សម្រាប់មនុស្សជាច្រើន ការចាប់ផ្តើមថ្ងៃថ្មីជាមួយកាហ្វេមួយកែវ គឺជាប្រភពនៃថាមពល និងអារម្មណ៍ស្រស់ថ្លាក្នុងការធ្វើការ។ ទោះជាយ៉ាងណា នៅពេលនិយាយអំពីការសន្សំប្រាក់ កាហ្វេប្រចាំថ្ងៃតែងតែជាចំណុចដំបូងដែលគេប្រាប់ឱ្យកាត់បន្ថយ ឬលុបបំបាត់ចោល។ ប៉ុន្តែអ្នកជំនាញផ្នែកហិរញ្ញវត្ថុបានលើកឡើងថា ការសន្សំប្រាក់ដែលមានប្រសិទ្ធភាព និងស្ថិតស្ថេរ មិនមែនជាការបង្ខំខ្លួនឯងឱ្យបោះបង់ចោលរាល់ក្តីសុខតូចតាចនោះឡើយ។

កាហ្វេមិនមែនជា «ការចំណាយដែលមានបញ្ហា» នោះទេ
កាហ្វេមួយកែវអាចជាការចំណាយដើម្បីទិញយកភាពងាយស្រួល ពេលវេលាសម្រាកលំហែកាយ ឬបង្កើនប្រផលិតភាពការងារ។ ប្រសិនបើកាហ្វេមួយកែវតម្លៃ ចន្លោះ ៦០០០រៀល ទៅ ២០០០០រៀល ជួយឱ្យថ្ងៃធ្វើការរបស់អ្នករលូន នោះគ្មានហេតុផលណាដែលត្រូវចាត់ទុកវាជាកំហុសហិរញ្ញវត្ថុឡើយ។ អ្វីដែលសំខាន់ គឺតើតួលេខសរុបប្រចាំខែស្ថិតក្នុងលទ្ធភាពរបស់អ្នកដែរឬទេ។ ជាឧទាហរណ៍៖
- កាហ្វេ ដែលមានតំលៃធូថ្លៃ ៦០០០រៀល/កែវ (២៥ ថ្ងៃ/ខែ)៖ សរុបប្រមាណ ១៥០០០០រៀល (ប្រមាណ ៣៧ដុល្លារ/ខែ)
- កាហ្វេ ដែលមានតំលៃមធ្យម ១២០០០រៀល/កែវ (២៥ ថ្ងៃ/ខែ)៖ សរុបប្រមាណ ៣០០០០០រៀល (ប្រមាណ ៧៥ដុល្លារ/ខែ)
- កាហ្វេ ដែលមានតំលៃថ្លៃ (ប្រេន ) ២០០០០រៀល/កែវ (២៥ ថ្ងៃ/ខែ)៖ សរុបប្រមាណ ៥០០០០០រៀល (ប្រមាណ ១២៥ដុល្លារ/ខែ)
តួលេខទាំងនេះ នឹងក្លាយជាបញ្ហាតែនៅពេលដែលអ្នកមានគោលដៅសន្សំប្រាក់ផ្សេងទៀត ប៉ុន្តែតែងតែខ្វះខាតថវិកានៅចុងខែប៉ុណ្ណោះ។
យុទ្ធសាស្ត្រគ្រប់គ្រងការចំណាយលើកាហ្វេ ដោយមិនបាត់បង់ទម្លាប់រីករាយ
ដើម្បីរក្សាទម្លាប់ផឹកកាហ្វេផង និងគ្រប់គ្រងការចំណាយបានល្អផង អ្នកអាចអនុវត្តតាមវិធានការសាមញ្ញៗដូចខាងក្រោម៖
- ពិនិត្យមើលការចំណាយពិតប្រាកដ (មិនមែនត្រឹមតែកាហ្វេ)៖ ជារឿយៗ ប្រាក់ដែលបាត់បង់មិនមែននៅលើកាហ្វេតែមួយមុខនោះទេ ប៉ុន្តែវាបណ្តាលមកពីការទិញបន្ថែម ដូចជា នំចំណី គ្រឿងបន្ថែម (Topping) ឬថ្លៃសេវាដឹកជញ្ជូន។ ការបូកសរុបប្រតិបត្តិការ ៣០ ថ្ងៃចុងក្រោយ នឹងជួយឱ្យអ្នកឃើញតួលេខច្បាស់លាស់ មុននឹងសម្រេចចិត្តកែសម្រួល។
- កំណត់កញ្ចប់ថវិកាថេរប្រចាំខែ៖ ជំនួសឱ្យការគិតថា «ត្រូវតែឈប់ផឹកកាហ្វេ» អ្នកអាចកំណត់ថវិកាជាក់លាក់មួយ ដូចជា ៣៧ ដុល្លារ/ខែ សម្រាប់កាហ្វេ។ ការបែងចែកថវិកានេះជាប្រចាំសប្តាហ៍ ជួយឱ្យអ្នកផឹកកាហ្វេដោយផាសុកភាព ដោយមិនមានអារម្មណ៍ថាខ្លួនឯងកំពុង «បំបាក់ផែនការសន្សំ» នោះឡើយ។
- កាត់បន្ថយកែវដែលមានតម្លៃផ្លូវចិត្តតិចតួច៖ មិនមែនកាហ្វេគ្រប់កែវសុទ្ធតែត្រូវកាត់បន្ថយនោះទេ។ អ្នកគួររក្សាកាហ្វេដែលផឹកជាមួយសហការីដោយសប្បាយរីករាយ ឬកែវដែលជួយសម្រួលអារម្មណ៍ប្រជុំ ប៉ុន្តែកាត់បន្ថយកែវដែលទិញគ្រាន់តែដោយសារទម្លាប់។ ការកាត់បន្ថយពី ២៥ កែវ មកត្រឹម ២០ កែវក្នុងមួយខែ គឺងាយស្រួលអនុវត្តជាងការផ្តាច់ទាំងស្រុង។
- បន្ថយតម្លៃក្នុងមួយកែវ ជំនួសឱ្យការកាត់បន្ថយចំនួនកែវ៖ អ្នកអាចសន្សំបានបន្ថែម ដោយគ្រាន់តែលុបចោល Topping ជ្រើសរើសទំហំតូចជាងមុន ឬកាត់បន្ថយសេវាដឹកជញ្ជូន។
ការសន្សំប្រាក់មិនមែនជាការកាត់ផ្តាច់រាល់តម្រូវការផ្លូវចិត្តនោះទេ។ អ្វីដែលសំខាន់បំផុត គឺការដឹងពីតួលេខចំណាយពិតប្រាកដ និងការធ្វើតុល្យភាពរវាងគោលដៅហិរញ្ញវត្ថុ ជាមួយនឹងក្តីសុខតូចតាចក្នុងជីវិតប្រចាំថ្ងៃរបស់អ្នក៕
ដោយ៖ ម៉ោលី
ប្រភព៖ kenh14


