អ្នកបាត់ដំបងម្នាក់ទៀតហើយគឺលោកស្រីទន្តបណ្ឌិត ហេង ស្រីនិច ឯកទេសពត់តម្រង់ធ្មេញ និងជាសហស្ថាបនិកមន្ទីរព្យាបាលមាត់ធ្មេញ ខ្វលីធូស (Qualitooth Dental Clinic) សម្រេចបាននូវសមិទ្ធផលវិជ្ជាជីវៈទណ្ឌពេទ្យដ៏មានអត្ថន័យមួយ ក្រោយលោកស្រីបានក្លាយជាសមាជិកភាពនៃសមាគម European Orthodontic Society (EOS) តាំងពីឆ្នាំ២០២៤ រហូតបច្ចុបន្ឍ។ សមាគម EOS របស់សហភាពអឺរ៉ុបមួយនេះជាគ្រឹះស្ថានវិជ្ជាជីវៈផ្នែកទន្តសាស្ត្រ ដែលមានប្រវត្តិយូរអង្វែង តាំងពីឆ្នាំ ១៩០៧ ផ្តោតសំខាន់ទៅលើការពត់ តម្រង់ធ្មេញនិងមានតួនាទីក្នុងការជំរុញការអប់រំ ការស្រាវជ្រាវ ក៏ដូចជាការផ្លាស់ប្តូរចំណេះដឹងក្នុងវិស័យនេះ។
ទោះជាមិនងាយស្រួលក្នុងការក្លាយជាសមាជិករបស់ EOS លោកស្រី ហេង ស្រីនិច ដែលមានដើមកំណើតមកពីខេត្តបាត់ដំបង របស់កម្ពុជាយើង ទម្រាំសម្រេចបានសមិទ្ធផលនេះ ជាសមិទ្ធផល ជាផ្លែផ្កាដ៏សមប្រកបពីការស្វាធ្យាយការសិក្សា រៀនសូត្រ រហូតបោះជំហ៊ានជោគជ័យក្នុងដំណើរអាជីពហើយក៏ជាការអភិវឌ្ឍជំនាញឯកទេស និងការភ្ជាប់ទំនាក់ទំនងជាមួយសហគមន៍វិជ្ជាជីវៈអន្តរជាតិ ដ៏ធំ ដោយមានគោលដៅរួមចំណែកលើកកម្ពស់គុណភាពនៃការព្យាបាល និងអប់រំ និងធ្វើឲ្យប្រសើរឡើងផ្នែកទន្តសាស្ត្រនៅកម្ពុជាយើង។
មានដើមកំណើតពីខេត្តបាត់ដំបងរហូត ដល់ការសិក្សាឯកទេសនៅអឺរ៉ុប
មានដើមកំណើតពីខេត្តបាត់ដំបង លោកស្រីទន្តបណ្ឌិត ហេង ស្រីនិច មានឱកាសបានបន្តការសិក្សា និងអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈ រហូតបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតវិទ្យាសាស្ត្រ ឯកទេសផ្នែកពត់តម្រង់ធ្មេញ (Master of Science in Specialized Orthodontics) នៅ មហាវិទ្យាល័យវេជ្ជសាស្ត្រអន្តរជាតិ (International Medical College) ពីប្រទេសអាល្លឺម៉ង់។


ជំនាញឯកទេសនេះបានរួមចំណែកក្នុងការពង្រឹងមូលដ្ឋានចំណេះដឹង និងជំនាញរបស់លោកស្រីក្នុងការធ្វើរោគវិនិច្ឆ័យ ការរៀបចំផែនការព្យាបាល និងការដោះស្រាយបញ្ហាទាក់ទងនឹងការលូតលាស់ឆ្អឹងថ្គាម និងការពត់កែ តម្រង់ងាំធ្មេញ។
ការអនុវត្តវិជ្ជាជីវៈ និងការបណ្តុះបណ្តាលអ្នកជំនាញបន្តវេន
ក្រៅពីការអនុវត្តវិជ្ជាជីវៈព្យាបាលអ្នកជំងឺ លោកស្រីទន្តបណ្ឌិត ហេង ស្រីនិច ក៏មានតួនាទីជាសាស្ត្រាចារ្យបណ្ដុះបណ្ដាលនិស្សិតថ្នាក់ឯកទេសផ្នែកពត់តម្រង់ធ្មេញ (Master of Orthodontics) នៅសាកលវិទ្យាល័យអន្តរជាតិ (IU) ដើម្បីពង្រឹងចំណេះជំនាញប្អូនជំនាន់ក្រោយ ហើយលោកស្រីទន្ដបណ្ឌិត ក៏ជាសហស្ថាបនិកមន្ទីរព្យាបាលមាត់ធ្មេញ ខ្វលីធូស (Qualitooth Dental Clinic) ផងដែរ។
តាមរយៈការចែករំលែកចំណេះដឹងវិទ្យាសាស្ត្រ និងបទពិសោធន៍ព្យាបាល ព្រមទាំងលើកកម្ពស់ការយល់ដឹងពីសារៈសំខាន់នៃការធ្វើរោគវិនិច្ឆ័យឲ្យបានត្រឹមត្រូវ និងរៀបចំផែនការព្យាបាលសមស្របសម្រាប់អ្នកជំងឺគ្រប់រូប។
ការរួមបញ្ចូលគ្នារវាងការអប់រំ ការអនុវត្តវិជ្ជាជីវៈ និងការបន្តសិក្សារៀនសូត្រ គឺជាផ្នែកសំខាន់នៃការអភិវឌ្ឍវិស័យទន្តសាស្ត្រ ជាពិសេស ឯកទេសពត់តម្រង់ធ្មេញនៅកម្ពុជាឲ្យកាន់តែល្អប្រសើរមួយកម្រិតទៀត។
សារៈសំខាន់នៃសមាជិកភាព European Orthodontic Society (EOS)
តើសមាជិកភាព European Orthodontic Society (EOS) មានសារៈសំខាន់ប៉ុណ្ណា? សម្រាប់អ្នកជំនាញ សមាជិកភាពនេះអាចផ្តល់ឱកាសក្នុងការភ្ជាប់ទំនាក់ទំនងជាមួយសហគមន៍វិជ្ជាជីវៈអន្តរជាតិ ស្វែងយល់ពីការវិវត្តថ្មីៗក្នុងវិស័យ និងទទួលបានធនធានសម្រាប់ការអភិវឌ្ឍន៍វិជ្ជាជីវៈ អាស្រ័យលើប្រភេទសមាជិកភាព និងសិទ្ធិដែលពាក់ព័ន្ធ។
ការទទួលបានសិទ្ធិជាសមាជិកភាព របស់ EOS កាលពីឆ្នាំ ២០២៤ ជាផ្នែកមួយនៃដំណើរអភិវឌ្ឍវិជ្ជាជីវៈរបស់លោកស្រីទន្តបណ្ឌិត ហេង ស្រីនិច ដែលឆ្លុះបញ្ចាំងពីការបន្តពង្រឹងចំណេះដឹង និងការចូលរួមក្នុងសហគមន៍អ្នកជំនាញអន្តរជាតិ។

ចក្ខុវិស័យសម្រាប់អនាគតនៃទន្តពេទ្យកម្ពុជា
សមិទ្ធផលវិជ្ជាជីវៈមិនមែនជាចំណុចបញ្ចប់នៃការសិក្សារៀនសូត្រនោះទេ តែជាកម្លាំងចិត្តក្នុងការបន្តអភិវឌ្ឍសមត្ថភាព បន្តការចែករំលែកចំណេះដឹងឲ្យសកម្ម និងរួមចំណែកដល់ការរីកចម្រើននៃវិស័យទន្តពេទ្យនៅកម្ពុជា។ នេះការចក្ខុវិស័យ របស់ ទន្តបណ្ឌិតស្ត្រី មកពីបាត់ដំបងរូបនេះ។
“ខ្ញុំគិតថាការអភិវឌ្ឍជំនាញ ជាការរៀនសូត្រមិនចេះចប់…ខ្ញុំជឿថា ចំណេះបានពីការសិក្សា ការអនុវត្ត និងការផ្លាស់ប្តូរបទពិសោធន៍ជាមួយសហគមន៍វិជ្ជាជីវៈអន្តរជាតិ ពិសេសប៉ែកខាងអឺរ៉ុប ដែលគេខ្លាំងស្រាប់ គួរតែយកមកប្រើ ដើម្បីលើកកម្ពស់គុណភាពនៃការព្យាបាល និងចែករំលែកដល់អ្នកជំនាញជំនាន់ក្រោយៗរបស់កម្ពុជាយើង”។ នេះជាការឆ្លុះបញ្ចាំងពីផ្នត់គំនិតលោកស្រី។
ទោះជាការប្រឹងប្រែងជាលំដាប់មកដល់សព្វថ្ងៃនេះ ក៏ដោយ ក៏លោស្រីទន្តបណ្ឌិតបានលើកឡើងថា លោកស្រីមានបំណងបន្តពង្រឹងសមត្ថភាពវិជ្ជាជីវៈបន្តទៀតមិនឈប់ទ្រឹងត្រឹមនេះទេ តាមរយៈ ការចូលរួមក្នុងការអប់រំសិក្សាស្រាវជ្រាវ ព្រមទាំងរួមចំណែកលើកកម្ពស់សេវាទន្តពេទ្យដែលផ្តោតលើគុណភាព សុវត្ថិភាព និងតម្រូវការរបស់អ្នកជំងឺតាមកម្រិតនៃស្ថានភាពឲ្យបានស្ដង់ដារ និងត្រឹមត្រូវបំផុត។
គុណតម្លៃនៃការខិតខំសិក្សារៀនសូត្រ នឹងហុចផល មិនត្រឹមតែអនាគតសាម៉ីខ្លួនប៉ុណ្ណោះទេ តែជាការលើកមុខមាត់ក្រុមគ្រួសារ និងសង្គមជាតិយើង។
សូមចែករំលែបន្ត ដើម្បីអ្នកបាត់ដំបង អ្នកខេត្តដទៃទៀត ដែលខិតខំយ៉ាងមុះមុត និងកម្ពុជាយើង!




