ក្តីស្រមៃចង់បានអត្ថប្រយោជន៍កែសម្ផស្ស និងស្បែកក្មេងជាងវ័យ អាចប្រែក្លាយជាសុបិនអាក្រក់ និងគ្រោះថ្នាក់ដល់ជីវិត ក្នុងមួយប៉ព្រិចភ្នែក ប្រសិនបើអតិថិជនប្រគល់រាងកាយទៅឱ្យគ្លីនិកគ្មានជំនាញ ឬប្រើប្រាស់ផលិតផលគ្មានប្រភពច្បាស់លាស់។
ជាក់ស្តែង ប្រតិបត្តិការចុះឆែកឆេរបង្ក្រាបដ៏ក្តៅគគុកមួយនៅទីក្រុងហុងកុង កំពុងតែធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើល និងព្រួយបារម្ភយ៉ាងខ្លាំង បន្ទាប់ពីអាជ្ញាធរបានរកឃើញការលួចលាក់ប្រើប្រាស់ផលិតផលចាក់បង្កើនសម្រស់ ដែលអះអាងថាមានផ្ទុកសារធាតុកោសិកាទាញចេញពីសពមនុស្ស។ ដើមហេតុនៃព្រឹត្តិការណ៍នេះ បានស្តែងឡើងកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ កន្លងទៅ នៅពេលដែលក្រសួងសុខាភិបាលហុងកុង (DH) បានចាប់ដៃគូជាមួយកងកម្លាំងនគរបាល ចុះប្រតិបត្តិការឆែកឆេរបង្ក្រាបទីតាំងសេវាកម្មថែរក្សាសម្រស់ចំនួន ៤កន្លែង ស្ថិតនៅតំបន់ Tsim Sha Tsui, Mong Kok, Tsuen Wan និង Yuen Long។

ជាលទ្ធផលនៃការចុះបង្ក្រាបនេះ កម្លាំងសមត្ថកិច្ចបានដកហូតដបថ្នាំសង្ស័យជាសារធាតុពុល១សម្រាប់ចាក់ជាង១០០ដប ផលិតផលឱសថសង្ស័យគ្មានការចុះបញ្ជីជាង ៧០ដប ផលិតផលសង្ស័យផ្សំពីស្បែកមនុស្ស ឈ្មោះ Elravie Re2O ចំនួន ២០ដប ដែលមានការវេចខ្ចប់ជាភាសាកូរ៉េ និងមានការអះអាងថាមានផ្ទុកកោសិកាមនុស្ស។ ស្របពេលជាមួយគ្នានេះដែរ ស្ត្រីវ័យ ៣៨ឆ្នាំម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅទីតាំង Mong Kok ពីបទសង្ស័យកាន់កាប់ខុសច្បាប់នូវសារធាតុពុល និងឱសថគ្មានការចុះបញ្ជី ព្រមទាំងប្រឈមនឹងការសង្ស័យធ្វើពាណិជ្ជកម្មខុសច្បាប់លើសរីរាង្គមនុស្សផងដែរ។
ពាក់ព័ន្ធនឹងករណីនេះ លោកវេជ្ជបណ្ឌិត Fung Ying នាយកគ្រប់គ្រងកិច្ចការបទបញ្ញត្តិនៃក្រសួងសុខាភិបាលហុងកុងបានបញ្ជាក់ថា ផលិតផលដែលមានប្រភពចេញពីកោសិកាមនុស្ស ត្រូវតែស្ថិតក្រោមការត្រួតពិនិត្យយ៉ាងម៉ឺងម៉ាត់បំផុត ហើយផលិតផលប្រភេទនេះ ត្រូវបានចាត់ថ្នាក់ជា «ផលិតផលស្ថិតក្រោមការត្រួតពិនិត្យ» ក្រោមកិច្ចព្រមព្រៀងច្បាប់ស្តីពីការប្តូរសរីរាង្គមនុស្ស និងជា «ផលិតផលឱសថ» ក្រោមកិច្ចព្រមព្រៀងច្បាប់ស្តីពីឱសថស្ថាន និងសារធាតុពុល។ ទោះបីជាមានការដាក់ពាក្យសុំការលើកលែង ឬអនុញ្ញាតក៏ដោយ ប៉ុន្តែក្រសួងសុខាភិបាលមិនទាន់បានផ្តល់ការអនុញ្ញាត ឬចុះបញ្ជីផ្លូវការឱ្យផលិតផលនេះចរាចរលើទីផ្សារនៅឡើយទេ។ហើយអ្វីដែលគួរឱ្យព្រួយបារម្ភបំផុតនោះគឺ ផលិតផលនេះ «ខ្វះខាតទិន្នន័យសុវត្ថិភាពគ្លីនិក» ដែលអាចបង្កជាហានិភ័យធ្ងន់ធ្ងរចំពោះសុខភាពសាធារណៈ។
គួរបញ្ជាក់ផងដែរថា ចាប់ពីឆ្នាំ២០២៣ ដល់ខែកញ្ញា ឆ្នាំ២០២៦ នាយកដ្ឋានឱសថហុងកុង បានដោះស្រាយករណីផ្តន្ទាទោសរហូតដល់ ១០៨ករណី ពាក់ព័ន្ធនឹងការលក់ ឬកាន់កាប់ឱសថគ្មានការចុះបញ្ជី ដោយទោសធ្ងន់ធ្ងរបំផុតគឺជាប់ពន្ធនាគារ ១០ខែ និងពិន័យជាប្រាក់រហូតដល់ ២៤២ ០០០ ដុល្លារហុងកុង។
លោកវេជ្ជបណ្ឌិត Fung Ying បានផ្ញើសាររំលឹកទៅកាន់សាធារណជនថា រាល់នីតិវិធីនៃការចាក់ថ្នាំ ឬសារធាតុផ្សេងៗចូលទៅក្នុងរាងកាយ គឺជា «ប្រព្រឹត្តិកម្មវេជ្ជសាស្ត្រ» ដែលទាមទារឱ្យធ្វើឡើងដោយគ្រូពេទ្យ ឬទន្តពេទ្យដែលមានអាជ្ញាបណ្ណ និងបានចុះបញ្ជីត្រឹមត្រូវតែប៉ុណ្ណោះ។
អតិថិជនគ្រប់រូប មិនត្រូវសន្មតថាការចាក់ថ្នាំគ្មានហានិភ័យ ដោយគ្រាន់តែឃើញការផ្សព្វផ្សាយពាណិជ្ជកម្មលម្អៀងថាជាការថែរក្សាសម្រស់នោះឡើយ ហើយចាំបាច់ត្រូវតែផ្ទៀងផ្ទាត់លក្ខណៈសម្បត្តិគ្រូពេទ្យ និងប្រភពផលិតផលឱ្យបានច្បាស់លាស់បំផុត មុននឹងសម្រេចចិត្តទទួលសេវាកម្ម៕
ប្រភព៖ clb.org.hk

