តើ​អតិផរណា​ប៉ះពាល់​ដល់​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​យើង​យ៉ាង​ដូច​ម្តេច​?

ហេតុអ្វីបានជាប្រាក់ខែដដែល ប៉ុន្តែអារម្មណ៍ថា “លុយចាយមិនសូវគ្រប់” ដូចមុន? អ្នកប្រហែលជាធ្លាប់សម្គាល់ឃើញថា កាលពីមុនលុយចំនួន ១០ ម៉ឺនរៀល អាចទិញម្ហូបអាហារ និងរបស់ប្រើប្រាស់បានច្រើនមុខ។ ប៉ុន្តែបន្ទាប់ពីតម្លៃទំនិញ និងសេវាកម្មកើនឡើង លុយចំនួនដដែលនេះអាចទិញរបស់បានតិចជាងមុន។ បាតុភូតនេះជាប់ទាក់ទងយ៉ាងខ្លាំងជាមួយ “អតិផរណា” ។

អតិផរណា គឺជាអ្វី?

និយាយឱ្យងាយយល់ អតិផរណា គឺជាការកើនឡើងជាទូទៅនៃតម្លៃទំនិញ និងសេវាកម្មក្នុងសេដ្ឋកិច្ចមួយតាមពេលវេលា។ នៅពេលតម្លៃកើនឡើង អំណាចទិញរបស់លុយក៏ថយចុះ មានន័យថា លុយចំនួនដដែលអាចទិញរបស់បានតិចជាងមុន។

ឧទាហរណ៍ ប្រសិនបើឆ្នាំមុនអ្នកចំណាយ ២០ម៉ឺនរៀលក្នុងមួយសប្តាហ៍សម្រាប់ម្ហូបអាហារ ប៉ុន្តែឆ្នាំនេះត្រូវចំណាយ២២ ម៉ឺនរៀល ដើម្បីទិញរបស់ប្រហែលដូចគ្នា នោះមានន័យថា ថ្លៃចំណាយរបស់អ្នកបានកើនឡើង។

ប៉ុន្តែមានចំណុចមួយសំខាន់ អតិផរណា និងថ្លៃជីវភាព មិនមែនជារឿងតែមួយទេ។

អតិផរណា គឺវាស់ពីការកើនឡើងជាមធ្យមនៃតម្លៃទំនិញ និងសេវាកម្មជាច្រើនប្រភេទ ខណៈថ្លៃជីវភាព គឺផ្តោតលើថាតើមនុស្សម្នាក់ត្រូវចំណាយប៉ុន្មាន ដើម្បីរក្សាកម្រិតជីវភាពរបស់ខ្លួន ដូចជា អាហារ ផ្ទះសម្បែង ការធ្វើដំណើរ សុខភាព និងចំណាយចាំបាច់ផ្សេងៗ។

តើអតិផរណាធ្វើឱ្យជីវិតប្រចាំថ្ងៃថ្លៃឡើងយ៉ាងដូចម្តេច?

១. ថ្លៃអាហារកាន់តែត្រូវ​ចំណាយច្រើន

នៅពេលថ្លៃដើមផលិត ឬដឹកជញ្ជូនកើនឡើង តម្លៃទំនិញដែលអ្នកទិញនៅផ្សារ ឬហាងអាចកើនឡើងតាម។

ឧទាហរណ៍ ប្រសិនបើតម្លៃប្រេងឥន្ធនៈកើនឡើង ការដឹកជញ្ជូនទំនិញពីកន្លែងផលិតទៅទីផ្សារក៏អាចចំណាយច្រើនឡើង។ ការចំណាយបន្ថែមនេះអាចបន្តប៉ះពាល់ទៅលើតម្លៃទំនិញដែលអ្នកប្រើប្រាស់ត្រូវបង់។

ដូច្នេះ អ្នកអាចមានអារម្មណ៍ថា ទិញរបស់ដដែល ប៉ុន្តែចំណាយលុយច្រើនជាងមុន។

២. ចំណាយលើការធ្វើដំណើរកើនឡើង

ប្រេងឥន្ធនៈគឺជាផ្នែកមួយដែលអាចប៉ះពាល់ដល់ថ្លៃដឹកជញ្ជូន។

ប្រសិនបើថ្លៃប្រេងកើន អ្នកប្រើប្រាស់អាចត្រូវចំណាយច្រើនជាងមុនសម្រាប់ការធ្វើដំណើរ ខណៈ​អាជីវកម្មក៏អាចមានថ្លៃដឹកជញ្ជូនខ្ពស់ជាងមុន។ នៅទីបំផុត វាអាចបន្តប៉ះពាល់ទៅលើតម្លៃទំនិញ និងសេវាកម្មផ្សេងៗ។

៣. ថ្លៃផ្ទះ និងការខ្ចីប្រាក់អាចកាន់តែធ្ងន់

នៅពេលអតិផរណាឡើងខ្ពស់ ធនាគារកណ្តាលអាចប្រើការដំឡើងអត្រាការប្រាក់ ដើម្បីព្យាយាមបន្ថយសម្ពាធអតិផរណា។

នៅពេលអត្រាការប្រាក់កើន ការខ្ចីប្រាក់អាចកាន់តែថ្លៃ រួមទាំងកម្ចីទិញផ្ទះ។ ដូច្នេះ អ្នកដែលចង់ទិញផ្ទះ ឬត្រូវការខ្ចីប្រាក់ អាចត្រូវបង់ការប្រាក់ខ្ពស់ជាងមុន។

នេះមានន័យថា អតិផរណាមិនត្រឹមតែប៉ះពាល់ដល់តម្លៃទំនិញនៅផ្សារទេ ប៉ុន្តែអាចប៉ះពាល់ដល់ ការសម្រេចចិត្តធំៗក្នុងជីវិត ដូចជា ទិញផ្ទះ ទិញរថយន្ត ឬចាប់ផ្តើមអាជីវកម្ម។

បញ្ហាសំខាន់មួយទៀត ប្រាក់ខែរបស់អ្នកកើនទាន់តម្លៃទំនិញឬទេ?​ នេះជាចំណុចដែលអ្នកគួរយល់។

សន្មតថា ប្រាក់ខែរបស់អ្នកកើនពី ១លានរៀល ទៅ ១,១ លានរៀលក្នុងមួយខែ។ មើលទៅដូចជាអ្នករកប្រាក់បានច្រើនជាងមុន។

ប៉ុន្តែ ប្រសិនបើក្នុងពេលជាមួយគ្នា តម្លៃទំនិញ និងសេវាកម្មដែលអ្នកត្រូវចំណាយកើនឡើងលឿនជាងការកើនឡើងនៃប្រាក់ខែ នោះ អំណាចទិញពិតប្រាកដរបស់អ្នកអាចថយចុះ។

និយាយឱ្យខ្លី ប្រាក់ខែកើន មិន​បាន​ជួយ​ជីវភាពប្រសើរឡើងជានិច្ចនោះទេ​។ អ្វីដែលសំខាន់ គឺត្រូវមើលថា ប្រាក់ចំណូលកើនឡើងលឿនជាង ឬយឺតជាងថ្លៃចំណាយរបស់អ្នក។

ហេតុអ្វីគ្រួសារចំណូលទាបអាចរងផលប៉ះពាល់ខ្លាំងជាង?

គ្រួសារដែលមានចំណូលតិច ជាទូទៅត្រូវប្រើប្រាក់ចំណូលមួយភាគធំសម្រាប់តម្រូវការចាំបាច់ ដូចជា អាហារ ការធ្វើដំណើរ ផ្ទះសម្បែង និងវិក្កយបត្រផ្សេងៗ។

នៅពេលតម្លៃរបស់ទាំងនេះកើនឡើង ពួកគេមានលុយសល់តិចជាងមុនសម្រាប់៖

  • សន្សំប្រាក់
  • ការសិក្សា
  • ការកម្សាន្ត
  • ការទិញរបស់ធំៗ
  • ការវិនិយោគ ឬពង្រីកអាជីវកម្ម

ហេតុនេះហើយបានជាអតិផរណាអាចប៉ះពាល់ដល់មនុស្សមិនដូចគ្នាទេ។ មនុស្សម្នាក់ដែលចំណាយប្រាក់ភាគច្រើនលើរបស់ចាំបាច់ អាចមានអារម្មណ៍ពីសម្ពាធថ្លៃជីវភាពខ្លាំងជាងអ្នកដែលមានប្រាក់ចំណូលខ្ពស់ និងមានប្រាក់សល់ច្រើន។

អតិផរណាប៉ះពាល់ដល់ការសន្សំប្រាក់ដែរ

សន្មតថា អ្នកទុកប្រាក់ ១០លានរៀលនៅក្នុងគណនីធនាគារ។ ចំនួនប្រាក់នៅលើគណនីអាចនៅតែ ១០លានរៀល ឬកើនបន្តិចដោយសារការប្រាក់។ ប៉ុន្តែប្រសិនបើតម្លៃទំនិញកើនឡើងលឿនជាងការកើនឡើងនៃប្រាក់របស់អ្នក នោះតម្លៃពិតប្រាកដនៃប្រាក់សន្សំរបស់អ្នកក្នុងន័យអំណាចទិញអាចថយចុះ។ មានន័យថា អ្នកនៅតែមាន១០លានរៀល ប៉ុន្តែ ១០លានរៀលនោះអាចទិញរបស់បានតិចជាងមុន។

តើមានអ្វីកើតឡើងចំពោះការចំណាយប្រចាំថ្ងៃ?

នៅពេលអតិផរណាកើន មនុស្សជាច្រើនអាចចាប់ផ្តើមផ្លាស់ប្តូរទម្លាប់ចំណាយ ដូចជា៖

ទិញម៉ាកដែលមានតម្លៃថោកជាងមុន ប្រៀបធៀបតម្លៃមុនទិញ  កាត់បន្ថយការចំណាយមិនចាំបាច់ ពន្យារពេលទិញរបស់ធំៗ និង​អាច​សន្សំប្រាក់បានតិចជាងមុន។ ការផ្លាស់ប្តូរទាំងនេះគឺជាវិធីដែលគ្រួសារជាច្រើនព្យាយាមរក្សាតុល្យភាពថវិកា នៅពេលថ្លៃជីវភាពកើនឡើង។

តើយើងគួរយល់អ្វីពីអតិផរណា?

អតិផរណាមិនមែនមានន័យថា ទំនិញគ្រប់មុខត្រូវតែឡើងថ្លៃក្នុងអត្រាដូចគ្នានោះទេ។ តម្លៃទំនិញ និងសេវាកម្មនីមួយៗអាចផ្លាស់ប្តូរខុសគ្នា ហើយថ្លៃជីវភាពរបស់មនុស្សម្នាក់ៗក៏អាស្រ័យលើរបៀបរស់នៅ និងកន្លែងដែលពួកគេរស់នៅផងដែរ។

ដូច្នេះ នៅពេលអ្នកឮថា អតិផរណាកើន វាមិនមែនគ្រាន់តែជាពាក្យសេដ្ឋកិច្ចដែលនៅឆ្ងាយពីជីវិតប្រចាំថ្ងៃទេ។

វាអាចមានន័យថា៖

  • ម្ហូបអាហារអាចចំណាយច្រើនជាងមុន។
  • ការធ្វើដំណើរអាចថ្លៃជាងមុន។
  • ការខ្ចីប្រាក់អាចមានតម្លៃខ្ពស់ជាងមុន។
  • ប្រាក់សន្សំអាចមានអំណាចទិញថយចុះ។
  • ហើយប្រសិនបើប្រាក់ចំណូលមិនកើនទាន់ថ្លៃចំណាយ នោះថវិកាគ្រួសារនឹងកាន់តែតឹង។

អតិផរណា គឺជាការកើនឡើងជាទូទៅនៃតម្លៃទំនិញ និងសេវាកម្ម ដែលធ្វើឱ្យអំណាចទិញរបស់លុយថយចុះ។ ផលប៉ះពាល់របស់វាអាចចាប់ផ្តើមពីការទិញម្ហូបប្រចាំថ្ងៃ រហូតដល់ការសន្សំប្រាក់ ការខ្ចីប្រាក់ ការទិញផ្ទះ និងការរៀបចំថវិកាគ្រួសារ។

ហេតុនេះ ការយល់ពីអតិផរណាមានសារៈសំខាន់ ព្រោះវាជួយឱ្យយើងមើលឃើញថា មិនមែនតែចំនួនប្រាក់ដែលយើងរកបានទេដែលសំខាន់ ប៉ុន្តែគឺអ្វីដែលប្រាក់នោះអាចទិញបានផងដែរ៕

ដោយ៖ ចាន់ តារា
ប្រភព៖ Investopedia

អត្ថបទពាក់ព័ន្ធ

- Advertisement -spot_img

អត្ថបទថ្មីៗ