គេងមិនគ្រប់គ្រាន់អាចបង្កបញ្ហាយ៉ាងតិចបីយ៉ាងដល់រាងកាយ
- 2025-12-18 10:00:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គេងមិនគ្រប់គ្រាន់អាចបង្កបញ្ហាយ៉ាងតិចបីយ៉ាងដល់រាងកាយ
ចន្លោះមិនឃើញ
ការគេងមិនលក់អាចមកពីមូលហេតុច្រើនយ៉ាងដូចជាមានបញ្ហាតានតឹងក្នុងចិត្ត ថប់បារម្ភ ឬបញ្ហាសុខភាពផ្សេងទៀតដែលនាំឲ្យមានការពិបាកគេងរ៉ាំរ៉ៃ។ ការពិបាកគេងរ៉ាំរ៉ៃនឹងធ្វើឲ្យប៉ះពាល់ដល់សុខភាពរាងកាយ។ គេងមិនបានគ្រប់គ្រាន់ ជាទូទៅគឺគេងបានតិចជាង៧ម៉ោងក្នុងមួយយប់ អាចធ្វើឲ្យខួរក្បាល និងរាងកាយមិនអាចដំណើរការបានល្អដូចប្រក្រតី និងធ្វើឲ្យសកម្មភាពប្រចាំថ្ងៃធ្លាក់ចុះផងដែរ។
ដើម្បីឲ្យរាងកាយមានសុខភាពល្អ យើងគួរគេងឲ្យបានចន្លោះពី៧ទៅ៩ម៉ោងក្នុងមួយយប់។ ចំពោះអ្នកមានបញ្ហាគេងមិនលក់រ៉ាំរ៉ៃ គឺត្រូវស្វែងរកការព្យាបាលឲ្យបានត្រឹមត្រូវ ដើម្បីអាចឲ្យសុខភាពរាងកាយ និងស្មារតីមានសភាពល្អឡើងវិញ។ ខាងក្រោមនេះជាផលវិបាកបីយ៉ាងកើតលើរាងកាយ បើសិនជាយើងមានបញ្ហាគេងមិនលក់ ឬគេមិនគ្រប់គ្រាន់។
ប្រព័ន្ធភាពស៊ាំ
ពេលយើងកំពុងគេងប្រព័ន្ធភាពស៊ាំបញ្ចេញសារធាតុការពារ និងសារធាតុប្រឆាំងនឹងការឆ្លងមេរោគមានដូចជាអង់ទីករ និងស៊ីតូប្លាស។ ប្រព័ន្ធភាពសាំប្រើសារធាតុទាំងនេះដើម្បីប្រឆាំងនឹងសមាសធាតុបង្ករោគពីខាងក្រៅដូចជាវីរុស និងបាក់តេរី។
ស៊ីតូប្លាសជាក់លាក់មួយចំនួនជួយដល់ដំណេកដែលអាចជាផ្នែកមួយជួយឲ្យប្រព័ន្ធការពារកាយធ្វើការប្រឆាំងនឹងមេរោគបានកាន់តែប្រសើរ។
នៅពេលយើងគេងមិនគ្រប់គ្រាន់ ឬគេងបានតិចម៉ោងពេកធ្វើឲ្យប្រព័ន្ធការពាររាងកាយមិនអាចបង្កើនសមាសធាតុការពាររាងកាយបានគ្រប់គ្រាន់។ បើសិនជាងយើងគេងមិនបានគ្រប់គ្រាន់ ប្រព័ន្ធការពាររាងកាយយើងក៏មិនអាចប្រឆាំងនឹងភ្នាក់ងារបង្ករោគពីខាងក្រៅបានដែរ ឬក៏អាចត្រូវការពេលយូរក្នុងការជួយឲ្យយើងជាពីជំងឺណាមួយផងដែរ។
ដូចគ្នាដែរ បើសិនជាបញ្ហាដំណេកកើតទៅជារ៉ាំរ៉ៃ ក៏អាចធ្វើឲ្យយើងមានហានិភ័យកើតជំងឺរ៉ាំរ៉ៃមួយចំនួនដូចជាជំងឺទឹកនោមផ្អែម និងជំងឺបេះដូងជាដើម។
ប្រព័ន្ធផ្លូវដង្ហើម
គុណភាពដំណេក និងសុខភាពប្រព័ន្ធផ្លូវដង្ហើមមានទំនាក់ទំនងគ្នាទៅវិញទៅមក។ បើសិនជាយើងមានបញ្ហាដំណកដង្ហើមនៅពេលយប់ ឬបញ្ហាគេងបាត់ដង្ហើម នឹងធ្វើឲ្យរំខានដល់ដំណេក និងគុណភាពដំណេកក៏ធ្លាក់ចុះ។
ពេលយើងភ្ញាក់ពីគេងទាំងកណ្ដាលយប់ ការណ៍នេះអាចធ្វើឲ្យយើងគេងមិនបានឆ្អែត ហើយនាំឲ្យយើងប្រឈមនឹងជំងឺផ្លូវដង្ហើមដែរ ដូចជាជំងឺផ្ដាសាយធម្មតា ឬផ្ដាសាយធំ។ ដូចគ្នាដែរ បើបញ្ហាដំណេកកើតមានញឹកញាប់ក៏ធ្វើឲ្យអ្នកជំងឺសួតរ៉ាំរ៉ៃមានស្ថានភាពជំងឺកាន់តែអាក្រក់ផងដែរ។
ប្រព័ន្ធរំលាយអាហារ
ក្រៅពីការញ៉ាំច្រើន ហើយមិនហាត់ប្រាណ ការគេងមិនបានគ្រប់គ្រាន់ក៏ជាកត្តាប្រឈមមួយទៀតដែលនាំឲ្យមានបញ្ហាធាត់លើសទម្ងន់ផងដែរ។ ដំណេកមានឥទ្ធិពលលើកម្រិតអ័រម៉ូនពីរគឺ leptin និង ghrelin ដែលជាអ័រម៉ូនគ្រប់គ្រងការឃ្លាន និងភាពឆ្អែត។
អ័រម៉ូន leptin ជួយផ្ដល់ព័ត៌មានទៅខួរក្បាលថាយើងបានញ៉ាំគ្រប់គ្រាន់ហើយ។ ពេលគេងមិនបានគ្រប់គ្រាន់ ខួរក្បាលកាត់បន្ថយកម្រិតអ័រម៉ូន leptin និងបង្កើនកម្រិតអ័រម៉ូន ghrelin ដែលជាអ័រម៉ូនជំរុញការឃ្លាន។
ដូចគ្នាដែរ ការគេងមិនគ្រប់គ្រាន់ក៏ធ្វើឲ្យរាងកាយបញ្ចេញអាំងស៊ុយលីនតិចក្រោយញ៉ាំអាហារ។ អាំងស៊ុយលីនមាននាទីជួយកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាម។
ប្រភព៖ Hopkinsmedicine