អ្នក​បង្កើតមាតិកាអាមេរិកត្រូវ​បង់​ថ្លៃអាហារ១២ ០០០ដុល្លារនៅជប៉ុន ក្រោម​ហេតុ​ផល​មិន​នឹក​ស្មាន​ដល់​

អ្នកបង្កើតមាតិកា និងជាអ្នកផ្សាយ​ផ្ទាល់​វីដេអូជនជាតិអាមេរិកម្នាក់ ដែលមានឈ្មោះល្បីលើអ៊ីនធឺណិតថា Lacy បានជួបហេតុការណ៍មិននឹកស្មានដល់ ខណៈកំពុងផ្សាយផ្ទាល់ពីភោជនីយដ្ឋានមួយនៅប្រទេសជប៉ុន ដោយទទួលបានវិក្កយបត្រអាហាររហូតដល់ប្រមាណ ១២.០០០ដុល្លារអាមេរិក។

Lacy ដែលមានឈ្មោះពិតថា Nicholas Fosco បានជួបហេតុការណ៍នេះនៅថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២៦ ខណៈកំពុងផ្សាយផ្ទាល់តាមបណ្តាញ Twitch អំពីការទទួលទានអាហារពេលល្ងាចជាមួយដៃគូរបស់ខ្លួននៅប្រទេសជប៉ុន។

តាមព័ត៌មានដែលបានរាយការណ៍ QR កូដ សម្រាប់បញ្ជាទិញអាហារតាមប្រព័ន្ធឌីជីថលរបស់ភោជនីយដ្ឋាន បានបង្ហាញនៅលើកាមេរ៉ាក្នុងអំឡុងពេលផ្សាយផ្ទាល់។ បន្ទាប់មក អ្នកទស្សនាមួយចំនួនបានស្កេនកូដនេះពីចម្ងាយ ហើយបញ្ជាទិញអាហារក្នុងបរិមាណដ៏ច្រើនដោយមិនមានការអនុញ្ញាតពីអ្នកផ្សាយ​ផ្ទាល់​ឡើយ។

នៅពេលបុគ្គលិកភោជនីយដ្ឋានយកវិក្កយបត្រមកឱ្យ Lacy ដែលមិនបានបញ្ជាទិញអាហារទាំងនោះដោយខ្លួនឯង គាត់បានដឹងថាមានបញ្ហាកើតឡើង ហើយបានសម្រេចបិទការផ្សាយផ្ទាល់ ដើម្បីដោះស្រាយស្ថានការណ៍។

នៅថ្ងៃបន្ទាប់ គឺថ្ងៃទី២៩ ខែតុលា លោក Fosco បានបកស្រាយអំពីហេតុការណ៍នេះថា លោកបានសុំទោសដោយផ្ទាល់ទៅកាន់អ្នកគ្រប់គ្រងភោជនីយដ្ឋាន និងបានបង់ប្រាក់វិក្កយបត្រដែលមិនបានរំពឹងទុកចំនួន ១,៦លានយ៉េនជប៉ុន ឬ​ប្រហែល​១២ ០០០​ដុល្លារ​។ លើសពីនេះ លោកក៏បានស្នើឱ្យខាង​ភោជនីដ្ឋានចែករំលែកអាហារដែលបានរៀបចំលើសចំនួននោះទៅកាន់គ្រួសារផ្សេងទៀតដែលកំពុងទទួលទានអាហារនៅក្នុងភោជនីយដ្ឋាន ដើម្បីកុំឱ្យអាហារទាំងនោះខ្ជះខ្ជាយ។

ការទទួលខុសត្រូវ និងទឹកចិត្តគិតគូរដល់អ្នកដទៃរបស់លោក បានធ្វើឱ្យមានការកោតសរសើរយ៉ាងទូលំទូលាយនៅលើបណ្តាញសង្គមជប៉ុន។

ហេតុការណ៍នេះក៏ជាការរំលឹកដល់អ្នកបង្កើតមាតិកា និងអ្នកប្រើប្រាស់បណ្តាញសង្គមអំពីសារៈសំខាន់នៃការការពារព័ត៌មានបញ្ជាទិញ និងប្រព័ន្ធទូទាត់ឌីជីថលពីការប្រើប្រាស់ដោយគ្មានការអនុញ្ញាត ជាពិសេសនៅពេលកំពុងផ្សាយផ្ទាល់ជាសាធារណៈ៕

ដោយ៖ ចាន់ តារា
ប្រភព៖ Japan Daily

អត្ថបទពាក់ព័ន្ធ

- Advertisement -

អត្ថបទថ្មីៗ