កូន​រើស​អាហារ​មិន​ព្រម​ញ៉ាំ​មែន​ទេ​? បញ្ហានេះ​អាច​មក​ពី​កត្តាហ្សែន​ដែរ

ការដែលកូនតូចមិនចូលចិត្តបន្លែ ឬបដិសេធអាហារថ្មីៗ អាចធ្វើឱ្យឪពុកម្តាយជាច្រើនមានការព្រួយបារម្ភ និងពិបាកក្នុងការរៀបចំអាហារប្រចាំថ្ងៃ។ ប៉ុន្តែការសិក្សាថ្មីមួយបានបង្ហាញថា ការរើសអាហាររបស់កុមារភាគច្រើនអាចពាក់ព័ន្ធនឹងកត្តាហ្សែន ជាជាងកើតចេញពីរបៀបចិញ្ចឹមបីបាច់របស់ឪពុកម្តាយ។

ការសិក្សានេះដឹកនាំដោយអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ University College London, King’s College London និងសាកលវិទ្យាល័យ Leeds នៅចក្រភពអង់គ្លេស។ លទ្ធផលត្រូវបានចុះផ្សាយក្នុងទស្សនាវដ្តីវិទ្យាសាស្ត្រ The Journal of Child Psychology and Psychiatry នៅខែកញ្ញា ឆ្នាំ២០២៤។

ក្រុមអ្នកស្រាវជ្រាវបានវិភាគទិន្នន័យពីកុមារភ្លោះប្រហែល ២.៤០០គូ ដោយប្រៀបធៀបកុមារភ្លោះដែលមានហ្សែនដូចគ្នា និងកុមារភ្លោះដែលមានហ្សែនខុសគ្នា។ ពួកគេបានសិក្សាពីទម្លាប់រើសអាហាររបស់កុមារចាប់ពីអាយុ ១៦ខែ រហូតដល់ ១៣ឆ្នាំ។

លទ្ធផលបានបង្ហាញថា កត្តាហ្សែនអាចពន្យល់ពីភាពខុសគ្នានៃការរើសអាហាររបស់កុមារប្រហែល ៦០% នៅអាយុ ១៦ខែ ហើយកើនឡើងដល់ប្រហែល ៧៤% ឬច្រើនជាងនេះ ចាប់ពីអាយុ ៣ឆ្នាំដល់ ១៣ឆ្នាំ។

អ្នកស្រាវជ្រាវក៏បានរកឃើញថា ការរើសអាហាររបស់កុមារមានទំនោរកើនឡើង និងឈានដល់កម្រិតខ្ពស់នៅអាយុប្រហែល ៧ឆ្នាំ បន្ទាប់មកអាចថយចុះបន្តិចនៅពេលកុមារឈានចូលវ័យជំទង់។

ទោះបីជាកត្តាហ្សែនមានឥទ្ធិពលខ្លាំងក៏ដោយ ក៏បរិយាកាស និងបទពិសោធន៍នៅក្នុងគ្រួសារនៅតែមានសារៈសំខាន់ ជាពិសេសនៅពេលកុមារនៅវ័យតូច។ ការញ៉ាំអាហារជុំគ្រួសារ និងការផ្តល់ឱកាសឱ្យកុមារស្គាល់អាហារច្រើនប្រភេទ អាចជួយកាត់បន្ថយការរើសអាហារបាន។

តើឪពុកម្តាយអាចជួយកូនយ៉ាងដូចម្តេច?

អ្នកជំនាញបានណែនាំថា ឪពុកម្តាយគួរបង្កើតបរិយាកាសញ៉ាំអាហារដែលស្ងប់ស្ងាត់ និងមិនបង្កសម្ពាធដល់កូន។ ជំនួសឱ្យការបង្ខំឱ្យកូនញ៉ាំអាហារដែលមិនចូលចិត្ត គួរផ្តល់អាហារថ្មីៗក្នុងបរិមាណតិចៗ និងអនុញ្ញាតឱ្យកូនសាកល្បងម្តងហើយម្តងទៀត។

ការផ្តល់បន្លែ ផ្លែឈើ និងអាហារដែលមានរសជាតិ និងដុំ​សាច់ខុសៗគ្នា ក៏អាចជួយឱ្យកុមារស្គាល់អាហារច្រើនប្រភេទ។ ឪពុកម្តាយគួរធ្វើជាគំរូដោយញ៉ាំអាហារដែលមានសុខភាពល្អជាមួយកូន និងជៀសវាងការប្រើអាហារជារង្វាន់ ឬការដាក់ទណ្ឌកម្ម។

សរុបមក ការរើសអាហាររបស់កុមារមិនមែនមានន័យថា ឪពុកម្តាយបានចិញ្ចឹមកូនមិនបានល្អនោះទេ។ កត្តាហ្សែនអាចមានឥទ្ធិពលយ៉ាងខ្លាំង ប៉ុន្តែការគាំទ្រដោយអត់ធ្មត់ និងការផ្តល់បទពិសោធន៍អាហារចម្រុះនៅតែអាចជួយកូនបង្កើតទម្លាប់ញ៉ាំអាហារដែលមានសុខភាពល្អបាន។

ប្រសិនបើកូនបដិសេធអាហារភាគច្រើន មានការលូតលាស់មិនប្រក្រតី ឬឪពុកម្តាយមានការព្រួយបារម្ភអំពីអាហារូបត្ថម្ភ គួរពិគ្រោះជាមួយគ្រូពេទ្យកុមារ ឬអ្នកជំនាញអាហារូបត្ថម្ភ៕

ដោយ៖ ចាន់ តារា
ប្រភព៖ CNN

អត្ថបទពាក់ព័ន្ធ

- Advertisement -

អត្ថបទថ្មីៗ