ស្ថានភាព៥យ៉ាង រក្សាភាពស្ងៀមស្ងាត់ គឺជាជម្រើសឆ្លាតវៃបំផុត

ក្នុងសង្គមបច្ចុប្បន្ន មនុស្សម្នាតែងតែត្រូវបានអប់រំ និងដាស់តឿនឱ្យក្លាហានក្នុងការបង្ហាញមតិយោបល់ ហ៊ាននិយាយចេញពីគំនិត និងមិនត្រូវលាក់បាំងការពិតឡើយ។ ប៉ុន្តែ ក្នុងការពិតនៃការរស់នៅ តើធ្លាប់ដឹងទេថា មានស្ថានភាពជាច្រើនដែលការខិតខំប្រឹងប្រែងពន្យល់ ជជែកដេញដោល ឬតបត មិនត្រឹមតែមិនជួយឱ្យរឿងរ៉ាវប្រសើរឡើងនោះទេ ថែមទាំងធ្វើឱ្យបញ្ហាកាន់តែស្មុគស្មាញ និងបង្កជាការឈឺចាប់ដល់គ្នាទៅវិញទៅមក? ខាងក្រោមនេះ គឺជាស្ថានភាពសំខាន់ៗទាំង ៥ ដែលការរក្សាភាពស្ងៀមស្ងាត់ គឺជាជម្រើសដ៏ឈ្លាសវៃបំផុត។

១. ពេលកំពុងខឹងសម្បាខ្លាំង
ក្នុងពេលខឹង គោលបំណងនៃការនិយាយគឺគ្រាន់តែចង់យកឈ្នះ និងចង់ឱ្យភាគីម្ខាងទៀតស្ងាត់មាត់ប៉ុណ្ណោះ មិនមែនដើម្បីដោះស្រាយបញ្ហានោះទេ។ ក្រោយពេលស្ងប់ចិត្តវិញ ពាក្យសម្តីទាំងនោះមិនអាចទាញយកមកវិញបានឡើយ ទោះបីជាមានការសុំទោសក៏ដោយ។ ដូចនេះ ការចេះផ្អាកការសន្ទនាជាបណ្តោះអាសន្ន ដូចជាការនិយាយថា «បច្ចុប្បន្ននេះខ្ញុំកំពុងខឹងបន្តិចហើយ ចាំយើងនិយាយគ្នាពេលក្រោយចុះ» មិនមែនជាការគេចវេសទេ ប៉ុន្តែវាគឺជាការផ្តល់ឱកាសឱ្យខ្លួនឯងបានគិតគូរដោយស្ងប់ស្ងាត់។

២. ពេលជួបប្រទះការបង្ករឿង ឬការនិយាយឌឺដងពីអ្នកដទៃ
មិនមែនរាល់ការរិះគន់ ឬពាក្យសម្តីទាំងអស់សុទ្ធតែមានតម្លៃគ្រប់គ្រាន់ដើម្បីឱ្យយើងចំណាយពេលតបតនោះទេ។ ពេលខ្លះ មានបុគ្គលដែលមានចេតនាអាក្រក់ព្យាយាមនិយាយចាក់ដោត ឬលើកសំណួរដើម្បីធ្វើឱ្យអ្នកបាត់បង់ស្មារតីចំពោះមុខមនុស្សម្នា។ ប្រសិនបើប្រញាប់ប្រញាលប្រតិកម្មតបតយ៉ាងខ្លាំងក្លា អ្នកនឹងធ្លាក់ក្នុងអន្ទាក់ដែលធ្វើឱ្យខ្លួនឯងក្លាយជាមនុស្សខ្វះការគ្រប់គ្រងអារម្មណ៍ក្នុងខ្សែភ្នែករបស់អ្នកដទៃ។បុគ្គលឆ្លាតវៃមិនអនុញ្ញាតឱ្យអ្នកដទៃមកចាត់ចែងអារម្មណ៍របស់ខ្លួនឡើយ។ ពួកគេជ្រើសរើសការមើលរំលង ប្តូរប្រធានបទ ឬបញ្ចប់ការសន្ទនា។

៣. ពេលដែលមិនទាន់ដឹងច្បាស់ពីសាច់រឿងទាំងមូល
ការឮព័ត៌មានពីមិត្តរួមការងារ ការអានរឿងរ៉ាវលើបណ្តាញសង្គម ឬការឃើញហេតុការណ៍អ្វីមួយភ្លាមៗ ងាយនឹងធ្វើឱ្យមនុស្សយើងបង្កើតការវិនិច្ឆ័យខុសឆ្គងណាស់។ ការប្រញាប់ប្រញាលចេញមុខវិនិច្ឆ័យ ឬយកដំណឹងនោះទៅប្រាប់អ្នកដទៃបន្ត អាចនឹងក្លាយជាកាតាលីករជួយផ្សព្វផ្សាយព័ត៌មានខុសឆ្គង ឬភាពអយុត្តិធម៌ដល់អ្នកដទៃដោយអចេតនា។

ក្នុងករណីនេះ ភាពស្ងៀមស្ងាត់គឺជាខែលការពារដ៏ល្អបំផុត។ ប្រសិនបើមិនទាន់មានទិន្នន័យគ្រប់គ្រាន់ ការនិយាយត្រង់ៗថាខ្លួនឯងនៅមិនទាន់យល់ច្បាស់ពីហេតុការណ៍នោះ គឺជារឿងដែលបង្ហាញពីភាពចាស់ទុំ និងការចេះទទួលខុសត្រូវខ្ពស់ចំពោះពាក្យសម្តីរបស់ខ្លួន។

៤. ពេលដែលភាគីម្ខាងទៀតបដិសេធមិនព្រមស្តាប់ការពិត
មានការសន្ទនាខ្លះដែលដៃគូសន្ទនាគ្រាន់តែចង់ស្វែងរកមនុស្សយល់ស្របនឹងខ្លួនប៉ុណ្ណោះ មិនមានបំណងចង់ស្តាប់ហេតុផល ឬទស្សនៈខុសគ្នាណាមួយឡើយ។ ទោះបីជាមានភស្តុតាង និងការពន្យល់យ៉ាងណាក៏ដោយ ក៏ពួកគេនៅតែប្រកែកយកឈ្នះរហូតដល់ទីបំផុត។

ការបន្តជជែកដេញដោលក្នុងស្ថានភាពបែបនេះ មានតែធ្វើឱ្យខាតបង់ថាមពល និងពេលវេលាប៉ុណ្ណោះ។ មនុស្សឆ្លាតចេះជ្រើសរើសពេលវេលា និងបុគ្គលដែលគួរប្រាស្រ័យទាក់ទង។ ពួកគេបង្ហាញគំនិតរបស់ខ្លួនត្រឹមតែម្តងគត់ ហើយនឹងបោះបង់ចោលភ្លាម ប្រសិនបើដឹងថាភាគីម្ខាងទៀតបិទបាំងត្រចៀកមិនព្រមទទួលយក។

៥. ពេលដែលអ្នកដទៃកំពុងចែករំលែករឿងរ៉ាវឯកជន
ពេលដែលនរណាម្នាក់បើកចិត្តនិយាយពីការលំបាក បញ្ហាគ្រួសារ ឬរឿងរ៉ាវហិរញ្ញវត្ថុ ការចង់ផ្តល់ដំបូន្មានភ្លាមៗរបស់មនុស្សយើង ពេលខ្លះអាចធ្វើឱ្យម្ចាស់ដើមទងមានអារម្មណ៍ថាគ្មានការគោរព។ តាមការពិត ពួកគេមិនត្រូវការដំណោះស្រាយភ្លាមៗនោះទេ ប៉ុន្តែពួកគេគ្រាន់តែត្រូវការ «អ្នកស្តាប់» ដែលគ្មានការវិនិច្ឆ័យរិះគន់ប៉ុណ្ណោះ។
ការផ្តល់យោបល់ដោយប្រញាប់ប្រញាល ឬការប្រើសម្តីប្រៀបធៀប អាចធ្វើឱ្យពួកគេខ្មាស់អៀន និងបិទបាំងមិនហ៊ាននិយាយពីរឿងរ៉ាវរបស់ខ្លួនទៀតឡើយ។ ការរក្សាភាពស្ងៀមស្ងាត់ដើម្បីស្តាប់ដោយយកចិត្តទុកដាក់ និងការចេះរក្សាការសម្ងាត់ គឺជាសិល្បៈនៃការទំនាក់ទំនងដ៏វិសេសវិសាលបំផុត៕

ប្រភព៖ kenh14

អត្ថបទពាក់ព័ន្ធ

អត្ថបទថ្មីៗ