ការផ្លាស់ប្តូរពីជីវិតជាសិស្សវិទ្យាល័យទៅជានិស្សិតមហាវិទ្យាល័យ មិនត្រឹមតែជាការផ្លាស់ប្តូរបរិយាកាសសិក្សាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការផ្លាស់ប្តូររបៀបរៀនសូត្រទាំងស្រុងដែលទាមទារនូវការត្រៀមខ្លួនជាស្រេច។ ដើម្បីធានាបាននូវការសិក្សាដោយរលូន និងមានប្រសិទ្ធភាពខ្ពស់ អ្នកជំនាញផ្នែកអប់រំ និងការតម្រង់ទិសអាជីពបានផ្តល់អនុសាសន៍លើជំនាញគ្រឹះចាំបាច់ចំនួន ៣ ដែលយុវជនគួរពង្រឹងមុនពេលបើកបវេសនកាលថ្មីនៅមហាវិទ្យាល័យ។

១. ជំនាញភាសាបរទេស ជាពិសេសភាសាអង់គ្លេស
នៅកម្រិតឧត្តមសិក្សា ឯកសារស្រាវជ្រាវ សៀវភៅសិក្សា និងទិន្នន័យសំខាន់ៗភាគច្រើនត្រូវបានសរសេរជាភាសាអង់គ្លេស។ ការមានសមត្ថភាពអាន និងស្តាប់បានស្ទាត់ជំនាញ នឹងជួយឱ្យនិស្សិតអាចទាញយកប្រភពចំណេះដឹងពីអន្តរជាតិបានទូលំទូលាយ និងធ្វើកិច្ចការស្រាវជ្រាវ (Assignment) បានយ៉ាងងាយស្រួលដោយមិនមានឧបសគ្គផ្នែកភាសា។
២. ជំនាញឌីជីថល និងបច្ចេកវិទ្យា
បរិបទអប់រំទំនើបទាមទារឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាជាចាំបាច់សម្រាប់ការធ្វើបទបង្ហាញ ការស្រាវជ្រាវ និងការប្រគល់កិច្ចការសាលា។ ការស្ទាត់ជំនាញលើកម្មវិធីការិយាល័យ (Word, Excel, PowerPoint) កម្មវិធីឌីហ្សាញជាមូលដ្ឋាន និងការចេះប្រើប្រាស់ឧបករណ៍ AI ប្រកបដោយការទទួលខុសត្រូវ នឹងជួយបង្កើនល្បឿន ភាពច្នៃប្រឌិត និងគុណភាពនៃការសិក្សា។
៣. ជំនាញទំនាក់ទំនង និងការធ្វើការងារក្រុម
ខុសពីការសិក្សានៅវិទ្យាល័យ ការសិក្សានៅមហាវិទ្យាល័យផ្តោតខ្លាំងលើការធ្វើការងារជាក្រុម និងការធ្វើបទបង្ហាញ។ ការពង្រឹងជំនាញប្រាស្រ័យទាក់ទង ការស្តាប់ដោយយកចិត្តទុកដាក់ និងការបញ្ចេញមតិយោបល់ដោយមានហេតុផល នឹងជួយឱ្យនិស្សិតកសាងទំនាក់ទំនងល្អជាមួយមិត្តភក្តិ គ្រូបង្គោល និងបង្កើតបណ្តាញទំនាក់ទំនង ដ៏មានឥទ្ធិពលសម្រាប់ឱកាសអាជីពនាពេលអនាគត។
ការត្រៀមខ្លួនជាស្រេចលើជំនាញទាំងបីនេះ មិនត្រឹមតែជាគ្រឹះស្ពានជួយឱ្យការសិក្សានៅមហាវិទ្យាល័យទទួលបានលទ្ធផលល្អប្រសើរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាដើមទុនដ៏មានតម្លៃក្នុងការកសាងភាពប្រកួតប្រជែងសម្រាប់ទីផ្សារពលកម្មនាពេលខាងមុខផងដែរ៕
អត្ថបទ៖ សែន តុលា
ប្រភព៖ ETS


