ការគេងមិនស្កប់ល្អតែមួយយប់ អាចប៉ះពាល់ដល់ខួរក្បាលច្រើន​ថ្ងៃ

មនុស្សជាច្រើនប្រហែលជាគិតថា ការគេងមិនបានល្អតែមួយយប់ អាចស្តារឡើងវិញបានដោយគ្រាន់តែចូលគេងឱ្យបានមុនម៉ោងក្នុងប៉ុន្មានយប់បន្ទាប់។ ប៉ុន្តែការស្រាវជ្រាវថ្មីមួយបានបង្ហាញថា ឥទ្ធិពលនៃទម្លាប់រស់នៅប្រចាំថ្ងៃ រួមទាំងការគេង អាចបន្តជះឥទ្ធិពលដល់មុខងារខួរក្បាលរយៈពេលជាច្រើនថ្ងៃ ឬសូម្បីតែច្រើនសប្តាហ៍។

ការសិក្សារយៈពេល១៩សប្តាហ៍ ដែលធ្វើឡើងដោយអ្នកស្រាវជ្រាវ Ana María Triana មកពីសាកលវិទ្យាល័យ Aalto ប្រទេសហ្វាំងឡង់ បានតាមដានសកម្មភាពប្រចាំថ្ងៃរបស់អ្នក​ចូល​រួម​ ដើម្បីស្វែងយល់ថា តើបទពិសោធន៍ក្នុងជីវិតប្រចាំថ្ងៃមានឥទ្ធិពលយ៉ាងដូចម្តេចទៅលើមុខងារខួរក្បាលក្នុងរយៈពេលវែង។

ការសិក្សានេះបានប្រើប្រាស់ឧបករណ៍ពាក់តាមខ្លួន និងការស្កេនខួរក្បាលដោយបច្ចេកវិទ្យា Functional Magnetic Resonance Imaging (fMRI) ដើម្បីតាមដានទិន្នន័យមួយចំនួន រួមមាន ចង្វាក់បេះដូង សកម្មភាពរាងកាយ ការគេង និងការតភ្ជាប់ទំនាក់ទំនងរវាងតំបន់ផ្សេងៗក្នុងខួរក្បាល។

ខួរក្បាលមិនតែងតែរងឥទ្ធិពលភ្លាមៗនោះទេ

ចំណុចគួរឱ្យចាប់អារម្មណ៍នៃការសិក្សានេះ គឺការឆ្លើយតបរបស់ខួរក្បាលចំពោះសកម្មភាពប្រចាំថ្ងៃ មិនតែងតែកើតឡើងភ្លាមៗនោះទេ។ អ្នកស្រាវជ្រាវបានរកឃើញលំនាំនៃការផ្លាស់ប្តូរចំនួន២ប្រភេទ។

លំនាំទី១ គឺការផ្លាស់ប្តូររយៈពេលខ្លី ដែលអាចបន្តមានឥទ្ធិពលរហូតដល់មួយសប្តាហ៍។ ចំណែកលំនាំទី២ គឺការផ្លាស់ប្តូរដែលកើតឡើងយឺតជាង ប៉ុន្តែអាចបន្តមានឥទ្ធិពលរហូតដល់១៥ថ្ងៃ។

លទ្ធផលនេះបង្ហាញថា ឥទ្ធិពលនៃបទពិសោធន៍ប្រចាំថ្ងៃលើខួរក្បាល អាចមានរយៈពេលយូរជាងអ្វីដែលមនុស្សជាច្រើនធ្លាប់គិត។

ការគេងមិនគ្រប់គ្រាន់អាចប៉ះពាល់ដល់ការចងចាំ និងការផ្តោតអារម្មណ៍

ការសិក្សាបានបង្ហាញថា ការគេងមិនបានល្អអាចមានឥទ្ធិពលបន្តទៅលើមុខងារខួរក្បាល ដូចជាការចងចាំ និងការផ្តោតអារម្មណ៍។ នេះមានន័យថា ទោះបីជាមនុស្សម្នាក់បានគេងលក់ស្រួលនៅយប់បន្ទាប់ក៏ដោយ ក៏ឥទ្ធិពលពីការគេងមិនល្អមុននេះអាចមិនបាត់ទៅភ្លាមៗនោះទេ។

លើសពីនេះ ការសិក្សាក៏បានរកឃើញទំនាក់ទំនងរវាងសកម្មភាពរាងកាយ និងការផ្លាស់ប្តូររយៈពេលវែងលើអារម្មណ៍ និងសមត្ថភាពគិតផងដែរ។ ចំណែកការប្រែប្រួលចង្វាក់បេះដូង ដែលអាចឆ្លុះបញ្ចាំងពីការប្រែប្រួលចន្លោះពេលរវាងចង្វាក់បេះដូងមួយទៅមួយ ក៏មានទំនាក់ទំនងជាមួយការប្រាស្រ័យទាក់ទងរវាងតំបន់ផ្សេងៗក្នុងខួរក្បាលដែរ។

បច្ចេកវិទ្យាថ្មីជួយស្វែងយល់ពីទំនាក់ទំនងរវាងជីវិតប្រចាំថ្ងៃ និងខួរក្បាល

ការប្រើប្រាស់ឧបករណ៍ពាក់តាមខ្លួន រួមជាមួយការស្កេនខួរក្បាល បានផ្តល់ឱកាសឱ្យអ្នកស្រាវជ្រាវស្វែងយល់កាន់តែច្បាស់អំពីរបៀបដែលសកម្មភាពប្រចាំថ្ងៃអាចជះឥទ្ធិពលដល់មុខងារខួរក្បាលតាមពេលវេលា។

ការសិក្សានេះក៏បង្ហាញថា ការគេង សកម្មភាពរាងកាយ និងសុខភាពបេះដូង មិនមែនជាកត្តាដាច់ដោយឡែកពីគ្នានោះទេ ប៉ុន្តែអាចមានទំនាក់ទំនងជាមួយដំណើរការរបស់ខួរក្បាល។

សម្រាប់ការរស់នៅប្រចាំថ្ងៃ លទ្ធផលនេះរំឭកឱ្យយើងយកចិត្តទុកដាក់លើទម្លាប់នៃការគេងឱ្យបានទៀងទាត់ ការធ្វើសកម្មភាពរាងកាយ និងការថែរក្សាសុខភាពទូទៅ។ មិនគួររង់ចាំរហូតដល់មានអារម្មណ៍អស់កម្លាំង ឬពិបាកផ្តោតអារម្មណ៍ ទើបចាប់ផ្តើមកែប្រែទម្លាប់រស់នៅនោះទេ។

ទោះជាយ៉ាងណា ការសិក្សានេះជាការតាមដានបុគ្គលម្នាក់ក្នុងរយៈពេល១៩សប្តាហ៍ ដូច្នេះវាមិនទាន់អាចបញ្ជាក់ថា ការគេងមិនល្អតែមួយយប់នឹងប៉ះពាល់ដល់ខួរក្បាលមនុស្សគ្រប់រូបរយៈពេល១៥ថ្ងៃនោះទេ។ វាបង្ហាញពីទំនាក់ទំនងដែលគួរឱ្យចាប់អារម្មណ៍ និងជួយបើកផ្លូវសម្រាប់ការស្រាវជ្រាវបន្ថែមអំពីរបៀបដែលទម្លាប់ប្រចាំថ្ងៃប៉ះពាល់ដល់ខួរក្បាលក្នុងរយៈពេលវែង៕

ដោយ៖ ចាន់ តារា
ប្រភព៖ ScienceKonek

អត្ថបទពាក់ព័ន្ធ

អត្ថបទថ្មីៗ