កុំ​​ចេះ​​តែ​​ថត​​រូប​​អ្នក​​ដទៃ​​បង្ហោះ​​ជា​​សាធារណៈ​​ប្រយ័ត្ន​​ជាប់​​​ទោស​​តាម​​ផ្លូវ​​ច្បាប់

ក្នុង​ពេល​ដែល​ស្ទើរ​តែគ្រប់​គ្នាមានទូរសព្ទ​​ទំនើប​ក្នុង​ដៃ​អាច​ប្រើ​ប្រាស់​អ៊ីនធឺណិត ថត​រូប ថត​វីដេអូ និង​បង្ហោះផ្សាយ​ក្នុង​បណ្ដាញ​សង្គម​បាន​ទៀត​នោះ បញ្ហា​មួយ​អាច​កើត​ឡើង​ដែល​គ្រប់​គ្នា​អាច​មិន​បាន​ចាប់​អារម្មណ៍​។ បញ្ហានោះ​គឺ​ការ​បំពាន​លើ​សិទ្ធិ​លើ​រូបភាព​របស់​បុគ្គល​​ដែល​ត្រូវ​បាន​គាំពារ​ដោយ​ច្បាប់​។

តាម​ច្បាប់​គ្មាន​ជន​ណា​មួយ​អាច​យក​រូប​ភាព ឬវីដេអូ​​របស់​បុគ្គល​ណា​មួយ​ទៅ​ផ្សព្វ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត​នោះទេ​។ បើសិន​ជាមាន​ករណី​បែបនេះ​កើត​មាន​ឡើងទោះ​​ម្ចាស់​រូប​អាច​ស្នើ​សុំ​ឲ្យ​អ្នក​បង្ហោះ​លុប​រូបភាព ឬ​វីដេអូ​នោះចេញ​វិញ។ ការ​ថត​ជាប់​នេះ​មិន​សម្ដៅ​តែ​លើ​ការ​ថត​ចំ​បុគ្គល​នោះ​ពេញ​លេញ​នោះទេ សូម្បី​តែ​ការ​ថត​គ្រាន់​តែ​ជាប់​រូប​របស់​យើង​ដោយអាច​សម្កាល់​ស្គាល់អត្តសញ្ញាណ​បាន ក៏​យើងអាច​ស្នើ​សុំ​ឲ្យអ្នក​ថត​លុប​រូប​នោះ​ចេញ​បាន​ដែរ។

បន្ថែម​ពី​នេះ​បើ​ក្នុង​ករណី​រូបភាព​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ហើយយើង​ក៏​មានសិទ្ធិ​សុំ​ឲ្យ​អ្នក​ផ្សាយ​ដក​រូបភាព​ ឬវីដេអូ​នោះ​ចេញ​វិញ​ដែរ។ បន្ថែម​ពី​នេះ​​បើ​សិន​ជា​ការ​បង្ហោះ​ផ្សព្វ​ផ្សាយ​នោះ​បាន​ធ្វើ​ឲ្យ​យើង​ជា​ម្ចាស់​រូប​មាន​ផល​ប៉ះពាល់ ឬ​ខូច​ប្រយោជន៍​ណាមួយ​ ម្ចាស់​រូប​អា​ចទាមទារ​សំណង​លើ​ការ​ខូច​ខាន​នោះបាន​។

ទាក់ទង​នឹង​ការ​ថត​រូប​នេះដែរ បើសិន​ជាការ​ថត ឬលួច​ថត​ចេញពី​ទីតាំង​ឯកជន​របស់​យើង​វិញ នោះ​យើង​ក៏​អាច​ប្ដឹង​អ្នក​ប្រព្រឹត្ត​ទង្វើ​នេះទៅ​តុលាការ​​ដើម្បី​ផន្ទាទាទោស​ជន​នោះ​បាន​។ តាម​មាត្រា​៣០២ នៃក្រមព្រហ្មទណ្ឌ ស្ដីពី​បទ​ប៉ះពាល់​ដល់​សិទ្ធខាង​រូបភាព​នៃ​បុគ្គល​បាន​ចែង​ថា៖ «​អំពើ​ថត​រូបភាព​នៃបុគ្គល​នៅ​កន្លែង​ឯកជន​ ដោយ​គ្មាន​ការព្រម​ព្រៀង​ពី​បុគ្គល​នោះទេ​​ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​១ខែ​ទៅ​១​ឆ្នាំ និង​ត្រូវ​ពិន័យ​ជា​ប្រាក់​ពី​១០ម៉ឺន​ទៅ​២​លាន​រៀល»​។ ដោយឡែកក៏​កំណត់​ដែរថា ត្រូវ​បាន​សន្មត​ថា​បាន​ព្រមព្រៀង ​បើសិន​បុគ្គល​ដែលពាក់​ព័ន្ធ​បាន​ទទួល​ដំណឹង​អំពីការ​ថត​ហើយ និង​មិន​បានជំទាស់នោះទេ​។

ដូច​នេះ​ក្នុង​សម័យ​បណ្ដាញ​សង្គម​នេះ យើង​ជា​ម្ចាស់​រូប ឬយើងជា​អ្នកចូល​ចិត្ត​ថត​រូប​បង្ហោះ ត្រូ​វចាំ​ថា​យើង​មាន​សិទ្ធិការពារ​រូប​ឯកជន​ភាព​របស់​យើង និង​យើង​ក៏​ត្រូវ​គោរពសិទ្ធិ​ឯកជន​ភាព​របស់​អ្នក​ដទៃ​ដូច​គ្នា​៕​​

ដោយ៖ ចាន់ តារា
ប្រភព៖ Khla Khmao Law

អត្ថបទពាក់ព័ន្ធ

- Advertisement -spot_img

អត្ថបទថ្មីៗ