ចុះតម្លៃដើម្បីសន្សំប្រាក់ គឺជាយុទ្ធសាស្ត្រដ៏ស៊ាំមួយ។ ប៉ុន្តែ ការបញ្ចុះតម្លៃទាំងនោះពិតជាមានប្រយោជន៍លុះត្រាតែយើងប្រើប្រាស់អស់នូវបរិមាណដែលបានទិញមក។
ការទិញសាប៊ូកក់សក់ដបយក្សព្រោះតែតម្លៃ ធូរថ្លៃជាងដបតូច គឺជារឿងល្អ ប្រសិនបើវាមិនមែនជាការទិញមករក្សាទុកទាំងដែលនៅផ្ទះនៅសល់ពេញៗស្តុក ដែលធ្វើឱ្យលំហូរសាច់ប្រាក់ត្រូវជាប់គាំង។ ម្យ៉ាងវិញទៀត ចំពោះគ្រឿងឧបភោគបរិភោគ ការទិញច្រើនហួសហេតុបណ្ដាលឱ្យទុកយូររហូតហួសកាលបរិច្ឆេទផុតកំណត់ ខូចគុណភាព និងចុងក្រោយត្រូវយកទៅបោះចោល ដែលស្មើនឹងការដុតលុយចោលដោយឥតប្រយោជន៍។
៣. ប្រឹងប្រើប្រាស់សម្ភារៈដែលខូចទ្រុឌទ្រោម ដើម្បីគេចវេសពីការចំណាយទិញថ្មី
កង្ហារដែលវិលខ្សោយ ម៉ាស៊ីនបោកខោអាវដែលឧស្សាហ៍រអាក់រអួល ឬឧបករណ៍ប្រើប្រាស់ដែលសឹកអស់សមត្ថភាព ប៉ុន្តែត្រូវបានម្ចាស់ព្យាយាមអូសបន្លាយពេលបន្តប្រើប្រាស់ដោយមិនព្រមចំណាយលុយទិញថ្មី គឺជាទម្លាប់ដែលបង្កគ្រោះថ្នាក់ដល់ហិរញ្ញវត្ថុយ៉ាងខ្លាំង។
សម្ភារៈដែលទ្រុឌទ្រោមខ្លាំងស៊ីភ្លើងកាន់តែច្រើន បង្កផលប៉ះពាល់ដល់ប្រព័ន្ធជុំវិញ ឬតម្រូវឱ្យមានការជួសជុលជាច្រើនដងជាប់ៗគ្នា។ ឧទាហរណ៍ ឧបករណ៍អគ្គិសនីដែលដំណើរការខុសប្រក្រតី ប្រសិនបើមិនព្រមផ្លាស់ប្តូរទេ មិនត្រឹមតែចំណាយថ្លៃជាងលើការជួសជុលនោះទេ ប៉ុន្តែថែមទាំងបង្កហានិភ័យអគ្គិភ័យ ឬសុវត្ថិភាពផ្ទាល់ខ្លួនទៀតផង។
៤. ធ្វើអ្វីៗគ្រប់យ៉ាងដោយខ្លួនឯងដើម្បីកុំឱ្យអស់លុយជួលជាង ឬសេវាកម្មជំនាញ
ការសម្អាតផ្ទះដោយខ្លួនឯង ការជួសជុលប្រព័ន្ធទឹក ឬការដំឡើងគ្រឿងសង្ហារិមដោយគ្មានឧបករណ៍និងជំនាញច្បាស់លាស់ អាចជួយសន្សំប្រាក់ឈ្នួលជាងបានក្នុងរយៈពេលខ្លី។ ប៉ុន្តែសម្រាប់កិច្ចការស្មុគស្មាញ ការគ្មានជំនាញអាចធ្វើឱ្យសម្ភារៈខូចខាតធ្ងន់ធ្ងរជាងមុន ត្រូវទិញគ្រឿងបន្លាស់ថ្មីដដែលៗ ឬចុងក្រោយនៅតែត្រូវបង្ខំចិត្តហៅអ្នកជំនាញមកដោះស្រាយក្នុងតម្លៃខ្ពស់ជាងដើម។ ការចំណាយប្រាក់ឈ្នួលឱ្យអ្នកមានបទពិសោធន៍ គឺជាការវិនិយោគសន្សំសំចៃទាំងពេលវេលា កម្លាំងកាយ និងការកាត់បន្ថយកំហុសឆ្គង។
៥. ប្រញាប់ទិញទំនិញបញ្ចុះតម្លៃ ទាំងដែលគ្មានតម្រូវការចាំបាច់
ការឃើញទំនិញដាក់ស្លាកបញ្ចុះតម្លៃ ៣០% ឬ ៥០% ភ្លាម អាចជំរុញឱ្យអ្នកទិញមានអារម្មណ៍ថា «បើមិនទិញពេលនេះ នឹងខាតឱកាសមាស»។ ប៉ុន្តែ ប្រសិនបើមុនពេលឃើញការបញ្ចុះតម្លៃនោះ អ្នកមិនដែលគិត ឬមានតម្រូវការចង់ទិញវាសោះ ប្រាក់ដែលត្រូវបានដកចេញពីកុងធនាគារគឺនៅតែជា «ការចំណាយថ្មី» មិនមែនជាការសន្សំឡើយ។ ប្រូម៉ូសិនដឹកជញ្ជូនដោយឥតគិតថ្លៃ ឬការទិញថែមផ្សេងៗ ធ្វើឱ្យកន្ត្រកទំនិញអនឡាញរីកធំឡើងៗ ដែលនាំឱ្យទឹកប្រាក់សរុបត្រូវចំណាយលើសពីគម្រោងដើមឆ្ងាយណាស់។
៦. ពន្យារពេល និងកាត់បន្ថយការចំណាយលើការថែទាំ និងការពារទុកជាមុន
ការគិតថាអាចសន្សំលុយបានតាមរយៈការកាត់បន្ថយ ឬពន្យារពេលការថែទាំយានយន្តប្រចាំខែ ការលាងសម្អាតម៉ាស៊ីនត្រជាក់ ការពិនិត្យសុខភាពប្រចាំឆ្នាំ ឬការប្តូរគ្រឿងបន្លាស់តាមកាលកំណត់ គឺជាការគិតខុសឆ្គងដ៏គ្រោះថ្នាក់។ក្នុងរយៈពេលខ្លី អ្នកប្រហែលជាអាចរក្សាប្រាក់ទុកក្នុងកុងបានបន្តិចបន្តួចមែន។ ប៉ុន្តែនៅពេលដែលបញ្ហាតូចតាចទាំងនោះវិវត្តទៅជាការខូចខាតទ្រង់ទ្រាយធំ ថ្លៃព្យាបាល ឬថ្លៃជួសជុលនៅពេលក្រោយនឹងត្រូវចំណាយកើនឡើងទ្វេដង ឬច្រើនជាងនេះជាច្រើនដង។
ការសន្សំសំចៃប្រកបដោយភាពវៃឆ្លាត មិនមែនសំដៅលើការស្វែងរកវិធីចំណាយប្រាក់តិចបំផុតសម្រាប់គ្រប់កិច្ចការនោះឡើយ។ ការសម្រេចចិត្តហិរញ្ញវត្ថុដែលសក្តិសមនឹងតម្លៃប្រាក់ គឺត្រូវចេះគិតគូរពិនិត្យមើលឱ្យបានហ្មត់ចត់ទាំងលើថ្លៃដើមដំបូង រយៈពេលនៃការប្រើប្រាស់ជាក់ស្តែង លទ្ធភាពនៃការខូចខាត និងភាពចាំបាច់ទៅតាមតម្រូវការជីវិតពិតប្រាកដ។ ព្រោះថារាល់ការចំណាយខ្លះ ប្រសិនបើព្យាយាមកាត់បន្ថយគ្រប់មធ្យោបាយដោយគ្មានការពិចារណា ម្ចាស់ប្រាក់នឹងត្រូវសងសឹងវិញយ៉ាងឈឺចាប់នៅពេលក្រោយជាមិនខាន៕
ប្រភព៖ kenh14


