បំពង់បឺតក្រដាសត្រូវបានគេផ្សព្វផ្សាយថាជាជម្រើសដែលមិនសូវប៉ះពាល់ដល់បរិស្ថាន និងអាចជួយកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។ ប៉ុន្តែការសិក្សាថ្មីមួយដែលធ្វើឡើងតាមការស្នើសុំរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង បានបង្ហាញថា បំពង់បឺតក្រដាសអាចបង្កផលប៉ះពាល់ដល់បរិស្ថាន និងសុខភាពមនុស្សក្នុងដំណើរការផលិត រហូតដល់ការបោះចោល ខ្ពស់ជាងបំពង់បឺតប្លាស្ទិកធម្មតាក្នុងចំណាត់ថ្នាក់មួយចំនួន។
យោងតាមសារព័ត៌មាន The Korea Herald ចុះផ្សាយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ការសិក្សានេះបានវាយតម្លៃផលប៉ះពាល់នៃបំពង់បឺតចំនួន៤ប្រភេទ រួមមាន បំពង់បឺតប្លាស្ទិកធម្មតា បំពង់បឺតក្រដាស បំពង់បឺតប្លាស្ទិកដែលអាចរលួយតាមធម្មជាតិ និងបំពង់បឺតប៉ូលីអេទីឡែនផលិតពីវត្ថុធាតុដើមជីវសាស្ត្រ (Bio-based Polyethylene ឬ Bio-PE)។

ការសិក្សាបានពិនិត្យលើផលប៉ះពាល់ចំនួន១៦ប្រភេទ ដោយគិតចាប់ពីការផលិតវត្ថុធាតុដើម ការផលិតផលិតផល ការប្រើប្រាស់ រហូតដល់ការចោលសំណល់។
បំពង់បឺតក្រដាសមានពិន្ទុផលប៉ះពាល់ពាក់ព័ន្ធនឹងជំងឺមហារីកខ្ពស់ជាង
លទ្ធផលបានបង្ហាញថា បំពង់បឺតក្រដាសមានសូចនាករផលប៉ះពាល់ពាក់ព័ន្ធនឹងការបង្កជំងឺមហារីកខ្ពស់ជាងបំពង់បឺតប្លាស្ទិកធម្មតា ៦,៣៣ដង។ លើសពីនេះ វាក៏មានផលប៉ះពាល់លើការធ្វើឱ្យបរិស្ថានមានជាតិអាស៊ីត (Acidification) ខ្ពស់ជាងបំពង់បឺតប្លាស្ទិកប្រហែល ២,០៤ដងផងដែរ។
ចំណែកបំពង់បឺតប្លាស្ទិកដែលអាចរលួយតាមធម្មជាតិ មានសូចនាករផលប៉ះពាល់ពាក់ព័ន្ធនឹងជំងឺមហារីកខ្ពស់ជាងប្លាស្ទិកធម្មតា ៣,៣៤ដង។ រីឯបំពង់បឺត Bio-PE ដែលផលិតពីវត្ថុធាតុដើមរុក្ខជាតិ ដូចជាអំពៅ មានសូចនាករនេះខ្ពស់ជាងដល់ទៅ ១៦,១៨ដង។
ទោះជាយ៉ាងណា អ្នកស្រាវជ្រាវបានបញ្ជាក់ថា តួលេខទាំងនេះជាសូចនាករគណនាផ្អែកលើផលប៉ះពាល់ដែលអាចកើតមានពេញមួយវដ្តជីវិតរបស់ផលិតផល មិនមែនមានន័យថា ការប្រើបំពង់បឺតក្រដាសនឹងធ្វើឱ្យអ្នកប្រើប្រាស់ប្រឈមនឹងជំងឺមហារីកដោយផ្ទាល់នោះទេ។
បំពង់បឺតប្លាស្ទិកធម្មតាមានផលប៉ះពាល់ទាបជាងក្នុងប្រភេទជាច្រើន
ការសិក្សាបានរកឃើញថា បំពង់បឺតប្លាស្ទិកធម្មតាមានផលប៉ះពាល់ទាបជាងក្នុងចំណាត់ថ្នាក់ចំនួន១០ ក្នុងចំណោម១៦ប្រភេទ ដែលរួមមាន ការប្រែប្រួលអាកាសធាតុ ការធ្វើឱ្យបរិស្ថានមានជាតិអាស៊ីត ការបង្កើតភាគល្អិតធូលីល្អិតៗ និងផលប៉ះពាល់ពុលដល់សុខភាពមនុស្ស។
ចំណែកបំពង់បឺត Bio-PE មានផលប៉ះពាល់ខ្ពស់បំផុតក្នុងចំណាត់ថ្នាក់ចំនួន១០ រួមមាន ការបំផ្លាញស្រទាប់អូហ្សូន ការធ្វើឱ្យបរិស្ថានមានជាតិអាស៊ីត និងការបង្កើតផ្សែងអ័ព្ទ។ ចំណែកបំពង់បឺតក្រដាសមានផលប៉ះពាល់ខ្ពស់បំផុតក្នុងចំណាត់ថ្នាក់ចំនួន៣ ខណៈបំពង់បឺតប្លាស្ទិកដែលអាចរលួយតាមធម្មជាតិមានចំនួន២។
គួរបញ្ជាក់ថា បំពង់បឺត Bio-PE ទោះបីផលិតពីវត្ថុធាតុដើមកកើតឡើងវិញពីរុក្ខជាតិ ដូចជាអំពៅក៏ដោយ ក៏វាមានរចនាសម្ព័ន្ធគីមីដូចប្លាស្ទិកប៉ូលីអេទីឡែនធម្មតា ហើយមិនអាចរលួយតាមធម្មជាតិបានដូចប្លាស្ទិកប្រភេទដែលអាចរលួយនោះទេ។
បំពង់បឺតគ្រប់ប្រភេទសុទ្ធតែពិបាកកែច្នៃឡើងវិញ
ចំណុចមួយទៀតដែលការសិក្សាបានរកឃើញ គឺបំពង់បឺតគ្រប់ប្រភេទសុទ្ធតែពិបាកកែច្នៃឡើងវិញក្នុងការអនុវត្តជាក់ស្តែង។ មូលហេតុគឺដោយសារបំពង់បឺតមានទំហំតូច ដែលធ្វើឱ្យម៉ាស៊ីននៅតាមកន្លែងបែងចែកសំណល់ពិបាកចាប់យក និងបំបែកចេញពីសំរាមផ្សេងៗ។
លើសពីនេះ ថ្នាំកូត ឬសារធាតុស្អិតដែលប្រើក្នុងការផលិតបំពង់បឺតមួយចំនួន ក៏អាចធ្វើឱ្យដំណើរការកែច្នៃកាន់តែពិបាកផងដែរ។ ដូច្នេះ ទោះបីជាបំពង់បឺតមួយចំនួនត្រូវបានផ្សព្វផ្សាយថាអាចកែច្នៃឡើងវិញបានក៏ដោយ ក៏វាអាចបញ្ចប់នៅក្នុងសំណល់ដែលត្រូវដុតចោលដូចបំពង់បឺតប្លាស្ទិកធម្មតាដែរ។
តើគួរធ្វើដូចម្តេចដើម្បីកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន?
បន្ទាប់ពីការសិក្សានេះ អ្នកស្រាវជ្រាវបានណែនាំឱ្យហាងកាហ្វេ និងភោជនីយដ្ឋានឈប់ផ្តល់បំពង់បឺតប្រើម្តងហើយបោះចោលជាស្វ័យប្រវត្តិ។ ផ្ទុយទៅវិញ គួរផ្តល់ជូនអតិថិជនតែនៅពេលដែលពួកគេស្នើសុំប៉ុណ្ណោះ។
ការណែនាំនេះក៏ស្របនឹងលទ្ធផលស្ទង់មតិលើមនុស្សចំនួន១ ០០១នាក់ ដែលបង្ហាញថា ៥៤,៤ភាគរយគាំទ្រឱ្យហាងផ្តល់បំពង់បឺតតែនៅពេលអតិថិជនស្នើសុំ ខណៈ ៨៧,៥ភាគរយបានបង្ហាញចំណូលចិត្តចំពោះបំពង់បឺតប្លាស្ទិក។
ការសិក្សានេះបង្ហាញថា ការផ្លាស់ប្តូរពីប្លាស្ទិកទៅប្រើសម្ភារៈផ្សេងទៀត មិនមែនតែងតែមានន័យថា ជួយបរិស្ថានបានល្អជាងមុននោះទេ។ អ្វីដែលសំខាន់ជាងនេះ គឺការកាត់បន្ថយការប្រើប្រាស់ផលិតផលប្រើម្តងហើយបោះចោលគ្រប់ប្រភេទ និងជ្រើសរើសប្រើតែអ្វីដែលចាំបាច់។
ដូច្នេះ មធ្យោបាយមួយដែលអាចជួយកាត់បន្ថយសំណល់បាន គឺការមិនប្រើបំពង់បឺត ប្រសិនបើមិនចាំបាច់ ឬប្រើផលិតផលដែលអាចប្រើឡើងវិញបាន ដើម្បីកាត់បន្ថយការបង្កើតសំរាមក្នុងជីវិតប្រចាំថ្ងៃ៕
ដោយ៖ ចាន់ តារា
ប្រភព៖ The Korea Herald


