តើអ្នកធ្លាប់មានក្តីសុបិនដ៏ធំមួយ ប៉ុន្តែត្រូវអ្នកជុំវិញខ្លួននិយាយបង្អាប់ ឬប្រាប់ថា អ្នកមិនអាចធ្វើបាន ដែរឬទេ? ជារឿយៗ យើងតែងតែអនុញ្ញាតឱ្យសំឡេងរបស់អ្នកដទៃ មកជះឥទ្ធិពលលើទស្សនៈវិស័យរបស់ខ្លួនឯង។ ប៉ុន្តែថ្ងៃនេះកញ្ញាចង់ដាស់តឿនអ្នកថា៖ «ក្តីសុបិនគឺជាកម្មសិទ្ធិផ្តាច់មុខរបស់អ្នក។ សរសេរវាឱ្យច្បាស់ កំណត់វាឱ្យជាក់លាក់ ហើយកុំអនុញ្ញាតឱ្យនរណាម្នាក់មកលុបវាចោល ឬធ្វើឱ្យអ្នកបាត់បង់ជំនឿលើវាឱ្យសោះ»។

ការស្រាវជ្រាវចិត្តវិទ្យាបានបង្ហាញថា ការមានគោលដៅច្បាស់លាស់ មិនមែនគ្រាន់តែជាការស្រមៃនោះទេ ប៉ុន្តែវាគឺជាសកម្មភាពបង្កើត “ផែនទី” សម្រាប់ខួរក្បាល។ អ្នកជំនាញខាងចិត្តវិទ្យាស្ថា បានរកឃើញថា មនុស្សដែលមានគោលដៅច្បាស់លាស់ និងប្រកបដោយភាពតស៊ូ មានសមត្ថភាពខ្ពស់ក្នុងការបង្កើនការផ្តោតអារម្មណ៍ និងធ្វើកិច្ចការ។ អ្នកជំនាញពន្យល់ថា នៅពេលដែលគោលដៅរបស់អ្នកត្រូវបានកំណត់ជាលាយលក្ខណ៍អក្សរ វាជួយឱ្យខួរក្បាលអ្នកចងចាំ និងរក្សាការលើកទឹកចិត្តបានយូរអង្វែង ទោះបីជាជួបឧបសគ្គយ៉ាងណាក៏ដោយ។
នៅពេលអ្នកអនុញ្ញាតឱ្យនរណាម្នាក់និយាយថា វាលំបាកពេក ឬ វាមិនអាចទៅរួច នោះអ្នកកំពុងតែប្រគល់សិទ្ធិសម្រេចចិត្តលើជីវិតអ្នកទៅឱ្យពួកគេ។ ក្តីសុបិនរបស់អ្នក មិនមែនសម្រាប់ឱ្យអ្នកដទៃយល់ស្របជាមួយអ្នកនោះទេ ប៉ុន្តែវាសម្រាប់ឱ្យអ្នកដើរឆ្ពោះទៅរកវា។ ការច្បាស់លាស់ជាមួយខ្លួនឯង គឺជាខែលដ៏រឹងមាំបំផុតដើម្បីការពារអ្នកពីភាពស្ទាក់ស្ទើរ។
ដូច្នេះ ចាប់ពីថ្ងៃនេះតទៅ សូមយកសៀវភៅមកកត់ត្រាក្តីសុបិនរបស់អ្នកឱ្យច្បាស់លាស់។ កុំឱ្យការរិះគន់របស់នរណាម្នាក់ មកធ្វើជាជ័រលុបមកលុបក្តីសុបិនរបស់អ្នក។ អ្នកគឺជាអ្នកនិពន្ធនៃរឿងរ៉ាវជីវិតរបស់អ្នកផ្ទាល់។ សូមបន្តដើរទៅមុខដោយក្តីមោទនភាព៕
ដោយ៖ ចាន់ តារា
ប្រភព៖ Keep Your Dream Alive


