នៅក្នុងសង្គមសម័យទំនើបដែលពោរពេញដោយការប្រកួតប្រជែង ការវាស់វែងតម្លៃរបស់មនុស្សម្នាក់ៗត្រូវបានគេយកទៅភ្ជាប់ជាមួយទ្រព្យសម្បត្តិ ដូចជាផ្ទះវីឡាស្ដុកស្តម្ភ និងរថយន្តទំនើបៗជិះអួតគ្នា។ ជួនកាលសុភមង្គលពិតប្រាកដមិនមែនស្ថិតនៅលើបំណុលវ័ណ្ឌកដើម្បីបំពេញភ្នែកអ្នកដទៃនោះទេ ប៉ុន្តែវាស្ថិតនៅលើការចេះគិតគូរ និងស្កប់ស្កល់។ រឿងរ៉ាវដ៏គួរឱ្យចាប់អារម្មណ៍របស់គូស្វាមីភរិយា មួយគូ ដែលមានប្រាក់ចំណូលត្រឹមតែ ៣១ លានដុង(ប្រហែល១២០០ដុល្លារ) ក្នុងមួយខែ តែអាចសន្សំប្រាក់បានរហូតដល់ ២,៥ ប៊ីលានដុង ទាំងដែលស្នាក់នៅផ្ទះជួល បានក្លាយជាប្រធានបទដ៏ក្តៅគគុក និងជាគំរូដ៏ល្អបំផុតសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុគ្រួសារ។

ស្ថិរភាពគ្រួសារកើតចេញពីការចេះ «ស្កប់ស្កល់»
យោងតាមការរៀបរាប់របស់ភរិយាវ័យ៣៦ឆ្ នាំដែលមានកូនស្រីអាយុ ១១ឆ្នាំក្នុងបន្ទុក ជីវិតគ្រួសាររបស់ពួកគេគឺមានភាពធម្មតាបំផុត ពុំមានទ្រព្យសម្បត្តិស្ដុកស្តម្ភអ្វីឡើយ។ ពួកគេមិនទាន់មានផ្ទះផ្ទាល់ខ្លួន និងគ្មានរថយន្តទំនើបជិះនោះទេ ប៉ុន្តែអ្វីដែលធ្វើឱ្យមហាជននៅលើបណ្តាញសង្គមត្រូវងាកមកកោតសរសើរ គឺទំហំប្រាក់សន្សំដ៏ច្រើនសន្ធឹកសន្ធាប់រហូតដល់ ២,៥ ប៊ីលានដុង(ប្រហែល៩៧ ០០០ដុល្លារ)។ ក្នុងនោះ ប្រាក់ ២ ប៊ីលានគឺជាដើមទុនដែលស្វាមីបានប្រឹងប្រែងសន្សំទុកមុនពេលរៀបការ និង ៥០០ លានដុងទៀត គឺជាញើសឈាមដែលពួកគាត់បានប្រមូលផ្តុំសន្សំម្តងបន្តិចៗរួមគ្នាចាប់តាំងពីថ្ងៃរៀបការមក។
បើប្រៀបធៀបជាមួយមិត្តភក្តិ ឬអ្នកមានអាយុស្មើគ្នា ពួកគេហាក់ដូចជាមានកម្រិតខ្សោយជាងបន្តិចបន្តួចផ្នែកសម្ភារៈនិយមនៅវ័យជិត ៤០ ឆ្នាំនេះក្តី ប៉ុន្តែភរិយារូបនេះបានសង្កត់ធ្ងន់ដោយមោទនភាពថា៖ «មើលទៅគឺខ្ញុំគ្មានអ្វីប្រៀបធៀបនឹងអ្នកណាទេ ហើយក៏គ្មានអ្នកណាមួយដូចយើងឡើយ… ជីវិតគ្រាន់តែត្រូវការដឹងថាភាពគ្រប់គ្រាន់គឺសុភមង្គលហើយ»។
ការគិតបែបនេះបានទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់មតិមហាជន ដោយភាគច្រើនយល់ស្របថា ការរស់នៅដោយចេះស្រុះស្រួលគ្នា និងចេះគ្រប់គ្រាន់ គឺប្រសើរជាងមានលុយស្ដុកស្តម្ភតែត្រូវឈ្លោះប្រកែកគ្នាព្រោះតែសម្ពាធបំណុល។ ដើម្បីកុំឱ្យធ្លាក់ក្នុងអន្លង់នៃភាពតានតឹង និងការប្រៀបធៀបទ្រព្យសម្បត្តិជាមួយអ្នកដទៃ អ្នកជំនាញហិរញ្ញវត្ថុ និងបទពិសោធន៍ជាក់ស្តែងបានផ្ដល់នូវគោលការណ៍សំខាន់ៗចំនួន ៣ យ៉ាងដូចខាងក្រោម៖
១. កុំយកទ្រព្យសម្បត្តិរបស់អ្នកដទៃមកធ្វើជាខ្នាតវាស់ជីវភាពរបស់ខ្លួន
ការឃើញមិត្តភក្តិទិញផ្ទះ មិត្តរួមការងារមានរថយន្តថ្មី ឬការអួតអាងពីការឡើងប្រាក់ខែនៅលើបណ្តាញសង្គម ងាយនឹងធ្វើឱ្យយើងមានអារម្មណ៍ថាខ្លួនឯងកំពុងឈរនៅនឹងថ្កល់។ ប៉ុន្តែការពិតគឺមនុស្សម្នាក់ៗមាន «ចំណុចចេញដំណើរ» និង «ល្បឿន» ផ្សេងគ្នា ខ្លះមានការឧបត្ថម្ភពីគ្រួសារ ឯខ្លះទៀតត្រូវតស៊ូពីបាតដៃទទេដោយខ្លួនឯង។ ជំនួសឱ្យការមើលទ្រព្យអ្នកដទៃ សូមងាកមកផ្ដោតលើការប្រៀបធៀបខ្លួនឯងជាមួយឆ្នាំមុនៗ ថាតើប្រាក់សន្សំបានកើនឡើង ឬបំណុលបានថយចុះកម្រិតណា។
២. កំណត់ឱ្យបានច្បាស់លាស់នូវអ្វីដែលគ្រួសារពិតជាត្រូវការ
ការសម្រេចចិត្តទិញទ្រព្យសម្បត្តិធំដុំដោយសារតែខ្លាចគេបោះបង់ចោល ដូចជាការខ្ចីបុលគេទិញផ្ទះ ឬឡានហួសពីលទ្ធភាពជាក់ស្តែង នឹងក្លាយជា «បន្ទុកដ៏ធ្ងន់» ដល់ហិរញ្ញវត្ថុគ្រួសារ។ មុននឹងសម្រេចចិត្តចំណាយប្រាក់កាសលើរឿងអ្វីមួយ ត្រូវសួរខ្លួនឯងជាមុនសិនថា តើវាជាតម្រូវការចាំបាច់ពិតប្រាកដ ឬគ្រាន់តែដើម្បីបំពេញការរំពឹងទុករបស់អ្នកដទៃ?
៣. ផ្តោតអារម្មណ៍ទៅលើគោលដៅហិរញ្ញវត្ថុផ្ទាល់ខ្លួនជាក់ស្តែង
ការមានគោលដៅច្បាស់លាស់ ដូចជាការកំណត់ទំហំប្រាក់សន្សំប្រចាំឆ្នាំ ការរក្សាមូលនិធិបម្រុងគ្រាអាសន្នឱ្យបានពី ៣ ទៅ ៦ ខែ និងការគ្រប់គ្រងការចំណាយប្រចាំខែឱ្យបានល្អ នឹងជួយឱ្យគ្រួសារមានភាពម្ចាស់ការលើជីវិត។ ហិរញ្ញវត្ថុផ្ទាល់ខ្លួនមិនមែនជាការប្រណាំងប្រជែងគ្នាចូលដល់ទីបញ្ចប់នោះទេ ប៉ុន្តែវាគឺជាឧបករណ៍ជួយឱ្យជីវិតគ្រួសាររស់នៅបានស្រួលជាងមុន ស្ងប់ចិត្ត និងមានសម្ពាធតិចបំផុត៕
ប្រភព៖ kenh14


