ប្រទេសម៉ិកស៊ិកជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនទៀតបានប្រកាសដាក់កំហិតលើការប្រើប្រាស់ទូរស័ព្ទដៃ និងថេប្លេតក្នុងសាលារៀនទូទាំងប្រទេស សម្រាប់សិស្សកម្រិតបឋមសិក្សា និងអនុវិទ្យាល័យ ដោយមិនអនុញ្ញាតឱ្យប្រើប្រាស់ឧបករណ៍ទាំងនេះក្នុងអំឡុងម៉ោងសិក្សា និងពេលសម្រាកឡើយ។ វិធានការថ្មីនេះនឹងចូលជាធរមានចាប់ពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងគោលបំណងលើកកម្ពស់ការផ្តោតអារម្មណ៍ ការសិក្សា សុខភាពផ្លូវចិត្ត និងការអភិវឌ្ឍរបស់កុមារ។
តាមសេចក្តីរាយការណ៍របស់ Reuters ចុះផ្សាយនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum បានប្រកាសថា អាជ្ញាធរអប់រំតាមរដ្ឋនានាបានឯកភាពគ្នាលើវិធានការនេះ បន្ទាប់ពីមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីផលប៉ះពាល់នៃការចំណាយពេលច្រើនលើអេក្រង់ចំពោះកុមារ។

វិធានការនេះអនុវត្តចំពោះប្រព័ន្ធអប់រំសាធារណៈ ដោយកំណត់ការប្រើប្រាស់ទូរស័ព្ទ និងថេប្លេតក្នុងសាលាបឋមសិក្សា និងអនុវិទ្យាល័យ។ ចំណែកសិស្សវិទ្យាល័យ សាលានីមួយៗនឹងកំណត់វិធានផ្ទាល់ខ្លួន ដើម្បីធានាថាការប្រើប្រាស់ឧបករណ៍ឌីជីថលមានសុវត្ថិភាព ទទួលខុសត្រូវ និងបម្រើដល់ការសិក្សា។
លោកស្រី Sheinbaum បានបញ្ជាក់ថា គោលបំណងនៃការដាក់កំហិតនេះ គឺដើម្បីជំរុញការអភិវឌ្ឍសមត្ថភាពគិត និងភាពច្នៃប្រឌិតរបស់កុមារ ព្រមទាំងកាត់បន្ថយការប្រើប្រាស់អេក្រង់ហួសកម្រិត ជាពិសេសការប្រើប្រាស់ដែលពាក់ព័ន្ធនឹងបណ្តាញសង្គម។
ទោះជាយ៉ាងណា ការប្រើប្រាស់ឧបករណ៍ទាំងនេះអាចត្រូវបានអនុញ្ញាតក្នុងករណីចាំបាច់ ដូចជាករណីអាសន្ន ឬសកម្មភាពអប់រំដែលគ្រូបង្រៀនបានរៀបចំទុកជាមុន និងស្ថិតក្រោមការណែនាំរបស់គ្រូ។
រដ្ឋមន្ត្រីក្រសួងអប់រំ លោក Mario Delgado បានលើកឡើងថា កិច្ចព្រមព្រៀងនេះជាជំហានដ៏សំខាន់ក្នុងការការពារសិទ្ធិកុមារ និងយុវជន តាមរយៈការលើកកម្ពស់សុខភាពផ្លូវចិត្ត ការសិក្សា និងការអភិវឌ្ឍជារួម ព្រមទាំងពង្រឹងការយកចិត្តទុកដាក់ ទំនាក់ទំនងរវាងមនុស្ស និងសាមគ្គីភាពក្នុងសហគមន៍។
សម្រាប់កម្រិតឧត្តមសិក្សា រដ្ឋាភិបាលម៉ិកស៊ិកនឹងជំរុញឱ្យសាកលវិទ្យាល័យលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយការទទួលខុសត្រូវ ដោយផ្តោតលើក្រមសីលធម៌ និងការគិតពិចារណាបែបវិភាគ ដើម្បីឱ្យនិស្សិតមានសមត្ថភាពប្រើប្រាស់បច្ចេកវិទ្យាឌីជីថលប្រកបដោយភាពចាស់ទុំ។
ការសម្រេចចិត្តរបស់ម៉ិកស៊ិកនេះ កើតឡើងក្នុងពេលដែលប្រទេសជាច្រើនកំពុងពិចារណាដាក់កំហិតលើការប្រើប្រាស់ទូរស័ព្ទ និងបណ្តាញសង្គមរបស់កុមារ ដោយសារការព្រួយបារម្ភអំពីផលប៉ះពាល់នៃពេលវេលាប្រើប្រាស់អេក្រង់ច្រើនពេក។
ប្រទេសអូស្ត្រាលីបានក្លាយជាប្រទេសដំបូងគេដែលហាមឃាត់កុមារអាយុក្រោម១៦ ឆ្នាំប្រើប្រាស់បណ្តាញសង្គមកាលពីឆ្នាំ២០២៥ ហើយប្រទេសមួយចំនួនទៀតក៏បានចាប់ផ្តើមអនុវត្ត ឬពិចារណាវិធានការស្រដៀងគ្នានេះផងដែរ។ បើតាមអង្គការយូណេស្កូ គិតត្រឹមខែកញ្ញា ឆ្នាំ២០២៦ មានប្រទេសប្រហែល៥៨ភាគរយនៃប្រទេសទូទាំងពិភពលោកបានដាក់ច្បាប់ហាមឃាត់ការប្រើប្រាស់ទូរសព្ទក្នុងសាលារៀន៕


