វិធីសាស្ត្រ​បណ្តុះ​ទម្លាប់គ្រប់គ្រង​លុយកាក់​ដល់​​កូនៗ​តាំង​ពី​តូច​

នៅក្នុងបរិបទសង្គមទំនើប ការអប់រំផ្នែកហិរញ្ញវត្ថុមិនមែនជារឿងសម្រាប់តែមនុស្សពេញវ័យនោះឡើយ។ អ្នកជំនាញផ្នែកអភិវឌ្ឍន៍កុមារ និងហិរញ្ញវត្ថុបានលើកឡើងថា ការបណ្តុះស្មារតី និងទម្លាប់គ្រប់គ្រងលុយកាក់ដល់កុមារតាំងពីវ័យក្មេង គឺជា «អំណោយជីវិត» ដ៏មានតម្លៃបំផុតមួយដែលឪពុកម្តាយអាចផ្តល់ឱ្យកូនៗបាន ដើម្បីធានាថាពួកគេមានឯករាជ្យភាព និងស្ថិរភាពហិរញ្ញវត្ថុនៅពេលធំឡើង។ខាងក្រោមនេះជាវិធីសាស្ត្រ និងយុទ្ធសាស្ត្រសំខាន់ៗដែលឪពុកម្តាយអាចយកទៅអនុវត្តបានយ៉ាងមានប្រសិទ្ធភាព។

១. បង្រៀនឱ្យស្គាល់ភាពខុសគ្នារវាង «តម្រូវការ» និង «ការចង់បាន»

ចំណុចដំបូងគេបង្អស់ គឺការបង្រៀនកូនឱ្យយល់ពីភាពខុសគ្នារវាង៖

  • តម្រូវការចាំបាច់ ៖ អ្វីដែលខ្វះមិនបានសម្រាប់ការរស់នៅ ដូចជា អាហារ សម្លៀកបំពាក់ សៀវភៅរៀន និងថ្នាំសង្កូវ។
  • ការចង់បាន ៖ អ្វីដែលគ្រាន់តែលម្អ​ភ្នែក ឬភាពសប្បាយរីករាយមួយគ្រា ដូចជា ប្រកួតហ្គេម របស់លេងថ្លៃៗ ឬនំចំណីបន្ថែម។

នៅពេលទៅទិញអីវ៉ាន់ជាមួយកូន ឪពុកម្តាយអាចសួរសំនួរឱ្យកូនជួយគិតថា «តើរបស់មួយនេះជាតម្រូវការចាំបាច់ ឬគ្រាន់តែជាការចង់បាន?» ដើម្បីដាស់ស្មារតីពិចារណារបស់ពួកគេ។

២. ប្រើប្រាស់វិធីសាស្ត្រ សន្សំ ៣ ចំណែក

ជំនួសឱ្យការឱ្យកូនសន្សំប្រាក់ក្នុងកំប៉ុងតែមួយ ឪពុកម្តាយអាចរៀបចំកំប៉ុង ឬប្រអប់ចំនួន ៣ ដាច់ដោយឡែកពីគ្នា៖

  • កប៉ុងទី១ (សម្រាប់ចំណាយ)៖ សម្រាប់ទិញនំចំណី ឬរបស់របរតូចតាចប្រចាំថ្ងៃ។
  • កប៉ុងទី២ (សម្រាប់សន្សំ) សម្រាប់គោលដៅធំជាងនេះ ដូចជា ទិញរបស់លេងដែលកូនប្រាថ្នាចង់បាន។
  • កប៉ុងទី៣ (សម្រាប់ចែករំលែក)៖ សម្រាប់ជួយការងារសប្បុរសធម៌ ទិញកាដូឱ្យមិត្តភក្តិ ឬជួយអ្នកខ្វះខាត។

វិធីនេះជួយឱ្យកុមារយល់ពីតម្លៃនៃការបែងចែកថវិកា និងការលះបង់ដើម្បីគោលដៅវែងឆ្ងាយ។

៣. ធ្វើជាគំរូល្អក្នុងគ្រួសារ

កុមាររៀនសូត្រតាមរយៈការសង្កេតសកម្មភាពរបស់មនុស្សពេញវ័យច្រើនជាងពាក្យប្រដៅ។ ប្រសិនបើឪពុកម្តាយទិញអីវ៉ាន់ដោយគ្មានផែនការ ប្រើប្រាស់ប័ណ្ណឥណទានហួសប្រមាណ ឬឈ្លោះប្រកែកគ្នារឿងលុយកាក់ជាញឹកញាប់ កុមារនឹងស្រូបយកទម្លាប់អវិជ្ជមានទាំងនោះ។ ការបង្ហាញភាពប្រុងប្រយ័ត្ន សន្សំសំចៃ​ និងការពិភាក្សារឿងថវិកាគ្រួសារដោយបើកចំហ និងវិជ្ជមាន នឹងបង្កើតបរិយាកាសសិក្សាដ៏ល្អសម្រាប់កូន។

៤. បើកឱកាសឱ្យកូនធ្វើការសម្រេចចិត្ត និងរៀនពីកំហុស

នៅពេលកូនចង់ទិញរបស់លេងអ្វីមួយដែលគ្មានក្នុងផែនការ ឪពុកម្តាយមិនបាច់ប្រញាប់បដិសេធភ្លាមៗឡើយ ប៉ុន្តែត្រូវពន្យល់ និងឱ្យកូនប្រើប្រាស់ប្រាក់សន្សំផ្ទាល់ខ្លួនរបស់គេទិញ។ ប្រសិនបើក្រោយមក គេស្តាយក្រោយដោយសារគ្មានប្រាក់ទិញរបស់ដែលសំខាន់ជាងនេះ វាគឺជា «មេរៀនជីវិត» ដ៏មានតម្លៃដែលជួយឱ្យគេប្រុងប្រយ័ត្នជាងមុនក្នុងការសម្រេចចិត្តលើកក្រោយ។

ការបង្រៀនកូនរឿងលុយកាក់ មិនមែនជាការបណ្តុះគំនិតឱ្យកូនក្លាយជាមនុស្សលោភលន់ ឬគិតតែពីលុយនោះទេ ប៉ុន្តែជា «ការបំពាក់បំប៉នជំនាញជីវិត» ដើម្បីឱ្យពួកគេចេះគ្រប់គ្រងជីវិត មានការទទួលខុសត្រូវ និងស្គាល់តម្លៃនៃការតស៊ូ។ ការចាប់ផ្តើមពីចំណុចតូចៗនៅថ្ងៃនេះ គឺជាគ្រឹះដ៏រឹងមាំសម្រាប់ជោគជ័យរបស់កូនៗនៅថ្ងៃអនាគត៕

ដោយ៖ ម៉ោលី
ប្រភព៖ Raising Children Network

អត្ថបទពាក់ព័ន្ធ

- Advertisement -spot_img

អត្ថបទថ្មីៗ