តបការអញ្ជើញ ឲ្យចូលរួមជាវាគ្មិនពីកម្ពុជាក្នុងសមាជទន្តសាស្ត្រអន្តរជាតិ IDCMR Congress 2026 លោកស្រីទន្តបណ្ឌិតឯកទេស ជាង ម៉េងជូ សហស្ថាបនិកមន្ទីរព្យាបាលមាត់-ធ្មេញ ខ្វលីធូស ជ្រើសរើសប្រធានបទ The Digital Twin: Integrating Conventional and Digital Prosthodontics ដែលឆ្លុះបញ្ចាំងពីការរួមបញ្ចូលបច្ចេកវិទ្យាឌីជីថល និងជំនាញស្ដារមាត់ធ្មេញ ដើម្បីលើកកម្ពស់ភាពជាក់លាក់ ប្រសិទ្ធភាព និងគុណភាពនៃការព្យាបាលអ្នកជំងឺ ដោយមានការចូលរួមពីសំណាក់អ្នកជំនាញ ផ្នែកមាត់ធ្មេញជាច្រើនប្រទេស នៅឯប្រទេសចិន។
ប្រធានបទ The Digital Twin របស់លោកស្រីទន្តបណ្ឌិតឯកទេស លើឆាកអន្តរជាតិនេះដែរ ជា ការផ្សារភ្ជាប់ការរចនាឌីជីថលទៅនឹងការព្យាបាលជាក់ស្ដែង ដោយប្រើប្រាស់គំរូឌីជីថល ដើម្បីជួយរៀបចំផែនការ ពិនិត្យ និងវាយតម្លៃលទ្ធផលនៃការស្ដារធ្មេញ មុនពេលអនុវត្តការព្យាបាល។ តើដំណើរការនិងដំណាក់កាលនៃការច្របាច់បញ្ចូលបច្ចេកវិទ្យាជាជំនួយនេះដែរ ដំណើរការបែបម៉េច?


សព្វថ្ងៃនេះ មុនសម្រេចចិត្តព្យាបាលមាត់ធ្មេញ ពិសេសលើការស្ដារធ្មេញ អ្នកជម្ងឺ ក៏អាចមើលឃើញពីគម្រូ 3D ដើម្បីឃើញពីសោភ័ណ្ឌភាព ដឹងពីហានិភ័យដែលអាចកើតមានឡើង មុនសម្រេចចិត្តព្យាបាល ឲ្យត្រូវនឹងស្ថានភាពជាក់ស្ដែងបំផុតរបស់អ្នកជំងឺ។
គម្រូ 3D ត្រង់នេះ ជាការរចនាឌីជីថលទៅការសាកល្បងក្នុងមាត់អ្នកជំងឺដំណើរការនេះរួមមានការពិនិត្យ និងប្រមូលទិន្នន័យ ការរចនាទម្រង់ធ្មេញតាមប្រព័ន្ធឌីជីថល ការបង្កើតគំរូសាកល្បងក្នុងមាត់ និងការវាយតម្លៃមុនពេលស្ដារធ្មេញជាស្ថាពរ។
សហស្ថាបនិក មន្ទីរព្យាបាលមាត់-ធ្មេញ ខ្វលីធូស មានឯកទេសផ្នែកបិតប៉ះធ្មេញ និងសោភ័ណភាពជាទន្តសាស្ត្រពីប្រទេសអាល្លឺម៉ង់ ឯកទេសផ្នែកពត់តំរង់ធ្មេញ និងជាគ្រូបង្រៀននៅ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលកម្ពុជា ទន្តបណ្ឌិតឯកទេស ជាង ម៉េងជូ បានពន្យល់ដូច្នេះថា “គម្រូឌីជីថលនេះជាចំណុចយោងរួម ជាការសហកាយ៉ាងល្អររវាងទន្តបណ្ឌិត មន្ទីរពិសោធន៍ទន្តសាស្ត្រ និងអ្នកជំងឺ ដើម្បីឲ្យគ្រប់ភាគី ទាំងអស់ បានឃើញ យល់ និងស្របគំនិតគ្នា មុនសម្រេចចិត្តទទួលការព្យាបាល ដើម្បីសម្រេចបានប្រសិទ្ធិភាពខ្ពស់បំផុត។“


ទន្តបណ្ឌិត ជាង ម៉េងជូ ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ផ្លូវការក្នុង សមាជ IDCMR Congress លើកទី២០ ក្រោមប្រធានបទ បណ្ដាញសកល ទន្ដសាស្ត្រឆ្លាតវៃ ឬ «Smart Dentistry, Global Connectivity» ដែលជាវេទិកាសម្រាប់អ្នកជំនាញទន្តសាស្ត្រផ្លាស់ប្ដូរចំណេះដឹង បទពិសោធន៍ និងការអនុវត្តបច្ចេកវិទ្យាថ្មីៗក្នុងវិស័យមាត់ធ្មេញ រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ នៅសណ្ឋាគារ Yun’an Huidu ទីក្រុងគុនមីង ប្រទេសចិន។






