មកដឹងពីការគ្រប់គ្រងថវិកាក្នុងគ្រួសារនៅតាមប្រទេសមួយចំនួន
- 2026-02-02 08:31:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងពីការគ្រប់គ្រងថវិកាក្នុងគ្រួសារនៅតាមប្រទេសមួយចំនួន
ចន្លោះមិនឃើញ
ខណៈពេលដែលនៅក្នុងសង្គមខ្មែរយើង ស្រ្តីតែងត្រូវបានគេប្រសិទ្ធនាមថាជា «មេផ្ទះ» ដែលមានន័យរួមទាំងការគ្រប់គ្រងហិរញ្ញវត្ថុផងនោះ នៅក្នុងវប្បធម៌នៃប្រទេសមួយចំនួនទៀត ភារកិច្ចនេះត្រូវបានធ្លាក់ទៅលើបុរស ឬត្រូវបានបែងចែកដាច់ដោយឡែកពីគ្នា។
នេះគឺជាបណ្តាប្រទេស និងតំបន់មួយចំនួន ដែលមានទំនៀមទម្លាប់ ឬប្រព័ន្ធសង្គមដែលមិនសូវឱ្យស្រ្តីមេផ្ទះក្តាប់លុយទាំងស្រុង។
១. បណ្តាប្រទេសនៅតំបន់មជ្ឈិមបូព៌ា ដូចជា អារ៉ាប៊ីសាអូឌីត ឬហ្សកដានី
នៅក្នុងវប្បធម៌អារ៉ាប់បែបអភិរក្ស បុរសត្រូវបានចាត់ទុកថាជាាអ្នកផ្តល់អាហារ និងអ្នកការពារ។ ផ្អែកលើគោលការណ៍សង្គម និងច្បាប់គ្រួសារមួយចំនួន បុរសមានកាតព្វកិច្ចចិញ្ចឹមបីបាច់គ្រួសារទាំងស្រុង។ ដូច្នេះ បុរសជាអ្នកកាន់កាប់ថវិកា និងសម្រេចចិត្តលើការចំណាយធំៗ។
របាយការណ៍របស់ World Bank ស្តីពី "Women, Business and the Law" បង្ហាញថា នៅប្រទេសមួយចំនួនក្នុងតំបន់នេះ ស្រ្តីនៅតែមានកម្រិតក្នុងការទទួលបានសេវាហិរញ្ញវត្ថុដោយខ្លួនឯងបើធៀបនឹងបុរស ហើយការសម្រេចចិត្តហិរញ្ញវត្ថុក្នុងគ្រួសារច្រើនតែជាភារកិច្ចរបស់មេគ្រួសារជាបុរស។
២. ប្រទេសឥណ្ឌា ជាពិសេសនៅតំបន់ជនបទ
ទោះបីជាឥណ្ឌាមានស្រ្តីខ្លាំងៗច្រើនក្នុងវិស័យជំនួញ ប៉ុន្តែក្នុងរចនាសម្ព័ន្ធគ្រួសារបែបប្រពៃណីបុរសគឺជាអ្នកក្តាប់លុយកាក់។
រចនាសម្ព័ន្ធគ្រួសារឥណ្ឌាបែបបុរាណ គឺផ្អែកលើប្រព័ន្ធបិតាធិបតេយ្យ ដែលយកបុរសជាធំ។ បុរសដែលជាឪពុក ឬកូនប្រុសច្បង គឺជាអ្នកចាត់ចែងទ្រព្យសម្បត្តិ និងចំណូលទាំងអស់របស់សមាជិកគ្រួសារ។ យោងតាមការសិក្សារបស់ National Family Health Survey នៅឥណ្ឌា បានបង្ហាញថា ស្រ្តីមួយចំនួនធំមិនមានសិទ្ធិសម្រេចចិត្តលើការចំណាយធំៗក្នុងផ្ទះឡើយ បើទោះបីជាលុយនោះជារបស់ពួកគេផ្ទាល់ក៏ដោយ។
៣. ប្រទេសលោកខាងលិច
ក្នុងប្រទេសទាំងនេះ គេមិនមែនមិនឱ្យស្រ្តីកាន់លុយទេ ប៉ុន្តែគេនិយមប្រើប្រព័ន្ធសេរីភាពហិរញ្ញវត្ថុបុគ្គល។ ក្នុងវប្បធម៌លោកខាងលិច គេឱ្យតម្លៃលើឯករាជ្យភាព។ ប្តី និងប្រពន្ធ ច្រើនតែមានគណនីធនាគារដាច់ដោយឡែកពីគ្នា។ ពួកគេបែងចែកគ្នាថា អ្នកណាត្រូវបង់ថ្លៃផ្ទះ អ្នកណាទិញម្ហូប ប៉ុន្តែគ្មានអ្នកណាម្នាក់ក្តាប់លុយទាំងស្រុងរបស់ម្នាក់ទៀតឡើយ។
ការស្ទង់មតិរបស់ TD Bank បានបង្ហាញថា យុវវ័យសម័យថ្មីនៅលោកខាងលិចកាន់តែច្រើនឡើងកំពុងជ្រើសរើសការមិនរួមបញ្ចូលកញ្ចប់ថវិកាជាមួយគ្នា ដើម្បីជៀសវាងជម្លោះ និងរក្សាភាពម្ចាស់ការលើខ្លួនឯង។
៤. ប្រទេសជប៉ុន ករណីពិសេសដែលកំពុងផ្លាស់ប្តូរ
កាលពីមុន ជប៉ុនគឺជាប្រទេសដែលស្រ្តីមេផ្ទះមានអំណាចខ្លាំងបំផុតលើលុយកាក់ដោយប្តីត្រូវប្រគល់ប្រាក់ខែទាំងអស់ឱ្យប្រពន្ធ ហើយប្រពន្ធចែកលុយដាក់ហោប៉ៅឱ្យប្តីវិញ។ ប៉ុន្តែបច្ចុប្បន្ន ទំនោរនេះកំពុងថយចុះ។ ដោយសារសេដ្ឋកិច្ចធ្លាក់ចុះ និងការកើនឡើងនៃស្រ្តីដែលចេញធ្វើការរកចំណូល យុវជនជប៉ុនសម័យថ្មីលែងចង់ឱ្យប្រពន្ធក្តាប់លុយទាំងអស់ទៀតហើយ។
តាមការចុះផ្សាយរបស់ Japan Times យុវជនជប៉ុនកាន់តែច្រើននិយមប្រើប្រព័ន្ធចូលរួមពាក់កណ្តាលម្នាក់នៅក្នុងគ្រួសារ ជាជាងការឱ្យប្រពន្ធធ្វើជាអ្នកកាន់បញ្ជីដូចសម័យមុន។
ហេតុអ្វីបានជាស្រ្តីខ្មែរភាគច្រើនជាអ្នកកាន់លុយ?
នៅក្នុងបរិបទអាស៊ីអាគ្នេយ៍ដូចជាកម្ពុជា យើងមានប្រព័ន្ធមួយដែលផ្តល់តម្លៃលើតួនាទីជាម្តាយ។ ការដែលស្រ្តីខ្មែរកាន់លុយ គឺអាចមកពីជំនឿថា ស្រ្តីមានភាពហ្មត់ចត់ ចេះសន្សំសំចៃ និងគិតគូរវែងឆ្ងាយសម្រាប់កូន និងគ្រួសារ។ ជាទៅទៅបុរសមានអំណាចលើសង្គមខាងក្រៅ រីឯស្រ្តីមានអំណាចលើកិច្ចការក្នុងផ្ទះដើម្បីរក្សាតុល្យភាព។
តើអ្នកយល់យ៉ាងណាដែរ? តើអ្នកចូលចិត្តប្រព័ន្ធ «ប្រពន្ធកាន់លុយទាំងអស់» បែបខ្មែរយើង ឬចូលចិត្តប្រព័ន្ធ «កាបូបលុយដាច់ដោយឡែក» បែបលោកខាងលិច?
ប្រភព៖ Oxford Policy Management / WARC / Devpolicy.org