ក្នុងពេលដែលស្ទើរតែគ្រប់គ្នាមានទូរសព្ទទំនើបក្នុងដៃអាចប្រើប្រាស់អ៊ីនធឺណិត ថតរូប ថតវីដេអូ និងបង្ហោះផ្សាយក្នុងបណ្ដាញសង្គមបានទៀតនោះ បញ្ហាមួយអាចកើតឡើងដែលគ្រប់គ្នាអាចមិនបានចាប់អារម្មណ៍។ បញ្ហានោះគឺការបំពានលើសិទ្ធិលើរូបភាពរបស់បុគ្គលដែលត្រូវបានគាំពារដោយច្បាប់។

តាមច្បាប់គ្មានជនណាមួយអាចយករូបភាព ឬវីដេអូរបស់បុគ្គលណាមួយទៅផ្សព្វផ្សាយដោយគ្មានការអនុញ្ញាតនោះទេ។ បើសិនជាមានករណីបែបនេះកើតមានឡើងទោះម្ចាស់រូបអាចស្នើសុំឲ្យអ្នកបង្ហោះលុបរូបភាព ឬវីដេអូនោះចេញវិញ។ ការថតជាប់នេះមិនសម្ដៅតែលើការថតចំបុគ្គលនោះពេញលេញនោះទេ សូម្បីតែការថតគ្រាន់តែជាប់រូបរបស់យើងដោយអាចសម្កាល់ស្គាល់អត្តសញ្ញាណបាន ក៏យើងអាចស្នើសុំឲ្យអ្នកថតលុបរូបនោះចេញបានដែរ។
បន្ថែមពីនេះបើក្នុងករណីរូបភាពត្រូវបានផ្សព្វផ្សាយហើយយើងក៏មានសិទ្ធិសុំឲ្យអ្នកផ្សាយដករូបភាព ឬវីដេអូនោះចេញវិញដែរ។ បន្ថែមពីនេះបើសិនជាការបង្ហោះផ្សព្វផ្សាយនោះបានធ្វើឲ្យយើងជាម្ចាស់រូបមានផលប៉ះពាល់ ឬខូចប្រយោជន៍ណាមួយ ម្ចាស់រូបអាចទាមទារសំណងលើការខូចខាននោះបាន។
ទាក់ទងនឹងការថតរូបនេះដែរ បើសិនជាការថត ឬលួចថតចេញពីទីតាំងឯកជនរបស់យើងវិញ នោះយើងក៏អាចប្ដឹងអ្នកប្រព្រឹត្តទង្វើនេះទៅតុលាការដើម្បីផន្ទាទាទោសជននោះបាន។ តាមមាត្រា៣០២ នៃក្រមព្រហ្មទណ្ឌ ស្ដីពីបទប៉ះពាល់ដល់សិទ្ធខាងរូបភាពនៃបុគ្គលបានចែងថា៖ «អំពើថតរូបភាពនៃបុគ្គលនៅកន្លែងឯកជន ដោយគ្មានការព្រមព្រៀងពីបុគ្គលនោះទេ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី១ខែទៅ១ឆ្នាំ និងត្រូវពិន័យជាប្រាក់ពី១០ម៉ឺនទៅ២លានរៀល»។ ដោយឡែកក៏កំណត់ដែរថា ត្រូវបានសន្មតថាបានព្រមព្រៀង បើសិនបុគ្គលដែលពាក់ព័ន្ធបានទទួលដំណឹងអំពីការថតហើយ និងមិនបានជំទាស់នោះទេ។
ដូចនេះក្នុងសម័យបណ្ដាញសង្គមនេះ យើងជាម្ចាស់រូប ឬយើងជាអ្នកចូលចិត្តថតរូបបង្ហោះ ត្រូវចាំថាយើងមានសិទ្ធិការពាររូបឯកជនភាពរបស់យើង និងយើងក៏ត្រូវគោរពសិទ្ធិឯកជនភាពរបស់អ្នកដទៃដូចគ្នា៕
ដោយ៖ ចាន់ តារា
ប្រភព៖ Khla Khmao Law


