តើបុរសនិងស្រ្តីមានការគ្រប់គ្រងលុយកាក់ខុសគ្នាឬដូចគ្នា?

  • 2026-02-03 07:02:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាទូទៅ យើងតែងឮគេនិយាយថាស្រ្តីពូកែសន្សំ រីឯបុរសពូកែរកឬស្រ្តីចូលចិត្ត Shopping ជាងបុរស។ ប៉ុន្តែ បើយើងពិនិត្យមើលតាមរយៈការសិក្សាបែបវិទ្យាសាស្ត្រ និងទិន្នន័យហិរញ្ញវត្ថុជាក់ស្តែង យើងនឹងឃើញថាការពិតមានភាពស៊ីជម្រៅជាងនេះ។

១. ទម្លាប់នៃការទិញទំនិញ

ការសិក្សាលើឥរិយាបថអ្នកប្រើប្រាស់បានប្រៀបធៀបបុរស និងស្រ្តី ទៅនឹងដូនតាយើងសម័យបុរាណ៖

  • បុរស៖ បុរសមាននិន្នាការទិញទំនិញដោយមានមុខទំនិញច្បាស់លាស់។ ពួកគេដឹងថាខ្លួនចង់បានអ្វី ដើរចូលទៅទិញ រួចដើរចេញមកវិញភ្លាម។ បុរសច្រើនចំណាយលុយលើវត្ថុមានតម្លៃធំៗដូចជាគ្រឿងអេឡិចត្រូនិច បច្ចេកវិទ្យា និងការផឹកនៅខាងក្រៅ។
  • ស្រ្តី៖ ស្រ្តីមាននិន្នាការទិញទំនិញបែបជ្រើសរើស។ ពួកគាត់ចំណាយពេលប្រៀបធៀបតម្លៃ ពិនិត្យគុណភាព និងស្វែងរកការបញ្ចុះតម្លៃ។ ស្រ្តីច្រើនចំណាយលើរបស់របរប្រើប្រាស់ប្រចាំថ្ងៃ ដូចជាសម្លៀកបំពាក់ និងតម្រូវការគ្រួសារ។ ហេតុនេះហើយបានជាយើងឃើញស្រ្តី Shopping ញឹកញាប់ ប៉ុន្តែបុរស Shopping ម្តងៗចំណាយលុយដុំធំជាង។

២. ការវិនិយោគ និងហានិភ័យ

យោងតាមការសិក្សារបស់ Fidelity Investments និងការវិភាគពី Veritas FCU បង្ហាញថា៖

  • បុរសមានទំនុកចិត្តខ្ពស់ពេក៖ បុរសហ៊ានប្រថុយប្រថានខ្លាំងក្នុងការវិនិយោគ ដូចជា ភាគហ៊ុន ឬ Crypto។ ពួកគាត់ចូលចិត្តទិញ-លក់ញឹកញាប់ ដែលពេលខ្លះបណ្តាលឱ្យខាតបង់លើកម្រៃសេវា និងការសម្រេចចិត្តខុសដោយសារអារម្មណ៍ឆេវឆាវ។
  • ស្រ្តីមានភាពហ្មត់ចត់៖ ស្រ្តីច្រើនចំណាយពេលស្រាវជ្រាវមុននឹងវិនិយោគ។ ពួកគាត់មិនសូវលក់ចេញទិញចូលញឹកញាប់ទេ។ លទ្ធផលបង្ហាញថាជាមធ្យម ផលចំណេញពីការវិនិយោគរបស់ស្រ្តីខ្ពស់ជាងបុរសប្រហែល០,៤% ជារៀងរាល់ឆ្នាំ ដោយសារតែភាពអត់ធ្មត់នេះឯង។

៣. គោលដៅហិរញ្ញវត្ថុ

ចិត្តសាស្ត្រហិរញ្ញវត្ថុបង្ហាញថា ការជំរុញចិត្តរវាងភេទទាំងពីរមានភាពខុសគ្នា។ ចំពោះបុរសច្រើនផ្ដោតលើស្ថានភាពសង្គមនិងការកើនឡើងទ្រព្យសម្បត្តិ។ លុយសម្រាប់បុរស គឺជាមធ្យោបាយបង្ហាញពីភាពជោគជ័យ និងអំណាច។ ចំណែកស្រ្តី ច្រើនផ្ដោតលើ សុវត្ថិភាព និងស្ថិរភាព។ ស្រ្តីចង់មានលុយដើម្បីធានាថាកូនៗមានសាលារៀនល្អ គ្រួសារមានផ្ទះសំបែងកក់ក្តៅ និងមានប្រាក់បម្រុងពេលមានអាសន្ន។

៤. ការគ្រប់គ្រងបំណុល

តាមទិន្នន័យពី Experian ក៏បានបង្ហាញដែរថា បុរសច្រើនមានបំណុលច្រើនជាងស្រ្តីបន្តិច ជាពិសេសបំណុលដែលទាក់ទងនឹងយានយន្ត និងឥណទានអាជីវកម្ម។ ចំណែកស្រ្តីមានទំនោរគ្រប់គ្រងកាតឥណទានបានល្អជាង និងមានអត្រានៃការបង់ប្រាក់យឺតយ៉ាវតិចជាងបុរស។

បើអីចឹងតើអ្នកណាខ្លាំងជាង?

តាមពិតទៅ គ្មានភេទណាខ្លាំងជាងភេទណាឡើយ ប៉ុន្តែអ្នកទាំងពីរមាន ចំណុចខ្លាំងរៀងៗខ្លួន។ បុរស ខ្លាំងខាងស្វែងរកឱកាសថ្មីៗ និងហ៊ានសម្រេចចិត្តធំៗ។ ចំណែកស្រ្តី ខ្លាំងខាងចាត់ចែងលម្អិត រក្សាស្ថិរភាព និងការការពារហានិភ័យ។

តើអ្វីជាមេរៀនសម្រាប់ប្តីប្រពន្ធ? គ្រួសារដែលជោគជ័យបំផុត គឺជាគ្រួសារដែលចេះប្រើចំណុចខ្លាំងទាំងពីរនេះមកបូកបញ្ចូលគ្នា។ បុរសគួររៀនពីភាពហ្មត់ចត់របស់ស្រ្តី ហើយស្រ្តីគួររៀនពីភាពក្លាហានក្នុងការវិនិយោគរបស់បុរស។

ប្រភព៖ Veritas Federal Credit Union / Research Publish Journals

អត្ថបទ៖ ចាន់ តារា

អត្ថបទពេញនិយម
អត្ថបទថ្មី