វេជ្ជបណ្ឌិតឯកទេសផ្នែកសរសៃឈាមខួរក្បាល បានផ្ដល់ការព្រមានពីទម្លាប់ប្រចាំថ្ងៃចំនួន ៣ ដែលជាដើមហេតុបង្កឱ្យសម្ពាធឈាម និងចង្វាក់បេះដូងប្រែប្រួលខុសធម្មតា រហូតឈានទៅរកការដាច់ ឬស្ទះសរសៃឈាមខួរក្បាល ដោយមិនដឹងខ្លួន។

១. ការញ៉ាំគ្រឿងស្រវឹងច្រើនលើសកម្រិត
- ផលប៉ះពាល់៖ ជាតិអាល់កុលច្រើនធ្វើឱ្យសម្ពាធឈាមកើនឡើងភ្លាមៗ បាត់បង់ជាតិទឹក និងបង្កជំងឺចង្វាក់បេះដូងដើរមិនស្មើ (Atrial Fibrillation) ដែលបង្កើតជាដុំឈាមកកហូរទៅស្ទះសរសៃឈាមខួរក្បាល។
- ហានិភ័យលាក់បាំង៖ អាការៈស្រវឹងតែងតែបិទបាំងរោគសញ្ញាដាច់សរសៃឈាមខួរក្បាល (ដូចជា និយាយពិបាក ឬដើរទ្រេតទ្រោត) ដែលធ្វើឱ្យគ្រួសារយល់ច្រឡំ និងខកខាន «ពេលវេលាមាស» ក្នុងការសង្គ្រោះបន្ទាន់។
២. ការគេងយប់ជ្រៅ និងញ៉ាំអាហារមិនទៀងទាត
- ផលប៉ះពាល់៖ ការខ្វះការគេង និងការផ្លាស់ប្តូរចង្វាក់ជីវសាស្ត្រធ្វើឱ្យកត្តាហានិភ័យ (លើសសម្ពាធឈាម ទឹកនោមផ្អែម ធាត់) ពិបាកគ្រប់គ្រង។
- របបអាហារគ្រោះថ្នាក់៖ ការញ៉ាំអាហារប្រៃខ្លាំង អាហារបំពង សាច់កែច្នៃ និងអាហារមានកាឡូរីខ្ពស់ជាប់ៗគ្នា បង្កើនកម្រិតខ្លាញ់ និងជាតិស្ករក្នុងឈាម ដែលជាបន្ទុកដ៏ធ្ងន់ដល់ប្រព័ន្ធបេះដូង។
៣. ការកាត់ផ្តាច់ ឬឈប់លេបថ្នាំប្រចាំកាយដោយខ្លួនឯង
- ផលប៉ះពាល់៖ ការភ្លេច ឬឈប់លេបថ្នាំដោយសាររវល់ ឬផ្លាស់ប្តូរកាលវិភាគរស់នៅ ធ្វើឱ្យជំងឺរ៉ាំរ៉ៃបាត់បង់ការគ្រប់គ្រងស្វ័យប្រវត្ត រុញច្រានឱ្យកើតវិបត្តិសរសៃឈាមខួរក្បាលភ្លាមៗ។
ដើម្បីការពារពីជំងឺទាំងនេះ ត្រូវរក្សាពេលវេលាគេងឱ្យបានទៀងទាត់ បង្កើនការញ៉ាំបន្លែបៃតង អាហារប្រៃតិច និងកាត់បន្ថយអាហារបំពង ឬគ្រឿងស្រវឹង។ត្រូវលេបថ្នាំឱ្យបានទៀងទាត់តាមបញ្ជាវេជ្ជបណ្ឌិត និងមិនត្រូវកែប្រែប្រកម្រិតថ្នាំដោយខ្លួនឯងឡើយ។
ប្រសិនបើលេចចេញសញ្ញា «វៀចមាត់ ខ្សោយដៃជើងម្ខាង និយាយមិនច្បាស់ ភ្នែកស្រអាប់ ឬបាត់បង់លំនឹងភ្លាមៗ» ត្រូវប្រញាប់បញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យជាបន្ទាន់។ ដាច់ខាតមិនត្រូវកោសខ្យល់ ឬរង់ចាំមើលរោគសញ្ញានៅផ្ទះឡើយ ព្រោះរាល់នាទីដែលយឺតយ៉ាវ គឺជាការបាត់បង់កោសិកាខួរក្បាលជារៀងរហូត៕
ដោយ៖ ម៉ូលី
ប្រភព៖ CDC


