ក្រសួង​ការងារ​ដាក់ឲ្យ​សាកល្បង​កម្មវិធី «គន្លងវិជ្ជាជីវៈ» នៅ​វិទ្យាល័យ​ចំនួន​ពីរ

ក្រ​សួង​ការ​ងារ​បាន​ដាក់​ឲ្យ​ដំណើរ​ការ​សាកល្បងកម្មវិធី​មួយ​មាន​ឈ្មោះ​ថា «គន្លង​វិជ្ជាជីវៈ»​នៅ​វិទ្យាល័យ​ចំនួន​ពីរ​ ដើម្បី​ពង្រឹង​សមត្ថភាព​ជំនាញ​វិជ្ជាជី​វដល់​សិស្ស​នៅ​កម្រិត​វិទ្យាល័យ​។

រដ្ឋ​មន្ត្រី​ក្រ​សួង​ការងារឯក​ឧត្តម ហេង សួរ​ បាន​លើក​ឡើង​ក្នុង​វីដេអូ​ឃ្លីប​ផ្សាយ​នៅ​លើ​ផេក​ក្រសួង​ការ​ងារ​កាល​ពី​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៦ ថា​«គន្លងវិជ្ជាជីវៈ» កំពុងដាក់ឱ្យសាកល្បងនៅវិទ្យាល័យ ហ៊ុន សែន ក្រគរ ខេត្តពោធិ៍សាត់ និងវិទ្យាល័យសម្ដេចឪ សម្ដេចម៉ែ បរសេដ្ឋ ខេត្តកំពង់ស្ពឺ។ ឯកឧត្តម​ថា​កម្មវិធី​នេះ​នឹងជួយពន្លឿនសមត្ថភាពសិស្សលើជំនាញអេឡិចត្រូនិក ជួសជុលរថយន្ត អគ្គិសនីជាដើម ចាប់ពីកម្រិតវិទ្យាល័យទៅ។

(សកម្មភាព​លោកគ្រូ​អ្នកគ្រូ​ដឹក​នាំ​សិស្សចុះ​កម្មសិក្សា​នៅ​វិទ្យាស្ថានបច្ចេកទេស JVC នៅ​ភ្នំពេញកាល​ពី​ខែ​មករា ឆ្នាំ​២០២៦)

បើ​តាម​ឯក​ឧត្តម ហេង សួរ​ កម្មវិធី​នេះ​ទើប​បាន​ដាក់​ឲ្យ​សាក​ល្បងក្នុង​ឆ្នាំ​សិក្សា​ថ្មី​២០២៦-២០២៧ នេះ​ប៉ុណ្ណោះ និង​ថា​បើ​កម្មវិធី​នេះជោគ​ជ័យ​នឹង​បន្ត​ពង្រីក​បន្ថែមនៅ​ឆ្នាំ​ក្រោយ​ៗ​ទៀត​។

ឯក​ឧត្តមមាន​ប្រសាសន៍​ថា៖ «នៅក្រគ​រ​យើង​មាន​សិស្ស​ចុះ​ឈ្មោះ​ចូល​រៀន​៧៨​នាក់ ឆ្នាំ​ដំបូង​មិន​ទាន់​ទាំង​បាន​ផ្សព្វ​ផ្សាយ​ស្រួល​បួល​ផង ពាក់​ព័ន្ធ​នឹង​ផ្នែក​អេឡិច​ត្រូ​និច​…​នៅ​ឯ​កំពង់​ស្ពឺ​យើង​ផ្ដោត​លើ​យានយន្ត និង​អគ្គិសនី…​ហើយ​ក៏​មាន​សិស្ស​ចុះ​ឈ្មោះ​រៀន​ច្រើន​ដែរ»។

សិស្ស​ដែល​រៀន​វគ្គ​នេះ​នឹង​ត្រូវ​មាន​ម៉ោង​សិក្សា​ច្រើន​ជាង​សិស្ស​ធម្មតា​រហូត​ដល់​​៤០០​ម៉ោង​ក្នុង​មួយ​ឆ្នាំ ហើយ​សិស្សក៏​នឹង​​ត្រូវ​ចុះ​កម្មសិក្សានៅ​តាម​រោងចក្រ​​នៅ​ពេល​វិស្សមកាល ឬ​វ៉ាកង​ធំ​។  ឯក​ឧត្តម មាន​ប្រ​សាសន៍​ដោយ​ទំនង​សម្ដៅ​ថា​​នេះ​ជា​គំរូ​អប់​រំ​មួយ​ដែល​នឹង​ឆ្លើយ​តប​ជាក់​ស្ដែង​ទៅ​នឹង​ត្រូវ​ការ​អ្នក​ជំនាញ​ក្នុង​ទីផ្សារ​កម្ពុជា​៕

ដោយ៖ ចាន់ តារា
ប្រភព៖ ក្រសួងការងារ

អត្ថបទពាក់ព័ន្ធ

អត្ថបទថ្មីៗ