សមាគមន៍សិស្សនិស្សិតខេមអេដធុរៈកិច្ចអន្តរជាតិ បានរៀបចំកម្មវិធី Business Forum 2026 ក្រោមប្រធានបទ “The Creative Echo”

កាលពីរសៀលថ្ងៃអាទិត្យ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅនេះ​សមាគមន៍សិស្សនិស្សិតខេមអេដធុរៈកិច្ចអន្តរជាតិ បានរៀបចំកម្មវិធី Business Forum 2026 ក្រោមប្រធានបទ “The Creative Echo” ដែលជាវេទិកាចែករំលែកចំណេះដឹង និងបទពិសោធន៍ពីសំណាក់អ្នកជំនាញ និងសហគ្រិនដែលមានសមិទ្ធផលក្នុងវិស័យអាជីវកម្ម និងការច្នៃប្រឌិត ក្រោមការដឹកនាំរបស់លោក យិន ច័ន្ទតារា ប្រធានគម្រោង Business Forum 2026 កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សក្ដានុពលនៃការច្នៃប្រឌិត និង​​​​​​ ការបង្កើតគំនិតថ្មីៗ។

វាគ្មិនដំបូងរបស់គឺកញ្ញា Dav Zalynn (ដែលត្រូវបានស្គាល់ថាជា Dav The Cake) ដែលជាស្ថាបនិក និងអគ្គនាយិកានៃ The Cake by Dav និង Oven Degree ដែលបានមកចែករំលែកដំណើរនៃការប្រែក្លាយគំនិតទៅជាស្នាដៃពិតៗ ក្រោមប្រធានបទ “From Concept To Creation”។ វាគ្មិនទីពីរគឺលោកស្រី Imphan Vanndy ដែលជាអគ្គនាយិកា និងសហស្ថាបនិកនៃ CBVH ។ លោកស្រីបានលើកយកសារៈសំខាន់នៃការរក្សាមរតក៌ និងអត្តសញ្ញាណជាតិក្នុងវិស័យអាជីវកម្មគ្រឿងអលង្ការ តាមរយៈប្រធានបទ “The Heritage in Business”។ វាគ្មិនទីបីគឺលោក Tem Vichetvatana (ដែលត្រូវបានស្គាល់ថាជា M.Megamind) ដែលជាអ្នកបង្កើតមាតិកា និង YouTuber។ លោកបានចែករំលែកអំពីបទពិសោធន៍ និងដំណើរនៃការចាប់ផ្ដើមពីចំណុចសូន្យ ក្រោមប្រធានបទ “The Scratch Holds Everything”។ ជាចុងក្រោយ វាគ្មិនទីបួនគឺលោក Heng Visal ដែលជាសហស្ថាបនិក និងអគ្គនាយកនៃ WeYoung Cambodia ដែលបានមកចែករំលែកអំពីទស្សនៈនៃការហ៊ានបង្ហាញសមត្ថភាព និងបញ្ចេញសំឡេងរបស់ខ្លួនក្នុងវិស័យអាជីវកម្ម ក្រោមប្រធានបទ “Made To Be Loud”។​

សមាគមន៍សិស្សនិស្សិតខេមអេដធុរៈកិច្ចអន្តរជាតិតែងតែទទួលបាននូវការគាំទ្រជាបន្តបន្ទាប់ពីអ្នកស្រី នី មរកត ដែលជាស្ថាបនិកនៃក្លឹប ចាប់តាំងពីជំនាន់ទី ១ រហូតដល់ជំនាន់ទី ១៣ នេះលោកស្រីបានចំណាយពេលវេលាដ៏មានតម្លៃ ក្នុងការចូលរួមផ្ដល់កិត្តិយសនៅក្នងកម្មវិធី​ Business Forum 2026។​ ក្រៅពីវេទិកាចែករំលែកចំណេះដឹង

កម្មវិធីនេះក៏បានបន្ថែមភាពសប្បាយរីករាយតាមរយៈការសម្របសម្រួលកម្មវិធីដោយអ្នកស្រី Tang Gechnice និងការសម្ដែងពីសំណាក់ Performer ទាំងពីររូប គឺលោក San Mameng និងលោក Kerry សម្រាប់ការបង្កើតបរិយាកាសដ៏រីករាយសម្រាប់អ្នកចូលរួមទាំងអស់។

Business Forum 2026 មិនត្រឹមតែជាឱកាសសម្រាប់ការផ្លាស់ប្ដូរចំណេះដឹង និងបទពិសោធន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាវេទិកាដែលជំរុញឱ្យយុវជនហ៊ានគិត ហ៊ានបង្កើត និងហ៊ានបញ្ចេញសំឡេងរបស់ខ្លួន ដើម្បីក្លាយជាផ្នែកមួយនៃការផ្លាស់ប្ដូរនាពេលអនាគត៕

អត្ថបទពាក់ព័ន្ធ

អត្ថបទថ្មីៗ