ក្រសួង​ថា​កម្ពុជាមិន​មាន​កិច្ច​ព្រម​ព្រៀង​បញ្ចូន​កម្លាំង​ពល​កម្ម​ទៅ​ប្រទេស​នៅ​ទ្វីបអាហ្វ្រិក​ឡើយ​

ប្រជាពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយជ្រើសរើសពលករទៅធ្វើការនៅប្រទេសក្នុងទ្វីបអាហ្វ្រិក ជាពិសេសការផ្តល់ការងារដែលមានប្រាក់ខែខ្ពស់ និងលក្ខខណ្ឌទាក់ទាញខ្លាំង ដោយសារកម្ពុជាមិនមានកិច្ចព្រមព្រៀងជាមួយប្រទេសណាមួយក្នុងទ្វីបអាហ្វ្រិក សម្រាប់ការបញ្ជូនពលករទៅធ្វើការនោះទេ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាល​ពី​ថ្ងៃទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០២៦ ស្តីពីការប្រុងប្រយ័ត្នចំពោះការជ្រើសរើសពលករទៅធ្វើការនៅប្រទេសក្នុងទ្វីបអាហ្វ្រិក បញ្ជាក់​ថា​ការផ្សព្វផ្សាយឱកាសការងារទាំងនេះអាចជាប់ពាក់ព័ន្ធនឹងសកម្មភាពជួញដូរមនុស្ស និងការកេងប្រវ័ញ្ចកម្លាំងពលកម្ម។

ការជួញដូរមនុស្សអាចចាប់ផ្តើមពីការផ្តល់ឱកាសការងារដែលមើលទៅគួរឱ្យចាប់អារម្មណ៍ ដូចជាប្រាក់ខែខ្ពស់ ការធានាចេញថ្លៃធ្វើដំណើរ និងការសន្យាផ្តល់អត្ថប្រយោជន៍ផ្សេងៗ។ ប៉ុន្តែបន្ទាប់ពីធ្វើដំណើរទៅដល់គោលដៅ ជនរងគ្រោះអាចប្រឈមនឹងការបង្ខំឱ្យធ្វើការ ការរឹតត្បិតសេរីភាព ការដកហូតឯកសារផ្ទាល់ខ្លួន ឬការកេងប្រវ័ញ្ចក្នុងទម្រង់ផ្សេងៗ។

ដូច្នេះ ប្រជាពលរដ្ឋមិនគួរប្រញាប់សម្រេចចិត្តទៅធ្វើការនៅក្រៅប្រទេស ដោយផ្អែកតែលើការផ្សព្វផ្សាយតាមបណ្តាញសង្គម ឬការសន្យារបស់អ្នកជ្រើសរើសពលករនោះទេ។ មុននឹងចុះកិច្ចសន្យា ឬធ្វើដំណើរ ត្រូវស្វែងរកព័ត៌មាន និងផ្ទៀងផ្ទាត់ភាពស្របច្បាប់របស់ក្រុមហ៊ុនជ្រើសរើសពលករ ទីតាំងការងារ និងលក្ខខណ្ឌការងារឱ្យបានច្បាស់លាស់។

ក្រសួងបានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមបង្កើនការប្រុងប្រយ័ត្ន និងចែករំលែកព័ត៌មាននេះទៅកាន់ក្រុមគ្រួសារ មិត្តភក្តិ និងអ្នកដែលកំពុងស្វែងរកការងារនៅក្រៅប្រទេស ដើម្បីចៀសវាងការធ្លាក់ខ្លួនជាជនរងគ្រោះ។

ក្នុងករណីសង្ស័យថាមានការជ្រើសរើសពលករខុសច្បាប់ ឬសកម្មភាពជួញដូរមនុស្ស សូមរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ច ឬទាក់ទងតាមរយៈខ្សែទូរស័ព្ទ Hotline លេខ ១២៩៧ ដើម្បីស្នើសុំជំនួយ និងផ្តល់ព័ត៌មានពាក់ព័ន្ធ។

សូមចងចាំថា ឱកាសការងារដែលមានប្រាក់ខែខ្ពស់ មិនមែនសុទ្ធតែជាឱកាសការងារស្របច្បាប់នោះទេ។ ការផ្ទៀងផ្ទាត់ព័ត៌មានឱ្យបានច្បាស់លាស់មុនពេលចាកចេញពីប្រទេស អាចជួយការពារខ្លួន និងក្រុមគ្រួសារពីហានិភ័យនៃការជួញដូរមនុស្ស និងការកេងប្រវ័ញ្ចកម្លាំងពលកម្ម៕

ដោយ៖ ចាន់ តារា
ប្រភព៖ ក្រសួងការងារ

អត្ថបទពាក់ព័ន្ធ

អត្ថបទថ្មីៗ