តើអ្នកដឹងទេថា អាហារកែច្នៃកំប៉ុង នំស្រួយ ឬភេសជ្ជៈផ្អែមៗដែលយើងញ៉ាំជាប្រចាំ អាចកំពុងតែបំផ្លាញខួរក្បាលដោយមិនដឹងខ្លួន? ការសិក្សាស្រាវជ្រាវវេជ្ជសាស្ត្រថ្មីមួយបានរកឃើញថា ការញ៉ាំអាហារកែច្នៃកាន់តែច្រើន មិនត្រឹមតែធ្វើឱ្យឡើងទម្ងន់ ឬប៉ះពាល់ដល់សុខភាពបេះដូងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កឱ្យមានការខូចខាតសរសៃឈាមខួរក្បាលដោយស្ងាត់ៗ និងបង្កើនហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល ទោះជាមិនទាន់ចេញរោគសញ្ញាពីខាងក្រៅក៏ដោយ។

អាហារកែច្នៃ គឺជាអាហារដែលឆ្លងកាត់ការកែច្នៃច្រើនវគ្គ និងមានបន្ថែមសារធាតុគីមីផ្សេងៗដែលមិនសូវមាននៅក្នុងផ្ទះបាយទូទៅឡើយ ដូចជា សារធាតុរក្សាទុកឱ្យបានយូរ សារធាតុបង្កើនក្លិន និងសារធាតុគីមី ជាដើម។ អាហារទាំងនោះរួមមាន ទឹកក្រូចកំប៉ុង ភេសជ្ជៈផ្អែម ដំឡូងបារាំងបំពង នំស្រួយកញ្ចប់ ស្ករគ្រាប់ សាច់ក្រក និងសាច់ក្រៀម ជាដើម។
យោងតាមការសិក្សាដែលបានបោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្តីវេជ្ជសាស្ត្រដ៏ល្បី JAMA Network Open កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០២៦ ដោយក្រុមអ្នកស្រាវជ្រាវនៃវិទ្យាស្ថាន Population Health Research Institute (សាកលវិទ្យាល័យ McMaster University និង Hamilton Health Sciences) បានពិនិត្យមើលលទ្ធផលស្កែន MRI ខួរក្បាលរបស់ប្រជាជនកាណាដាចំនួន ៩ ០០០ នាក់ ដោយមានអាយុពី ៣៥ ដល់ ៦៩ ឆ្នាំ ដែលគ្មានប្រវត្តិជំងឺបេះដូ ដោយក្នុងនោះបានរកឃើញថា អ្នកដែលញ៉ាំអាហារកែច្នៃ ក្នុងកម្រិតខ្ពស់ មានអត្រាប្រឈម ៤០% នៃការខូចខាតក្នុងតំបន់តូចៗនៅក្នុងខួរក្បាល បើប្រៀបធៀបនឹងអ្នកដែលញ៉ាំតិចតួច។ លោក Russell de Souza សាស្ត្រាចារ្យរង និងជាអ្នកដឹកនាំការស្រាវជ្រាវ បានបញ្ជាក់ថា ការខូចខាតដែលឃើញនៅលើ MRI ដូចជាសញ្ញា White Matter Hyperintensities និងការស្ទះសរសៃឈាមខួរក្បាលដោយស្ងាត់ៗ គឺជាសញ្ញាព្រមានបង្កប់ខ្លួនដែលបង្កើនហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល និងការចុះខ្សោយនៃប្រាជ្ញាស្មារតីនាពេលអនាគត។
ក្រៅពីប៉ះពាល់ដល់ខួរក្បាលដោយផ្ទាល់ ការសិក្សានេះក៏បានបង្ហាញពីផលប៉ះពាល់បន្ទាប់បន្សំជាច្រើនទៀតផងដែរ ដោយអ្នកដែលញ៉ាំអាហារកែច្នៃច្រើន មានកម្រិតខ្លាញ់ក្បាលពោះក្រាស់ ដែលខ្លាញ់ប្រភេទនេះបង្កឱ្យមានការរលាក និងការខូចខាតសរសៃឈាមដែលផ្គត់ផ្គង់ទៅខួរក្បាល។ បើចំពោះស្ត្រីដែលញ៉ាំអាហារប្រភេទនេះក្នុងកម្រិតខ្ពស់បំផុត មានអត្រាបង្ហាញសញ្ញាខូចខាតខួរក្បាល កើនឡើងទ្វេដង បើប្រៀបធៀបនឹងស្ត្រីដែលញ៉ាំក្នុងកម្រិតទាបបំផុត។
ដើម្បីការពារខួរក្បាល និងកាត់បន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល អ្នកជំនាញណែនាំឱ្យ កាត់បន្ថយការញ៉ាំអាហារកែច្នៃឱ្យបានច្រើនបំផុត ហើយងាកមកបង្កើនការញ៉ាំ អាហារធម្មជាតិ ដូចជា បន្លែស្រស់ ផ្លែឈើ គ្រាប់ធញ្ញជាតិ និងសាច់ស្រស់ដែលមិនធ្លាប់ឆ្លងកាត់ការកែច្នៃ៕
ប្រភព៖ newsweek.com

