ហេតុអ្វី​​គួរ​​រៀន​​មុខ​វិជ្ជាទីផ្សារ​ឌីជីថល និង​ទំនាក់ទំនង​?​

តើប្អូនៗចូលចិត្តលេងបណ្តាញសង្គម ចូលចិត្តតាមដាននិន្នាការថ្មីៗ និងមានទេពកោសល្យខាងការនិយាយស្តី ឬការសរសេរមែនទេ?

ប្រសិនបើប្អូនៗទើបតែប្រឡងបញ្ចាប់​ថ្នាក់ទី១២ ហើយកំពុងស្វែងរកជំនាញដែលពោរពេញដោយថាមពល ទំនាក់ទំនង និងការច្នៃប្រឌិត មុខវិជ្ជា «Digital Marketing & Communication» ឬជំនាញទីផ្សារឌីជីថល និងការទំនាក់ទំនង គឺជាជម្រើសដ៏ស័ក្តិសមបំផុតមួយ​សម្រាប់ប្អូនៗ។

ចូលរៀនជំនាញនេះ ប្អូនៗនឹងបានស្វែងយល់ពីរបៀបភ្ជាប់ទំនាក់ទំនងរវាងផលិតផល ឬសេវាកម្ម ទៅកាន់អតិថិជនតាមរយៈប្រព័ន្ធអនឡាញ។ ការសិក្សានឹងផ្តោតលើ៖

  • យុទ្ធសាស្ត្រទីផ្សារឌីជីថល៖ ការរៀបចំផែនការផ្សព្វផ្សាយ ការធ្វើទីផ្សារតាមប្រព័ន្ធបណ្ដាញ​សង្គម និងការផ្សាយពាណិជ្ជកម្មចំគោលដៅ។
  • សិល្បៈនៃការទំនាក់ទំនង និងការបង្កើតមាតិកា៖ រៀនពីរបៀបសរសេរខ្លឹមសារទាក់ទាញ ការផលិតវីដេអូខ្លីៗ និងការកសាងកេរ្តិ៍ឈ្មោះម៉ាកយីហោ។
  • ការវិភាគអាកប្បកិរិយាអតិថិជន៖ ការស្វែងយល់ពីតម្រូវការទីផ្សារ ការអានទិន្នន័យ និងការដោះស្រាយបញ្ហាក្នុងការប្រាស្រ័យទាក់ទង។

និយាយរួមទៅ គឺរៀនពីរបៀប «ប្រើប្រាស់ពាក្យសម្ដី គំនិតច្នៃប្រឌិត និងបច្ចេកវិទ្យា ដើម្បីទាក់ទាញចិត្តអតិថិជន និងជំរុញការលក់»។


រៀនចប់បានជំនាញអ្វី និងឱកាសការងារអ្វីខ្លះ? រៀនចប់ ២ ឬ ៤ឆ្នាំខាងមុខ ប្អូនៗនឹងក្លាយជាអ្នកជំនាញដែលមានសមត្ថភាពខ្ពស់ទាំងផ្នែកទំនាក់ទំនង និងយុទ្ធសាស្ត្រអាជីវកម្ម។

ចំណែកឯឱកាសការងារក្នុងសម័យកាលឌីជីថលនេះ គឺមានច្រើនសន្ធឹកសន្ធាប់ណាស់ដែរ​ ព្រោះគ្រប់ក្រុមហ៊ុន ហាង និងអង្គការជា​ច្រើន​សុទ្ធតែត្រូវការអ្នកជំនាញផ្នែកនេះ។ ប្អូនៗ​​​អាចធ្វើជាអ្នកជំនាញទីផ្សារឌីជីថលឬអ្នកគ្រប់គ្រងបណ្តាញសង្គម។ ឬធ្វើ​ជាអ្នកបង្កើតមាតិកា ឬអ្នកឯកទេសទំនាក់ទំនងសាធារណៈ។ មួយ​វិញទៀត​ក៏​អាច​ជាអ្នករៀបចំយុទ្ធនាការផ្សព្វផ្សាយពាណិជ្ជកម្មឱ្យក្រុមហ៊ុនធំៗ ឬទីភ្នាក់ងារផ្សព្វផ្សាយ។ បន្ថែមពីនេះ​ឬក៏អាចបើកអាជីវកម្មអនឡាញផ្ទាល់ខ្លួន ដោយមានជំនាញច្បាស់លាស់ក្នុងការទាក់ទាញអតិថិជន។

បើសិនជាប្អូនៗចូលចិត្តភាពរស់រវើក ការជួបប្រាស្រ័យទាក់ទង និងចង់ក្លាយជាអ្នកដឹកនាំការផ្សព្វផ្សាយសម័យថ្មី អាចពិចារណា​ជ្រើសរើស «Digital Marketing & Communication»។

សូមសម្រេចចិត្តដោយជឿជាក់លើខ្លួនឯង ហើយត្រៀមខ្លួនបោះជំហានចូលថ្នាក់ឧត្តមសិក្សាដើម្បីចាប់យកអនាគតដ៏ភ្លឺស្វាងទាំងអស់គ្នា៕

ដោយ៖ ចាន់ តារា
ប្រភព៖ West Virginia University

អត្ថបទពាក់ព័ន្ធ

- Advertisement -spot_img

អត្ថបទថ្មីៗ