ខេត្តសៀមរាបនឹងរៀបចំព្រឹត្តិការណ៍ «ពន្លឺរាត្រីអង្គរ» ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៦ ដើម្បីបង្ហាញសម្រស់ប្រាសាទបុរាណខ្មែរនាពេលរាត្រី តាមរយៈការរួមបញ្ចូលគ្នារវាងស្ថាបត្យកម្មបុរាណ និងសិល្បៈពន្លឺ ក្នុងគោលបំណងជំរុញការទស្សនាប្រាសាទពេលយប់ និងពង្រីកផលិតផលទេសចរណ៍នៅកម្ពុជា។ នេះបើតាមព័ត៌មានផ្សាយលើហ្វេសប៊ុករបស់ក្រសួងទេសចរណ៍នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រុមការងារអន្តរក្រសួងដើម្បីសម្របសម្រួល និងគាំទ្រវិស័យទេសចរណ៍ភាពយន្ត និងការទស្សនាប្រាសាទនាពេលរាត្រីនៅកម្ពុជា ព្រឹត្តិការណ៍នេះរៀបចំឡើងដោយក្រសួងទេសចរណ៍ សហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រដ្ឋបាលខេត្តសៀមរាប ក្រុមហ៊ុន JTI Cambodia និងផ្នែកពាក់ព័ន្ធ។

ក្រុមការងារបើកឲ្យសាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមទស្សនា និងទទួលយកបទពិសោធន៍ថ្មីក្នុងព្រឹត្តិការណ៍នេះ នៅលើទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាប។
ចំណុចទាក់ទាញសំខាន់នៃព្រឹត្តិការណ៍ «ពន្លឺរាត្រីអង្គរ» គឺការផ្តល់ឱកាសឱ្យភ្ញៀវទេសចរទស្សនាប្រាសាទបុរាណក្នុងបរិយាកាសពេលយប់ ដែលមានលក្ខណៈខុសប្លែកពីការទស្សនានាពេលថ្ងៃ។
តាមរយៈការប្រើប្រាស់ពន្លឺសិល្បៈ ដើម្បីរំលេចសម្រស់ស្ថាបត្យកម្មបុរាណខ្មែរ អ្នកចូលរួមនឹងអាចគយគន់ទស្សនីយភាពប្រាសាទក្នុងបរិយាកាសស្ងប់ស្ងាត់ និងទទួលបានបទពិសោធន៍ទេសចរណ៍មួយបែបថ្មី ទាំងពេលរាត្រី និងពេលទៀបភ្លឺ។
ព្រឹត្តិការណ៍នេះក៏មានគោលបំណងបង្ហាញពីភាពអស្ចារ្យនៃតំបន់បេតិកភណ្ឌពិភពលោករបស់កម្ពុជា និងលើកកម្ពស់កិត្យានុភាពវប្បធម៌ជាតិ ព្រមទាំងផ្សព្វផ្សាយម៉ាកយីហោជាតិទៅកាន់ឆាកអន្តរជាតិ។
ក្រៅពីការបង្ហាញសម្រស់បេតិកភណ្ឌ ព្រឹត្តិការណ៍នេះក៏ត្រូវបានរៀបចំឡើងដើម្បីជួយធ្វើពិពិធកម្មផលិតផលទេសចរណ៍ និងជំរុញសកម្មភាពទេសចរណ៍ពេលយប់នៅកម្ពុជា។
តាមការរំពឹងទុក ការបង្កើតបទពិសោធន៍ទេសចរណ៍ថ្មីៗ អាចជួយបង្កើនរយៈពេលស្នាក់នៅ និងការចំណាយរបស់ភ្ញៀវទេសចរ ព្រមទាំងជួយផ្សព្វផ្សាយពីសុវត្ថិភាព និងភាពសម្បូរបែបនៃផលិតផលទេសចរណ៍ក្នុងស្រុក។
ការកើនឡើងនៃសកម្មភាពទេសចរណ៍ក៏អាចបង្កើតឱកាសសម្រាប់អាជីវកម្ម និងប្រជាពលរដ្ឋក្នុងតំបន់ តាមរយៈការផ្តល់សេវាកម្ម និងផលិតផលផ្សេងៗដល់ភ្ញៀវទេសចរ ដែលជាចំណែកមួយក្នុងការជំរុញសេដ្ឋកិច្ចមូលដ្ឋាន និងសេដ្ឋកិច្ចជាតិ។
អ្នករៀបចំបានលើកឡើងពីទស្សនទានយុទ្ធសាស្ត្រ «ការអភិរក្សបម្រើដល់ការអភិវឌ្ឍ ការអភិវឌ្ឍបម្រើដល់ការអភិរក្ស» ដោយសង្កត់ធ្ងន់លើការរួមបញ្ចូលការអភិរក្សបេតិកភណ្ឌជាមួយការអភិវឌ្ឍវិស័យទេសចរណ៍។
ទីតាំង និងកាលវិភាគ (ថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៦)៖
១. ប្រាសាទអង្គរវត្ត
-ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៦៖ ម៉ោង ១៨:០០ ដល់ ២៤:០០ យប់
-ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៦៖ ម៉ោង ០៣:០០ ដល់ ០៦:០០ ព្រឹក និងម៉ោង ១៨:០០ ដល់ ២៤:០០ យប់
-ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៦៖ ម៉ោង ១៨:០០ ដល់ ២៤:០០ យប់
២. ប្រាសាទបាយ័ន
-ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៦៖ ម៉ោង ០៣:០០ ដល់ ០៦:០០ ព្រឹក និងម៉ោង ១៨:០០ ដល់ ២៤:០០ យប់
៣. ខ្លោងទ្វារទន្លេអុំ
-ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៦៖ ម៉ោង ០៣:០០ ដល់ ០៦:០០ ព្រឹក និងម៉ោង ១៨:០០ ដល់ ២៤:០០ យប់
បញ្ជាក់៖ ការចូលរួមទស្សនាដោយសេរី
ដោយ៖ ចាន់ តារា
ប្រភព៖ ក្រសួងទេសចរណ៍


