ការសិក្សាថ្មីមួយដែលចុះផ្សាយក្នុងទស្សនាវដ្តីវេជ្ជសាស្ត្រ JAMA Pediatrics បានរកឃើញថា កុមារដែលចំណាយពេលមើលទូរសព្ទដៃ ថេប្លេត និងឧបករណ៍ឌីជីថលផ្សេងៗច្រើន មានទំនាក់ទំនងនឹងលទ្ធផលអភិវឌ្ឍន៍មិនសូវល្អក្នុងផ្នែកការសិក្សា ភាសា អាកប្បកិរិយា និងសុខភាពផ្លូវចិត្ត។
ការសិក្សានេះបានពិនិត្យឡើងវិញនូវលទ្ធផលស្រាវជ្រាវចំនួន ២៣ ដែលពាក់ព័ន្ធនឹងកុមារ និងយុវជនអាយុក្រោម ១៨ ឆ្នាំ សរុបប្រមាណ ២,៨ លាននាក់មកពី៦៤ ប្រទេស ដើម្បីស្វែងយល់ពីទំនាក់ទំនងរវាងការប្រើប្រាស់អេក្រង់ និងការអភិវឌ្ឍរបស់កុមារ។

អ្នកស្រាវជ្រាវបានរកឃើញថា ការប្រើប្រាស់អេក្រង់ច្រើនមានទំនាក់ទំនងនឹងសមត្ថភាពសិក្សា និងការអភិវឌ្ឍភាសាទាបជាងមុន ព្រមទាំងបញ្ហាអាកប្បកិរិយា ការគ្រប់គ្រងអារម្មណ៍ និងទំនាក់ទំនងជាមួយមិត្តភក្តិ។ ទោះជាយ៉ាងណា ទំនាក់ទំនងទាំងនេះភាគច្រើនមានកម្រិតតិចតួច។
មិនមានន័យថា ការប្រើប្រាស់អេក្រង់សុទ្ធតែអាក្រក់នោះទេ
លោកស្រី Sheri Madigan សាស្ត្រាចារ្យផ្នែកចិត្តវិទ្យានៅសាកលវិទ្យាល័យ Calgary ប្រទេសកាណាដា និងជាអ្នកស្រាវជ្រាវជាន់ខ្ពស់ក្នុងការសិក្សានេះ បានពន្យល់ថា បច្ចេកវិទ្យាឌីជីថលអាចជួយគាំទ្រដល់ការរៀនសូត្រ ភាពច្នៃប្រឌិត និងការទំនាក់ទំនងរបស់កុមារ ប៉ុន្តែការប្រើប្រាស់ហួសកម្រិតអាចរំខានដល់សកម្មភាពសំខាន់ៗដែលកុមារត្រូវការសម្រាប់ការលូតលាស់ ដូចជា ការគេង ការហាត់ប្រាណ ការលេង និងការប្រាស្រ័យទាក់ទងផ្ទាល់ជាមួយមនុស្សជុំវិញខ្លួន។
លោកស្រីបានណែនាំឱ្យឪពុកម្តាយចាប់ផ្តើមពីការកំណត់ពេលវេលាដែលគ្រួសារមិនប្រើឧបករណ៍អេឡិចត្រូនិក ដូចជាពេលទទួលទានអាហាររួមគ្នា ដើម្បីបង្កើនការប្រាស្រ័យទាក់ទង និងទំនាក់ទំនងក្នុងគ្រួសារ។
ទោះជាយ៉ាងណា អ្នកស្រាវជ្រាវក៏បានបញ្ជាក់ថា ការសិក្សានេះបង្ហាញពីទំនាក់ទំនងរវាងការប្រើប្រាស់អេក្រង់ និងលទ្ធផលអភិវឌ្ឍន៍របស់កុមារប៉ុណ្ណោះ មិនអាចបញ្ជាក់ថាការប្រើប្រាស់អេក្រង់ជាមូលហេតុផ្ទាល់ដែលបង្កឱ្យមានបញ្ហាទាំងនោះឡើយ។ ក៏អាចមានលទ្ធភាពដែលកុមារដែលកំពុងជួបការលំបាកផ្នែកអារម្មណ៍ ឬការអភិវឌ្ឍ ងាកទៅប្រើប្រាស់អេក្រង់កាន់តែច្រើនផងដែរ។
អ្នកជំនាញបានលើកឡើងថា ការស្រាវជ្រាវបន្ថែមនៅតែចាំបាច់ ដើម្បីស្វែងយល់ថា តើកុមារប្រភេទណាដែលរងឥទ្ធិពលខ្លាំងជាងគេ និងតើការប្រើប្រាស់បច្ចេកវិទ្យាបែបណាដែលអាចប៉ះពាល់ដល់ការអភិវឌ្ឍរបស់ពួកគេ។
ការសិក្សានេះបង្ហាញពីសារៈសំខាន់នៃការប្រើប្រាស់ឧបករណ៍ឌីជីថលឱ្យមានតុល្យភាព ដោយមិនចាំបាច់ហាមឃាត់កុមារទាំងស្រុងពីបច្ចេកវិទ្យានោះទេ ប៉ុន្តែត្រូវធានាថា ពេលវេលាមើលអេក្រង់មិនជំនួសសកម្មភាពសំខាន់ៗសម្រាប់ការលូតលាស់ទាំងផ្នែករាងកាយ បញ្ញា និងអារម្មណ៍របស់ពួកគេឡើយ៕
ដោយ៖ ចាន់ តារា
ប្រភព៖ CNN / JAMA Pediatrics


