សុខភាពមាត់ធ្មេញមិន​ល្អ​អាចជះឥទ្ធិពលអាក្រក់​ដល់​សុខភាពបេះដូង

សុខភាពមាត់ធ្មេញ​មិនត្រឹមតែពាក់ព័ន្ធនឹងធ្មេញ និងអញ្ចាញធ្មេញប៉ុណ្ណោះទេ ប៉ុន្តែក៏មានទំនាក់ទំនងជាមួយសុខភាពបេះដូងផងដែរ។ ការរលាករ៉ាំរ៉ៃនៅក្នុងមាត់ និងការឆ្លងមេរោគពីអញ្ចាញធ្មេញ អាចជះឥទ្ធិពលដល់ប្រព័ន្ធសរសៃឈាម និងបង្កើនហានិភ័យជំងឺបេះដូង។

ជំងឺរលាកអញ្ចាញធ្មេញធ្ងន់ធ្ងរ​អាចបង្កើតផ្លូវឱ្យបាក់តេរីបង្កជំងឺ​ចូលទៅក្នុងចរន្តឈាម។ វាអាចកើតឡើងសូម្បីតែក្នុងសកម្មភាពប្រចាំថ្ងៃ ដូចជាការទំពារអាហារ ឬដុសធ្មេញ នៅពេលអញ្ចាញធ្មេញមានការរលាក​។

នៅពេលបាក់តេរី ឬសារធាតុរបស់វាចូលទៅក្នុងឈាម វាអាចជំរុញការរលាកទូទាំងរាងកាយ។ ការរលាកនេះអាចប៉ះពាល់ដល់ស្រទាប់ខាងក្នុងនៃសរសៃឈាម និងជួយជំរុញការកកស្ទះជាតិខ្លាញ់ក្នុងសរសៃឈាម ដែលអាចបង្កើនហានិភ័យនៃ គាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល។

ការសិក្សាជាច្រើនក៏បានរកឃើញថា អ្នកដែលមានជំងឺរលាកអញ្ចាញធ្មេញធ្ងន់ធ្ងរ អាចមានហានិភ័យជំងឺសរសៃឈាមបេះដូងខ្ពស់ជាងមុន ទោះបីគិតគូរពីកត្តាផ្សេងៗ ដូចជា ការជក់បារី ជំងឺទឹកនោមផ្អែម ភាពធាត់ និងស្ថានភាពសេដ្ឋកិច្ចសង្គម ក៏ដោយ។

លើសពីនេះ ការស្រាវជ្រាវមួយចំនួនបង្ហាញថា ការព្យាបាលជំងឺអញ្ចាញធ្មេញអាចជួយធ្វើឱ្យមុខងារសរសៃឈាមប្រសើរឡើង និងកាត់បន្ថយសញ្ញានៃការរលាកក្នុងរាងកាយ។ ទោះជាយ៉ាងណា ការថែរក្សាសុខភាពមាត់ធ្មេញមិនគួរត្រូវបានចាត់ទុកជាការជំនួសការការពារ ឬព្យាបាលជំងឺបេះដូងតាមវេជ្ជសាស្ត្រឡើយ។

ដើម្បីថែរក្សាសុខភាពទាំងមាត់ធ្មេញ​ និងបេះដូង អ្នកជំនាញណែនាំឱ្យ ដុសធ្មេញជាប្រចាំ ប្រើខ្សែសម្អាតចន្លោះធ្មេញ និងពិនិត្យសុខភាពមាត់ធ្មេញ​ជាមួយទន្តបណ្ឌិតជាប្រចាំ។ ការថែរក្សាអនាម័យមាត់ធ្មេញ​ល្អអាចជាផ្នែកមួយនៃការថែទាំសុខភាពទូទៅ និងជួយកាត់បន្ថយបន្ទុកជំងឺក្នុងរយៈពេលវែង៕

ដោយ៖ ចាន់ តារា
ប្រភព៖ Science Acumen

អត្ថបទពាក់ព័ន្ធ

- Advertisement -spot_img

អត្ថបទថ្មីៗ