សិល្បៈ​នៃ​ការ​ពេញ​ចិត្ត​៖​របៀប​ស្រឡាញ់​អ្វី​ដែល​អ្នក​មាន​​ទោះបី​វា​មិន​ទាន់​ល្អ​ឥតខ្ចោះ​

តើអ្នកធ្លាប់មានអារម្មណ៍ថា សុភមង្គលតែងតែរត់គេចពីអ្នករហូតទេ? យើងតែងតែគិតថា ប្រសិនបើខ្ញុំមានផ្ទះធំជាងនេះ មានការងារល្អជាងនេះ ឬមានអ្វីៗគ្រប់យ៉ាងដូចអ្នកដទៃ នោះខ្ញុំនឹងមានក្តីសុខ។ ប៉ុន្តែយោងតាមការណែនាំពីអ្នកជំនាញ​ ការរង់ចាំឱ្យអ្វីៗគ្រប់យ៉ាង ល្អឥតខ្ចោះ ទើបមានក្តីសុខ គឺជាអន្ទាក់ដែលធ្វើឱ្យយើងបាត់បង់ឱកាសរីករាយនៅពេលបច្ចុប្បន្ន។

ការរៀនពេញចិត្តនឹងអ្វីដែលយើងមាន មិនមែនមានន័យថាឱ្យយើងបោះបង់ការតស៊ូ ឬការអភិវឌ្ឍខ្លួននោះទេ ប៉ុន្តែវាគឺជាការរៀនមើលឃើញពីតម្លៃ​នៃអ្វីដែលមាន​នៅចំពោះមុខ។ នៅពេលដែលអ្នកផ្តោតលើភាពវិជ្ជមានដែលអ្នកមានរួចហើយ វានឹងជួយកាត់បន្ថយការចង់បានហួសហេតុ ដែលនាំឱ្យចិត្តមានទុក្ខ។ ជំនួសឱ្យការប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ សូមសាកល្បងសួរខ្លួនឯងថា តើមានអ្វីខ្លះនៅក្នុងជីវិតរបស់ខ្ញុំ ដែលខ្ញុំមានសំណាងបានទទួល?

ទោះបីជាស្ថានភាពបច្ចុប្បន្នរបស់អ្នកមិនទាន់ល្អតាមចិត្តចង់បាន ក៏វានៅតែមានចំណុចដែលគួរឱ្យគោរព និងដឹងគុណ។ ការទទួលស្គាល់នូវភាពមិនល្អឥតខ្ចោះ គឺជាផ្នែកមួយនៃការរីក​ចម្រើន​។ ភាពមិនល្អឥតខ្ចោះនេះឯង ដែលធ្វើឱ្យជីវិតមានន័យ ហើយផ្តល់ឱ្យយើងនូវមេរៀនដើម្បីរៀនសូត្រ។

ដូច្នេះ សូមកុំរង់ចាំរហូតដល់អ្វីៗគ្រប់យ៉ាងល្អឥតខ្ចោះ ទើបអនុញ្ញាតឱ្យខ្លួនឯងមានក្តីសុខ។ ការពេញចិត្តនឹងអ្វីដែលមាន គឺជាប្រភពនៃកម្លាំងចិត្តដ៏អស្ចារ្យ ដែលនឹងជួយឱ្យអ្នកដើរទៅមុខដោយស្នាមញញឹម៕

ដោយ៖ ចាន់ តារា
ប្រភព៖ Seed Time

Related Articles

- Advertisement -spot_img

Latest Articles