ក្រុមហ៊ុន Pinex Agro កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ បានប្រកាសថា ខ្លួនបានទទួលវិញ្ញាបនបត្រ HACCP (Hazard Analysis and Critical Control Point) Clean Hygiene Standard Quality ពីក្រុមហ៊ុន Control Union ដែលជាស្ថាប័នផ្តល់សេវាត្រួតពិនិត្យ និងវិញ្ញាបនបត្រស្តង់ដារអន្តរជាតិ។

វិញ្ញាបនបត្រនេះគ្របដណ្តប់លើខ្សែសង្វាក់ផលិតកម្មរបស់ក្រុមហ៊ុនទាំងមូល ចាប់ពី វត្ថុធាតុដើម ផលិតផលពាក់កណ្តាលសម្រេច រហូតដល់ផលិតផលសម្រេច។ ការទទួលបានវិញ្ញាបនបត្រនេះត្រូវបានចាត់ទុកថា ជាជំហានសំខាន់មួយទៀតក្នុងការពង្រឹងស្តង់ដារអនាម័យ និងសុវត្ថិភាពក្នុងដំណើរការផលិតរបស់ Pinex Agro។

HACCP មានសារៈសំខាន់យ៉ាងដូចម្តេច?
HACCP គឺជាប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពចំណីអាហារ ដែលផ្តោតលើការកំណត់អត្តសញ្ញាណ និងការគ្រប់គ្រងហានិភ័យដែលអាចប៉ះពាល់ដល់សុវត្ថិភាពផលិតផល នៅគ្រប់ដំណាក់កាលនៃការផលិត។
សម្រាប់ក្រុមហ៊ុនផលិត ឬកែច្នៃចំណីអាហារ ការអនុវត្ត HACCP មានសារៈសំខាន់ ព្រោះវាជួយឱ្យក្រុមហ៊ុន៖
- កាត់បន្ថយហានិភ័យសុវត្ថិភាពចំណីអាហារ ដោយកំណត់ចំណុចដែលអាចកើតមានហានិភ័យ និងគ្រប់គ្រងវាជាមុន។
- ពង្រឹងអនាម័យក្នុងរោងចក្រ និងដំណើរការផលិត ចាប់ពីការទទួលវត្ថុធាតុដើម រហូតដល់ការវេចខ្ចប់ និងរក្សាទុកផលិតផល។
- បង្កើនទំនុកចិត្តរបស់អតិថិជន និងដៃគូអាជីវកម្ម ព្រោះផលិតផលត្រូវបានផលិតតាមប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពដែលមានលក្ខណៈជាប្រព័ន្ធ។
- ជួយសម្រួលដល់ការចូលទីផ្សារអន្តរជាតិ ដោយសារអ្នកទិញ និងដៃគូអាជីវកម្មនៅទីផ្សារមួយចំនួនផ្តោតសំខាន់លើស្តង់ដារសុវត្ថិភាពចំណីអាហារ។
- ធ្វើឱ្យប្រព័ន្ធផលិតកម្មមានការគ្រប់គ្រងកាន់តែច្បាស់លាស់ តាមរយៈការកំណត់នីតិវិធី ការត្រួតពិនិត្យ ការកត់ត្រា និងការកែតម្រូវនៅពេលមានបញ្ហា។

អ្នកស្រី ពិន ភិរម្យ អគ្គនាយិកានៃក្រុមហ៊ុន UNI Holding និងជានាយិកាប្រតិបត្តិនៃក្រុមហ៊ុន PINEX AGRO Co., Ltd. មានប្រសាសន៍ថាសម្រាប់ចំណុចចាប់ផ្ដើមដំបូងនៃរោងចក្រចំណីអាហារគឺត្រូវមានការទទួលស្គាល់ពី GMP ជាមុន។ ដោយឡែក Pinex Agro អ្នកស្រីថា ក្រុមហ៊ុនបានបោះជំហានទៅមុខមួយដំណាក់កាលទៀត ដោយបានការទទួលស្គាល់ពី HACCP។
អ្នកស្រីបន្ថែមថា “សម្រាប់ឆ្នាំនេះក្រុមហ៊ុនខ្ញុំយក GMP និង HACCP និងនៅឆ្នាំក្រោយពួកខ្ញុំនឹងបន្តស្នើសុំឲ្យបានការទទួលស្គាល់ BRC ជាស្ដង់ដារវិញ្ញាបនបត្រដែលអាចនាំចេញទៅសហគមន៍អ៊ឺរ៉ុបបាន ភាគច្រើនសហគមន៍អ៊ឺរ៉ុបទាល់តែមាន BRC បានអាចនាំចូលផលិតផលទៅបាន ប៉ុន្តែHACCP នេះប្រទេសនៅលើពិភពលោកជាច្រើនក៏ទទួលស្គាល់ដូចគ្នា ប៉ុន្តែនៅសហគមន៍អ៊ឺរ៉ុបគេត្រូវការមួយតង់ទៀត។ អីចឹងដើម្បីបាន BRC យើងត្រូវឆ្លងកាត់ GMP និង HACCP សិន”។

សម្រាប់ Pinex Agro ការទទួលបាន HACCP គឺជាសញ្ញាមួយនៃការបន្តពង្រឹងប្រព័ន្ធអនាម័យ និងសុវត្ថិភាពក្នុងការផលិត។ ការគ្របដណ្តប់ចាប់ពីវត្ថុធាតុដើមរហូតដល់ផលិតផលសម្រេច ក៏បង្ហាញពីការយកចិត្តទុកដាក់លើការគ្រប់គ្រងគុណភាពនៅទូទាំងខ្សែសង្វាក់ផលិតកម្ម។

ក្រុមហ៊ុនបានបញ្ជាក់ថា វិញ្ញាបនបត្រនេះជួយពង្រឹងទំនុកចិត្តរបស់ ដៃគូអាជីវកម្ម អតិថិជន វិនិយោគិន និងភាគីពាក់ព័ន្ធ ព្រមទាំងជួយគាំទ្រដល់សមត្ថភាពរបស់ក្រុមហ៊ុនក្នុងការផ្គត់ផ្គង់ និងនាំចេញផលិតផលទៅកាន់ទីផ្សារដែលតម្រូវឱ្យមានស្តង់ដារសុវត្ថិភាព និងអនាម័យខ្ពស់ ៕


