ស្រីៗប្រញាប់កែទម្លាប់ទាំងនេះភ្លាមបើមិនចង់ឲ្យខ្សែជីវិតអន់ថយ
- 2026-02-03 07:26:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រីៗប្រញាប់កែទម្លាប់ទាំងនេះភ្លាមបើមិនចង់ឲ្យខ្សែជីវិតអន់ថយ
ចន្លោះមិនឃើញ
ក្នុងជីវិតមនុស្សម្នាក់ៗសំណាងមិនមែនកើតឡើងដោយចៃដន្យទាំងស្រុងនោះទេ ប៉ុន្តែវាច្រើនតែកើតចេញពីសកម្មភាព ផ្នត់គំនិត និងទម្លាប់ប្រចាំថ្ងៃរបស់យើង។ សម្រាប់មិត្តនារីដែលចង់ឱ្យជីវិតជួបតែរឿងល្អៗ មានសិរីសួស្តី និងភាពចម្រើនរុងរឿង សូមពិនិត្យមើល និងផ្លាស់ប្តូរទម្លាប់អវិជ្ជមានទាំង ៥ នេះជាបន្ទាន់ បើសិនជាមាន។
១. ទម្លាប់និយាយដើមគេ ឬរិះគន់ក្នុងន័យអវិជ្ជមាន
ការចំណាយពេលអង្គុយនិយាយដើម ឬចាក់រុកអ្នកដទៃ មិនត្រឹមតែធ្វើឱ្យអ្នកបាត់បង់តម្លៃក្នុងភ្នែកអ្នកដទៃប៉ុណ្ណោះទេ ប៉ុន្តែវាក៏កំពុងទាញយកគំនិតអវិជ្ជមានមកដាក់ក្នុងខ្លួនផងដែរ។ ការធ្វើបែបនេះអាចធ្វើឲ្យយើងបាត់បង់ទំនុកចិត្តពីមនុស្សជុំវិញខ្លួននិងធ្វើឱ្យចិត្តមិនស្ងប់។
ចូរងាកមកនិយាយពីគំនិតអាជីវកម្ម ការអភិវឌ្ឍខ្លួន ឬការសរសើរចំណុចល្អរបស់អ្នកដទៃវិញ។ សំណាងល្អនឹងកើតមាន នៅពេលដែលមាត់របស់អ្នកពោលតែពាក្យពេចន៍មានប្រយោជន៍។
២. ភាពគ្មានសណ្ដាប់ធ្នាប់
តាមជំនឿបែបវិទ្យាសាស្ត្រ និងហុងស៊ុយ ភាពរញ៉េរញ៉ៃគឺជាឧបសគ្គនៃលំហូរលុយកាក់។ ប្រសិនបើកន្លែងធ្វើការ បន្ទប់គេង ឬសូម្បីតែកាបូបលុយរបស់អ្នកពោលពេញដោយសំរាម ឬរបស់របរគ្មានសណ្ដាប់ធ្នាប់ វានឹងធ្វើឱ្យស្មារតីរបស់អ្នកស្មុគស្មាញ។ ការណ៍នេះធ្វើឱ្យខួរក្បាលតប់ប្រមល់ ងាយនឹងធ្វើសម្រេចចិត្តខុស។ រៀបចំសម្អាតកន្លែងរស់នៅឱ្យមានរបៀបរៀបរយ និងមានខ្យល់អាកាសបរិសុទ្ធ ដើម្បីស្វាគមន៍លាភដែលនឹងចូលមកដល់។
៣. ទម្លាប់មិនឲ្យតម្លៃខ្លួនឯង
ស្រីៗយើងមួយចំនួនចូលចិត្តនិយាយថា«ខ្ញុំធ្វើមិនបានទេ»ឬ «ខ្ញុំមិនស្អាត» ឬ «ខ្ញុំមិនពូកែដូចគេ»។ ការដាក់តម្លៃខ្លួនឯងទាបបែបនេះ គឺជាការបិទផ្លូវសំណាង ឬឱកាសដោយខ្លួនឯង។ បើយើងជាអ្នកធ្វើការឱកាសល្អៗក្នុងការឡើងតំណែង ឬតួនាទីថ្មីនឹងរំលងហួស ព្រោះយើងគ្មានភាពក្លាហាននឹងចាប់យកវា។ បង្កើនការជឿជាក់លើខ្លួនឯង នេះជាអ្វីដែលយើងត្រូវធ្វើ។ ត្រូវចាំថា បើយើងមិនឱ្យតម្លៃខ្លួនឯងផង តើអ្នកណាគេនឹងមកឱ្យតម្លៃយើង?
៤. ទម្លាប់ចាយវាយខ្ជះខ្ជាយគ្មានផែនការ
សំណាងល្អក្នុងរឿងលុយកាក់ មិនមែនអាស្រ័យលើការរកបានច្រើនតែម្យ៉ាងទេ ប៉ុន្តែអាស្រ័យលើការ«ចេះសន្សំទុកដាក់»។ ការចាយវាយតាមអារម្មណ៍ ដើម្បីតែសម្ភារៈនិយមហួសសមត្ថភាព នឹងនាំមិត្តនារីយើងទៅរកអាការៈដាច់លុយមិនខាន។ ការគ្រប់គ្រងលុយកាក់មិនបានល្អ អាចធ្វើឲ្យយើងជាប់បំណុល ជួបវិបត្តិហិរញ្ញវត្ថុ និងបាត់បង់សន្តិភាពផ្លូវចិត្ត។ រៀនរៀបចំកញ្ចប់ថវិកា សន្សំសំចៃ និងវិនិយោគលើចំណេះដឹង។
៥. ទម្លាប់នៅក្បែរមនុស្សអគតិ
បើយើងនៅក្បែរមនុស្សដែលពោរពេញដោយការត្អូញត្អែរ បន្ទោសព្រហ្មលិខិត និងមិនខិតខំប្រឹងប្រែងនោះយើងនឹងក្លាយជាមនុស្សបែបនោះដែរ។ ផ្នត់គំនិតរបស់យើងនឹងប្រែជាអវិជ្ជមាន ហើយសំណាងល្អនឹងរត់ចេញពីយើង។ជ្រើសរើសសេពគប់មិត្តភក្តិដែលចេះជួយជ្រោមជ្រែង ផ្ដល់កម្លាំងចិត្ត និងមានមហិច្ឆតា ទើបធ្វើឲ្យជីវិតរបស់យើងមានភាពរីកចម្រើន។ ចូរចាំថាយើងអាចស្គាល់ និងរាប់អានមនុស្សជាច្រើន តែមិនមែនគ្រប់គ្នាសុទ្ធជាអ្នកដែលយើងអាចរៀនសូត្រ ឬយកគំរូតាមបាននោះទេ។
វាសនា ស្ថិតនៅលើបាតដៃរបស់អ្នកយើងម្នាក់ៗ។ នៅពេលយើងផ្លាស់ប្តូរទម្លាប់ពីអវិជ្ជមាន មកជាវិជ្ជមាន ពិភពលោកជុំវិញខ្លួននឹងប្រែពណ៌តាមនោះដែរ។ ចូរចាប់ផ្ដើមញញឹមឱ្យបានច្រើន រៀបចំខ្លួនឱ្យបានស្អាតបាត និងមានចិត្តមេត្តា នោះសំណាងល្អនឹងរត់មករកអ្នកដោយមិនបាច់ដេញតាម៕