មោទនភាព​នៃ​វិជ្ជាជីវៈ​ទន្តពេទ្យ​កម្ពុជា​៖ ស្ត្រី​​ខ្លាំង​​ម្នាក់​​ទៀត​​ជា​​អ្នក​​ខេត្ត​បាត់​ដំបង​ ​ក្លាយ​​ជា​​សមាជិក​ទន្តសាស្ត្រ​​នៅ​​អឺរ៉ុប​

អ្នក​បាត់​ដំបង​ម្នាក់​ទៀត​ហើយ​គឺ​លោកស្រី​ទន្តបណ្ឌិត ហេង ស្រីនិច ​ឯកទេស​ពត់​តម្រង់​ធ្មេញ ​និង​ជា​សហស្ថាបនិក​មន្ទីរព្យាបាល​មាត់ធ្មេញ ខ្វលីធូស (Qualitooth Dental Clinic) ​​សម្រេច​បាន​នូវ​សមិទ្ធផល​វិជ្ជាជីវៈ​ទណ្ឌពេទ្យ​ដ៏​មាន​អត្ថន័យមួយ ក្រោយ​លោក​ស្រី​​បាន​ក្លាយ​ជា​សមាជិកភាព​នៃ​សមាគម​ European​ Orthodontic ​Society (EOS) តាំង​ពី​ឆ្នាំ២០២៤ ​រហូត​បច្ចុបន្ឍ។ សមាគម EOS របស់​សហភាព​អឺរ៉ុប​មួយ​នេះ​ជា​គ្រឹះស្ថាន​វិជ្ជាជីវៈ​ផ្នែក​ទន្តសាស្ត្រ​ ដែល​មាន​ប្រវត្តិ​យូរ​អង្វែង​ តាំង​ពី​ឆ្នាំ ១៩០៧ ផ្តោត​សំខាន់​ទៅ​លើ​ការពត់​ តម្រង់​ធ្មេញ​និង​មាន​តួនាទី​ក្នុង​ការ​ជំរុញ​ការ​អប់រំ ការ​ស្រាវជ្រាវ​ ក៏​ដូចជា​ការផ្លាស់​ប្តូរ​ចំណេះដឹង​ក្នុង​វិស័យនេះ។

ទោះ​ជា​មិន​ងាយស្រួលក្នុង​ការ​ក្លាយ​ជា​សមាជិក​របស់ EOS លោក​ស្រី​ ហេង ស្រីនិច ​ដែល​មាន​ដើម​កំណើត​មក​ពី​ខេត្ត​បាត់ដំបង របស់​កម្ពុជា​យើង ទម្រាំ​សម្រេច​បាន​សមិទ្ធផល​នេះ ជា​សមិទ្ធផល​ ជា​ផ្លែផ្កា​ដ៏​សមប្រកប​ពី​ការ​ស្វាធ្យាយ​ការ​សិក្សា រៀនសូត្រ ​រហូត​បោះជំហ៊ាន​ជោគជ័យ​ក្នុង​ដំណើរ​អាជីព​ហើយ​ក៏​ជា​ការអភិវឌ្ឍជំនាញឯកទេស និង​ការ​ភ្ជាប់ទំនាក់ទំនង​ជាមួយ​សហគមន៍​វិជ្ជាជីវៈ​អន្តរជាតិ​ ដ៏​ធំ ​ដោយ​មាន​គោលដៅ​រួមចំណែក​លើក​កម្ពស់​គុណភាព​នៃ​ការព្យាបាល ​និង​​អប់រំ​ និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ផ្នែកទន្តសាស្ត្រ​នៅ​កម្ពុជា​យើង។

មានដើមកំណើតពី​ខេត្តបាត់ដំបង​រហូត ដល់​ការ​សិក្សាឯកទេស​នៅ​អឺរ៉ុប​

មាន​ដើម​កំណើត​ពី​ខេត្ត​បាត់ដំបង លោកស្រី​ទន្តបណ្ឌិត​ ហេង​ ស្រីនិច ​មាន​ឱកាស​បាន​បន្ត​ការសិក្សា​ និង​អភិវឌ្ឍ​សមត្ថភាព​វិជ្ជាជីវៈ រហូត​បាន​បញ្ចប់​ការសិក្សា​ថ្នាក់​អនុបណ្ឌិត​វិទ្យាសាស្ត្រ​ ឯកទេស​ផ្នែក​ពត់​តម្រង់​ធ្មេញ ​(Master of ​Science ​in ​Specialized ​Orthodontics) នៅ​ មហាវិទ្យាល័យ​វេជ្ជសាស្ត្រ​អន្តរជាតិ (International Medical College) ពី​ប្រទេស​អាល្លឺម៉ង់។


ជំនាញ​ឯកទេស​នេះ​បាន​រួមចំណែក​ក្នុង​ការ​ពង្រឹង​មូលដ្ឋាន​ចំណេះដឹង​ និង​ជំនាញ​របស់​លោកស្រី​ក្នុង​ការ​ធ្វើរោគវិនិច្ឆ័យ​ ការរៀបចំ​ផែនការ​ព្យាបាល​ និង​ការដោះស្រាយ​បញ្ហា​ទាក់ទង​នឹង​ការ​លូតលាស់​ឆ្អឹងថ្គាម ​និង​ការ​ពត់កែ​ តម្រង់​ងាំធ្មេញ។

ការអនុវត្ត​វិជ្ជាជីវៈ ​និង​ការបណ្តុះបណ្តាល​អ្នក​ជំនាញ​បន្តវេន

ក្រៅពី​ការ​អនុវត្ត​វិជ្ជាជីវៈ​ព្យាបាល​អ្នកជំងឺ ​លោកស្រីទន្តបណ្ឌិត​ ហេង ​ស្រីនិច​ ក៏​មាន​តួនាទី​ជា​សាស្ត្រាចារ្យ​បណ្ដុះ​បណ្ដាល​និស្សិត​ថ្នាក់​ឯកទេស​ផ្នែក​ពត់​តម្រង់​ធ្មេញ ​(Master of ​Orthodontics)​ នៅ​សាកលវិទ្យាល័យ​អន្តរជាតិ (IU) ដើម្បី​ពង្រឹង​ចំណេះជំនាញ​ប្អូន​ជំនាន់​ក្រោយ​ ហើយ​លោក​ស្រី​ទន្ដបណ្ឌិត ​ក៏​ជា​សហស្ថាបនិក​មន្ទីរព្យាបាល​មាត់ធ្មេញ​ ខ្វលីធូស (Qualitooth Dental Clinic) ផងដែរ។

តាមរយៈ​ការ​ចែករំលែក​ចំណេះដឹង​វិទ្យាសាស្ត្រ ​និង​បទពិសោធន៍​ព្យាបាល​ ព្រមទាំង​លើក​កម្ពស់​ការ​យល់ដឹង​ពី​សារៈសំខាន់​នៃ​ការធ្វើរោគ​វិនិច្ឆ័យ​ឲ្យ​បាន​ត្រឹមត្រូវ​ និង​រៀបចំ​ផែនការ​ព្យាបាល​សមស្រប​សម្រាប់​អ្នក​ជំងឺ​គ្រប់​រូប។

ការរួមបញ្ចូលគ្នារវាងការអប់រំ ការអនុវត្តវិជ្ជាជីវៈ និងការបន្តសិក្សារៀនសូត្រ គឺជាផ្នែកសំខាន់នៃការអភិវឌ្ឍវិស័យទន្តសាស្ត្រ ជាពិសេស ឯកទេសពត់តម្រង់ធ្មេញនៅកម្ពុជា​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​មួយ​កម្រិត​ទៀត។

សារៈសំខាន់​នៃ​សមាជិកភាព​ European ​Orthodontic ​Society​ (EOS)

តើ​សមាជិកភាព European ​Orthodontic ​Society ​(EOS) មាន​សារៈសំខាន់​ប៉ុណ្ណា? សម្រាប់​អ្នក​ជំនាញ​ សមាជិកភាព​នេះ​អាច​ផ្តល់​ឱកាស​ក្នុង​ការ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​សហគមន៍​វិជ្ជាជីវៈ​អន្តរជាតិ​ ស្វែងយល់​ពី​ការវិវត្ត​ថ្មីៗ​ក្នុង​វិស័យ ​និង​ទទួល​បាន​ធនធាន​សម្រាប់​ការអភិវឌ្ឍន៍​វិជ្ជាជីវៈ​ អាស្រ័យ​លើ​ប្រភេទ​សមាជិកភាព ​និង​សិទ្ធិ​ដែល​ពាក់ព័ន្ធ។

ការទទួល​បាន​សិទ្ធិ​ជា​សមាជិកភាព របស់​ ​EOS កាល​ពី​ឆ្នាំ ​២០២៤ ​​ជា​ផ្នែក​មួយ​នៃ​ដំណើរ​អភិវឌ្ឍ​វិជ្ជាជីវៈ​របស់​លោកស្រី​ទន្តបណ្ឌិត ​ហេង ស្រីនិច​ ដែល​ឆ្លុះបញ្ចាំង​ពី​ការបន្ត​ពង្រឹង​ចំណេះដឹង​ និង​ការ​ចូលរួម​ក្នុង​សហគមន៍​អ្នកជំនាញ​អន្តរជាតិ។

ចក្ខុវិស័យ​សម្រាប់​អនាគត​នៃ​ទន្តពេទ្យ​កម្ពុជា

សមិទ្ធផល​វិជ្ជាជីវៈ​មិនមែន​ជា​ចំណុច​បញ្ចប់​នៃ​ការសិក្សា​រៀនសូត្រ​នោះ​ទេ​ តែ​ជា​កម្លាំងចិត្ត​ក្នុង​ការបន្តអភិវឌ្ឍ​សមត្ថភាព បន្ត​ការ​ចែករំលែក​ចំណេះដឹង​ឲ្យ​សកម្ម​ និង​រួមចំណែក​ដល់​ការរីកចម្រើន​នៃ​វិស័យ​ទន្តពេទ្យ​នៅ​កម្ពុជា។ នេះ​ការ​ចក្ខុវិស័យ របស់ ទន្តបណ្ឌិតស្ត្រី មក​ពី​បាត់​ដំបង​រូបនេះ។

“ខ្ញុំ​គិត​ថា​ការ​អភិវឌ្ឍ​ជំនាញ ជា​ការ​រៀនសូត្រមិន​​ចេះ​ចប់…ខ្ញុំ​ជឿ​ថា​ ចំណេះ​បាន​ពី​ការ​សិក្សា​ ការអនុវត្ត ​និង​ការផ្លាស់​ប្តូរ​បទពិសោធន៍​ជាមួយ​សហគមន៍​វិជ្ជាជីវៈ​អន្តរជាតិ​  ពិសេស​ប៉ែក​ខាង​អឺរ៉ុប ដែល​គេ​ខ្លាំង​ស្រាប់ ​គួរ​តែ​យក​មក​ប្រើ ដើម្បី​លើក​កម្ពស់​គុណភាព​នៃ​ការព្យាបាល​ និង​ចែករំលែក​ដល់​អ្នក​ជំនាញ​ជំនាន់​ក្រោយៗ​របស់​កម្ពុជាយើង”។ នេះ​ជា​ការ​ឆ្លុះបញ្ចាំង​ពី​ផ្នត់គំនិត​លោក​ស្រី។
ទោះជា​ការ​ប្រឹងប្រែង​ជា​លំដាប់​មក​ដល់​សព្វថ្ងៃ​នេះ ក៏​ដោយ ក៏​លោ​ស្រី​ទន្តបណ្ឌិត​បាន​លើក​ឡើង​ថា ​លោកស្រី​មាន​បំណង​បន្ត​ពង្រឹង​សមត្ថភាព​វិជ្ជាជីវៈ​បន្ត​ទៀត​មិន​ឈប់​ទ្រឹង​ត្រឹម​នេះ​ទេ តាមរយៈ​ ការ​ចូលរួម​ក្នុង​ការ​អប់រំ​សិក្សា​ស្រាវជ្រាវ​ ព្រមទាំង​រួម​ចំណែក​លើក​កម្ពស់​សេវា​ទន្តពេទ្យ​ដែល​ផ្តោត​លើ​គុណភាព ​សុវត្ថិភាព ​និង​តម្រូវការ​របស់​អ្នក​ជំងឺ​តាម​កម្រិត​នៃ​ស្ថានភាព​ឲ្យ​បាន​ស្ដង់ដារ និង​ត្រឹមត្រូវ​បំផុត។

គុណតម្លៃ​នៃ​ការ​ខិតខំ​សិក្សា​រៀនសូត្រ នឹង​ហុចផល មិន​ត្រឹមតែ​អនាគត​សាម៉ីខ្លួន​ប៉ុណ្ណោះទេ តែ​ជា​ការ​លើក​មុខមាត់​ក្រុមគ្រួសារ និង​សង្គមជាតិ​យើង។

សូម​ចែករំលែ​បន្ត ដើម្បី​អ្នក​បាត់​ដំបង អ្នក​ខេត្ត​ដទៃទៀត ​ដែល​ខិតខំ​យ៉ាងមុះមុត ​និង​កម្ពុជាយើង!

អានអត្ថបទ៖ ស្ត្រី​ទន្តបណ្ឌិតខ្មែរ​តែ​ម្នាក់​បង្ហាញ​បច្ចេកវិទ្យា ​និង​ជំនាញស្ដារ​មាត់​ធ្មេញ​សម័យ​ទំនើប​លើឆាក​អន្តរជាតិ

អត្ថបទពាក់ព័ន្ធ

- Advertisement -spot_img

អត្ថបទថ្មីៗ