អាមេរិកផ្តល់ឧបករណ៍ពិនិត្យជំងឺរបេងទំនើបច្រើន​គ្រឿង​ដល់កម្ពុជា

រដ្ឋាភិបាលសហរដ្ឋអាមេរិកបានផ្តល់ជំនួយជាឧបករណ៍ធ្វើរោគវិនិច្ឆ័យជំងឺរបេងជាច្រើនគ្រឿងដល់ក្រសួងសុខាភិបាលកម្ពុជា ក្នុងគោលបំណងពង្រឹងសមត្ថភាពពិនិត្យរកជំងឺរបេង បង្កើនភាពត្រឹមត្រូវនៃការធ្វើរោគវិនិច្ឆ័យ និងពង្រីកលទ្ធភាពទទួលបានសេវាពិនិត្យ និងព្យាបាលទាន់ពេលវេលា។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​ក្រ​សួង​សុខាភិបាលលើ​ផេក​ហ្វេស​ប៊ុក​ផ្លូវ​ការ​នៅ​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ២០២៦​។

ពិធីប្រគល់-ទទួលអំណោយនេះ បានធ្វើឡើងនៅព្រឹកថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល ក្រោមអធិបតីភាពរបស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកឧត្តម Christopher J. Anderson ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា។

តាមព័ត៌មានដែលបានផ្សព្វផ្សាយ អំណោយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកនេះ រួមមាន៖

  • ម៉ាស៊ីនថតកាំរស្មីអ៊ិចឌីជីថល (Digital X-ray) ចំនួន ៩គ្រឿង។
  • ម៉ាស៊ីន GeneXpert ចំនួន ៨គ្រឿង។
  • មីក្រូទស្សន៍ចំនួន ៥០គ្រឿង។
  • ការធានា និងសេវាគាំទ្រសម្រាប់ម៉ាស៊ីន GeneXpert ចំនួន ៧០គ្រឿង។
  • កម្មវិធីបច្ចេកវិទ្យាជំនួយអាន និងបកស្រាយរូបភាពកាំរស្មីអ៊ិចដោយប្រព័ន្ធកុំព្យូទ័រ និងបញ្ញាសិប្បនិម្មិត (AI)។

ឧបករណ៍ និងបច្ចេកវិទ្យាទាំងនេះ នឹងជួយពង្រឹងបណ្តាញធ្វើរោគវិនិច្ឆ័យជំងឺរបេងនៅកម្ពុជា ជាពិសេសក្នុងការស្វែងរកអ្នកជំងឺឱ្យបានឆាប់រហ័ស និងត្រឹមត្រូវ រួមទាំងអ្នកដែលមានជំងឺរបេងធន់នឹងឱសថ។

ជាមួយគ្នានេះ ការប្រើប្រាស់ម៉ាស៊ីនថតកាំរស្មីអ៊ិចឌីជីថល និងបច្ចេកវិទ្យា AI នឹងជួយពង្រីកការពិនិត្យស្វែងរកជំងឺរបេងនៅតាមសហគមន៍ ដើម្បីឱ្យប្រជាពលរដ្ឋអាចទទួលបានសេវាពិនិត្យ និងព្យាបាលបានកាន់តែទាន់ពេលវេលា។

កម្ពុជាបន្តជំរុញគោលដៅលុបបំបាត់ជំងឺរបេងត្រឹមឆ្នាំ២០៣០

ក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាល និងប្រជាជនសហរដ្ឋអាមេរិក ដែលបានបន្តផ្តល់ការគាំទ្រដល់ការពង្រឹងប្រព័ន្ធសុខាភិបាលកម្ពុជា។

ឯកឧត្តមបានបញ្ជាក់ថា ទោះបីកម្ពុជាសម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការកាត់បន្ថយបន្ទុកជំងឺរបេងក៏ដោយ ក៏នៅមានបញ្ហាប្រឈមជាច្រើនដែលត្រូវបន្តយកចិត្តទុកដាក់ ដើម្បីសម្រេចគោលដៅលុបបំបាត់ជំងឺរបេងត្រឹមឆ្នាំ២០៣០។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលក៏បានគូសបញ្ជាក់ថា ការបញ្ចប់ជំងឺរបេងមិនអាចពឹងផ្អែកតែលើបច្ចេកវិទ្យាទំនើបប៉ុណ្ណោះទេ ប៉ុន្តែត្រូវការភាពជាអ្នកដឹកនាំរឹងមាំ ការវិនិយោគជាបន្តបន្ទាប់ ភាពជាដៃគូប្រកបដោយប្រសិទ្ធភាព និងការប្តេជ្ញាចិត្តរួមគ្នា។

ជាពិសេស ត្រូវធានាថា អ្នកជំងឺរបេងគ្រប់រូបអាចទទួលបានការស្វែងរក ការធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងការគាំទ្រសមស្របទាន់ពេលវេលា ដោយមានសមធម៌ក្នុងការទទួលបានសេវាសុខាភិបាល។

ពិធីប្រគល់-ទទួលជំនួយនេះ គឺជាការបង្ហាញពីកិច្ចសហប្រតិបត្តិការ និងការប្តេជ្ញាចិត្តរួមគ្នារវាងកម្ពុជា និងសហរដ្ឋអាមេរិក ក្នុងការពង្រឹងសមត្ថភាពប្រព័ន្ធសុខាភិបាល ការពារជីវិតប្រជាជន និងជំរុញកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកការលុបបំបាត់ជំងឺរបេងនៅកម្ពុជា៕

ដោយ៖ ចាន់ តារា
ប្រភព៖ ក្រ​សួង​សុខាភិបាល

អត្ថបទពាក់ព័ន្ធ

អត្ថបទថ្មីៗ