ក្រសួងការងារបានដាក់ឲ្យដំណើរការសាកល្បងកម្មវិធីមួយមានឈ្មោះថា «គន្លងវិជ្ជាជីវៈ»នៅវិទ្យាល័យចំនួនពីរ ដើម្បីពង្រឹងសមត្ថភាពជំនាញវិជ្ជាជីវដល់សិស្សនៅកម្រិតវិទ្យាល័យ។
រដ្ឋមន្ត្រីក្រសួងការងារឯកឧត្តម ហេង សួរ បានលើកឡើងក្នុងវីដេអូឃ្លីបផ្សាយនៅលើផេកក្រសួងការងារកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ថា«គន្លងវិជ្ជាជីវៈ» កំពុងដាក់ឱ្យសាកល្បងនៅវិទ្យាល័យ ហ៊ុន សែន ក្រគរ ខេត្តពោធិ៍សាត់ និងវិទ្យាល័យសម្ដេចឪ សម្ដេចម៉ែ បរសេដ្ឋ ខេត្តកំពង់ស្ពឺ។ ឯកឧត្តមថាកម្មវិធីនេះនឹងជួយពន្លឿនសមត្ថភាពសិស្សលើជំនាញអេឡិចត្រូនិក ជួសជុលរថយន្ត អគ្គិសនីជាដើម ចាប់ពីកម្រិតវិទ្យាល័យទៅ។

(សកម្មភាពលោកគ្រូអ្នកគ្រូដឹកនាំសិស្សចុះកម្មសិក្សានៅវិទ្យាស្ថានបច្ចេកទេស JVC នៅភ្នំពេញកាលពីខែមករា ឆ្នាំ២០២៦)
បើតាមឯកឧត្តម ហេង សួរ កម្មវិធីនេះទើបបានដាក់ឲ្យសាកល្បងក្នុងឆ្នាំសិក្សាថ្មី២០២៦-២០២៧ នេះប៉ុណ្ណោះ និងថាបើកម្មវិធីនេះជោគជ័យនឹងបន្តពង្រីកបន្ថែមនៅឆ្នាំក្រោយៗទៀត។
ឯកឧត្តមមានប្រសាសន៍ថា៖ «នៅក្រគរយើងមានសិស្សចុះឈ្មោះចូលរៀន៧៨នាក់ ឆ្នាំដំបូងមិនទាន់ទាំងបានផ្សព្វផ្សាយស្រួលបួលផង ពាក់ព័ន្ធនឹងផ្នែកអេឡិចត្រូនិច…នៅឯកំពង់ស្ពឺយើងផ្ដោតលើយានយន្ត និងអគ្គិសនី…ហើយក៏មានសិស្សចុះឈ្មោះរៀនច្រើនដែរ»។
សិស្សដែលរៀនវគ្គនេះនឹងត្រូវមានម៉ោងសិក្សាច្រើនជាងសិស្សធម្មតារហូតដល់៤០០ម៉ោងក្នុងមួយឆ្នាំ ហើយសិស្សក៏នឹងត្រូវចុះកម្មសិក្សានៅតាមរោងចក្រនៅពេលវិស្សមកាល ឬវ៉ាកងធំ។ ឯកឧត្តម មានប្រសាសន៍ដោយទំនងសម្ដៅថានេះជាគំរូអប់រំមួយដែលនឹងឆ្លើយតបជាក់ស្ដែងទៅនឹងត្រូវការអ្នកជំនាញក្នុងទីផ្សារកម្ពុជា៕
ដោយ៖ ចាន់ តារា
ប្រភព៖ ក្រសួងការងារ


