ការសម្រាកមួយឆ្នាំ៖តើវាជាជម្រើសល្អសម្រាប់អ្នក​ដែលទើបនឹងចប់បាក់ឌុប?

ក្រោយពេលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) យុវជនភាគច្រើនតែងបន្តចូលសាកលវិទ្យាល័យភ្លាមៗ។ ប៉ុន្តែ និន្នាការនៃ “ការសម្រាកមួយឆ្នាំ” ឬ Gap Year កំពុងទទួលបានការចាប់អារម្មណ៍។ ការសម្រេចចិត្តនេះមានទាំងចំណុចវិជ្ជមាន និងបញ្ហាប្រឈមដែលសិស្សានុសិស្សត្រូវពិចារណាឱ្យបានច្បាស់លាស់មុននឹងជ្រើសរើស។

អត្ថប្រយោជន៍នៃការយក Gap Year

  • ស្វែងរកមុខជំនាញពិតប្រាកដ៖ ផ្តល់ពេលវេលាគ្រប់គ្រាន់ដើម្បីស្វែងយល់ពីចំណង់ចំណូលចិត្ត និងទេពកោសល្យរបស់ខ្លួន ជៀសវាងការរៀនខុសជំនាញដែលនាំឱ្យខាតបង់ទាំងថវិកា និងពេលវេលា។
  • ទទួលបានបទពិសោធន៍ការងារ៖ ការធ្វើកម្មសិក្សា (Internship) ឬការងារក្រៅម៉ោង ជួយឱ្យអ្នកស្គាល់បរិយាកាសការងារជាក់ស្តែង និងអភិវឌ្ឍជំនាញទន់ (Soft skills) ដូចជាការទំនាក់ទំនង និងការដោះស្រាយបញ្ហា។
  • ចូលរួមការងារសង្គម៖ ការធ្វើជាអ្នកស្ម័គ្រចិត្តក្នុងអង្គការ ឬសហគមន៍នានា ជួយពង្រីកបណ្តាញទំនាក់ទំនង និងធ្វើឱ្យប្រវត្តិរូប (CV) របស់អ្នកកាន់តែមានភាពលេចធ្លោ។
  • កាត់បន្ថយភាពតានតឹង៖ ជាឱកាសសម្រាកខួរក្បាល និងថែរក្សាសុខភាពផ្លូវចិត្ត បន្ទាប់ពីឆ្លងកាត់ការសិក្សាយ៉ាងតានតឹងអស់រយៈពេល ១២ឆ្នាំ។

បញ្ហាប្រឈមដែលគួរត្រៀមខ្លួន

  • សម្ពាធពីសង្គម និងគ្រួសារ៖ អាណាព្យាបាលភាគច្រើនតែងមានការព្រួយបារម្ភខ្លាចកូនបោះបង់ការសិក្សា ឬដើរយឺតជាងមិត្តភក្តិរួមជំនាន់។
  • បាត់បង់ទម្លាប់សិក្សា៖ បើគ្មានការអានសៀវភៅ ឬស្រាវជ្រាវជាប្រចាំ ការសម្រាកយូរពេកអាចធ្វើឱ្យពិបាកសម្របខ្លួនទៅនឹងការរៀនសូត្រនៅពេលត្រឡប់ចូលថ្នាក់រៀនវិញ។
  • ចំណាយខ្ជះខ្ជាយពេលគ្មានផែនការ៖ បើអ្នកជ្រើសរើស Gap Year ដោយគ្រាន់តែចង់នៅផ្ទះទំនេរ វានឹងក្លាយជាការខ្ជះខ្ជាយពេលវេលាដ៏មានតម្លៃបំផុត។

ដើម្បីឱ្យរយៈពេលមួយឆ្នាំនេះមានន័យ អ្នកមិនគួរសម្រាកដោយគ្មានគោលដៅនោះទេ។ អ្នកគួរបង្កើតកាលវិភាគប្រចាំថ្ងៃឱ្យបានច្បាស់លាស់ ចុះឈ្មោះរៀនវគ្គជំនាញខ្លីៗ (ដូចជាភាសាបរទេស កុំព្យូទ័រ ឬភាពជាអ្នកដឹកនាំ) និងកំណត់ទិសដៅឱ្យបានច្បាស់ថាតើអ្នកនឹងរៀនជំនាញអ្វីពិតប្រាកដបន្ទាប់ពីបញ្ចប់ការសម្រាកនេះ។ ការជ្រើសរើសយក Gap Year គឺជារឿងល្អ ប្រសិនបើអ្នកប្រើប្រាស់ពេលវេលានោះដើម្បីអភិវឌ្ឍខ្លួនឯងជាជាងការគេចវេសពីការសិក្សា៕

អត្ថបទ៖ សែន តុលា
ប្រភព៖ Coursera, Go Abroad

អត្ថបទពាក់ព័ន្ធ

- Advertisement -spot_img

អត្ថបទថ្មីៗ