តើប្អូនៗទើបប្រឡងបញ្ចប់ថ្នាក់ទី១២ ហើយកំពុងស្ទាក់ស្ទើរក្នុងការជ្រើសរើសជំនាញមែនទេ?
ក្នុងយុគសម័យដែលបច្ចេកវិទ្យា និងបញ្ញាសប្បនិម្មិត ឬ AI កំពុងគ្របដណ្តប់គ្រប់វិស័យ ទីផ្សារការងារក៏មានការផ្លាស់ប្តូរយ៉ាងលឿនផងដែរ។ បើប្អូនៗស្រឡាញ់ការធ្វើអាជីវកម្ម ការច្នៃប្រឌិត និងបច្ចេកវិទ្យា មុខវិជ្ជា «Digital Business & AI» គឺពិតជាចម្លើយដ៏ចំគោលដៅបំផុតមួយ។

ប៉ុន្តែតើមុខវិជ្ជានេះរៀនពីអ្វីខ្លះទៅ?
មុខវិជ្ជានេះ មិនមែនជាការរៀនសរសេរកូដពិបាកៗដូចផ្នែកព័ត៌មានវិទ្យាសុទ្ធសាធនោះទេ។ វាគឺជាការបញ្ចូលគ្នាដ៏ឆ្លាតវៃ រវាង «ចំណេះដឹងជំនួញទំនើប» និង «បច្ចេកវិទ្យា AI»។
ពេលចូលរៀន ប្អូនៗនឹងបានស្វែងយល់ពី៖
- ទី១៖ មូលដ្ឋានគ្រឹះអាជីវកម្មឌីជីថល ដូចជាការបង្កើតហាងអនឡាញ ការធ្វើទីផ្សារ និងការវិភាគទិន្នន័យអតិថិជន។
- ទី២៖ ការប្រើប្រាស់ឧបករណ៍ AI ទំនើបៗ ដើម្បីពន្លឿនការងារអាជីវកម្ម បង្កើតមាតិកា និងស្វ័យប្រវត្តិកម្ម។
- និង ទី៣៖ វិធីសាស្ត្របង្កើតគំនិតអាជីវកម្មថ្មីៗព្រមទាំងក្រមសីលធម៌ និងសុវត្ថិភាពទិន្នន័យ។
និយាយឱ្យចំទៅ គឺរៀនពីរបៀប «យកបច្ចេកវិទ្យា និង AI មកបង្កើតប្រាក់ចំណូល និងភាពជោគជ័យក្នុងអាជីវកម្ម» ហ្នឹងឯង!
រៀនចប់ ២ ឬ ៤ឆ្នាំខាងមុខ តើប្អូនៗអាចទទួលបានចំណេះដឹងអ្វីខ្លះ?
ក្រៅពីសញ្ញាបត្រ ប្អូនៗនឹងមានជំនាញប្រើប្រាស់ AI ក្នុងការដោះស្រាយបញ្ហា ជំនាញរៀបចំយុទ្ធសាស្ត្រទីផ្សារឌីជីថល និងមានស្មារតីជាសហគ្រិនពេញលេញ។ រីឯឱកាសការងារវិញ ក៏ទូលំទូលាយខ្លាំងណាស់ដែរ ព្រោះគ្រប់ក្រុមហ៊ុនជាច្រើនសុទ្ធតែត្រូវការធនធានមនុស្សជំនាញនេះ។ ពេលរៀនចប់ប្អូនៗអាចធ្វើជា អ្នកគ្រប់គ្រងគម្រោងឌីជីថល ក្នុងក្រុមហ៊ុនបច្ចេកវិទ្យា ឬ Startup ឬអាចជាអ្នកជំនាញទីផ្សារឌីជីថល ឬអ្នកវិភាគទិន្នន័យ។ ក្រៅពីនេះក៏អាចបម្រើការងារក្នុង វិស័យធនាគារ និងហិរញ្ញវត្ថុឌីជីថល។ មិនតែប៉ុណ្ណោះក៏អាចក្លាយជា ម្ចាស់អាជីវកម្មផ្ទាល់ខ្លួន ដែលចេះប្រើ AI មកជួយពង្រីកជំនួញរបស់ខ្លួនឯងតែម្ដង។
ការសម្រេចចិត្តថ្ងៃនេះ គឺកំណត់អនាគតថ្ងៃស្អែក។ បើប្អូនៗចង់ក្លាយជាអ្នកដឹកនាំជំនាន់ថ្មី ដែលមិនត្រឹមតែតាមទាន់បច្ចេកវិទ្យា តែថែមទាំងចេះប្រើប្រាស់វាឱ្យមានប្រយោជន៍ «Digital Business & AI» កំពុងរង់ចាំស្វាគមន៍ប្អូនៗហើយ។
សូមពិនិត្យមើលចំណង់ចំណូលចិត្តខ្លួនឯងឱ្យច្បាស់ ហើយត្រៀមខ្លួនបោះជំហានចូលថ្នាក់ឧត្តមសិក្សាដោយភាពជឿជាក់ទាំងអស់គ្នា៕
ដោយ៖ ចាន់ តារា
ប្រភព៖ IBM


