មនុស្សភាគច្រើនសម្រេចចិត្តរៀបការឡើង ក៏ព្រោះតែពួកគេស្វែងរក «ដៃគូជីវិត» អមដំណើរមួយជីវិត ដែលអាចបំពេញពិភពលោករបស់ពួកគេដោយក្ដីស្រឡាញ់ ភាពកក់ក្តៅ និងសុភមង្គល។ ប៉ុន្តែនៅក្នុងការពិតនៃការរស់នៅរួមគ្នា ការរក្សាសុខដុមរមនាក្នុងគ្រួសារមិនមែនជារឿងងាយស្រួលនោះឡើយ ប្រសិនបើគ្មានការយោគយល់គ្នានោះ។
សសរទ្រូងដ៏សំខាន់បំផុតមួយដើម្បីកសាងអាពាហ៍ពិពាហ៍រឹងមាំ គឺការទទួលយកគូស្រករតាមបែបបទ និងអត្តសញ្ញាណពិតប្រាកដដែលពួកគេមាន។ មនុស្សម្នាក់ៗកើតចេញពីបរិស្ថាន ជំនឿ លំអានគំនិត មតិ និងទស្សនៈរស់នៅខុសៗគ្នា។ ហេតុនេះ វាជារឿងធម្មជាតិបំផុតដែលគ្មានមនុស្សពីរនាក់គិតដូចគ្នាបេះបិទនោះទេ។អាពាហ៍ពិពាហ៍ គឺជាការរួមបញ្ចូលគ្នានៃជំនឿ និងការគិតពីរខុសគ្នាស្រឡះ។ នៅពេលដែលទស្សនៈមិនដូចគ្នា ការខ្វែងគំនិតគ្នាក្នុងការដោះស្រាយបញ្ហាប្រចាំថ្ងៃក៏កើតមានឡើង ដែលជារឿយៗបង្កើតជាជម្លោះ រកាំរកូស និងអាចទាញទម្លាក់ជីវិតគូឱ្យធ្លាក់ចូលក្នុងភាពសោកសៅបាន។

តើគួរធ្វើបែបណាដើម្បីដោះស្រាយវិបត្តិទាំងនេះ? តើការដេញដោលរកខុសត្រូវ ឬការស្ងប់ស្ងាត់ជាដំណោះស្រាយពិតប្រាកដ?
តាមទស្សនៈនៃការរស់នៅ និងទស្សនវិជ្ជាចរិយាធម៌ លោក Param Pujya Dadashri បានចែករំលែកនូវមធ្យោបាយជាក់ស្តែងមួយចំនួន ដើម្បីចៀសវាងការទាស់ទែង និងកសាងសុភមង្គលអមតៈ៖
- បើកចិត្តទទួលយកភាពខុសគ្នា៖ ឈប់ព្យាយាមផ្លាស់ប្តូរដៃគូឱ្យដូចចិត្តយើង តែត្រូវរៀនសម្របខ្លួន និងទទួលយកចំណុចខ្លាំង-ខ្សោយរបស់ពួកគេ។
- ចេះបត់បែន និងអត់ឱន៖ ការចង់ឈ្នះរៀងៗខ្លួនមានតែបន្ថែមប្រេងលើភ្លើង។ ការផ្លាស់ប្តូរឥរិយាបថមកជាការស្ដាប់ដោយការយោគយល់ គឺជាខែលការពារជម្លោះដ៏មានប្រសិទ្ធភាព។
- អនុវត្តផ្លូវចិត្ត៖ ការប្រកាន់ខ្ជាប់នូវស្មារតីយល់ដឹងពីធម្មជាតិរបស់មនុស្ស និងការរក្សាចិត្តឱ្យស្ងប់ ជួយឱ្យបុគ្គលម្នាក់ៗទទួលយកបទពិសោធន៍នៃក្តីសុខក្សេមក្សាន្ត ក្នុងពេលកំពុងរស់នៅក្នុងជីវិតអាពាហ៍ពិពាហ៍។
ការរក្សាសុភមង្គលក្នុងគ្រួសារមិនមែនជាការរងចាំឱ្យបញ្ហារលត់ទៅដោយឯកឯងនោះទេ ប៉ុន្តែជាការតាំងចិត្តរៀនសូត្រពីវិធីដោះស្រាយជម្លោះរួមគ្នា ដើម្បីជៀសវាងការលែងលះ និងរក្សាប្រភពថាមពលនៃក្ដីស្រឡាញ់ឱ្យស្ថិតស្ថេរជារៀងរហូត៕
ដោយ៖ ម៉ោលី
ប្រភព៖ www.dadabhagwan.org


