តើ​ការ​ចិញ្ចឹម​កូន​ទម្រើស​​នឹង​ធ្វើ​ឱ្យ​កុមារ​ក្លាយ​ជា​មនុស្ស​បែប​ណា​?

នៅក្នុងការចិញ្ចឹមបីបាច់ថែរក្សាកូនចៅ ឪពុកម្តាយគ្រប់រូបតែងតែផ្តល់ក្តីស្រឡាញ់ និងប្រាថ្នាចង់ឱ្យកូនមានសេចក្តីសុខ។ យ៉ាងណាមិញ អ្នកជំនាញផ្នែកចិត្តវិទ្យា និងការអភិវឌ្ឍកុមារបានព្រមានថា ការចិញ្ចឹមកូនតាមបែបទម្រើសខ្លាំងពេក ពោលគឺការស្រឡាញ់តាមចិត្ត មិនដាក់ព្រំដែន មិនទូន្មានវិន័យ និងតែងតែបំពេញតាមតម្រូវការកូនគ្រប់យ៉ាង អាចក្លាយជា «អាវុធមុខពីរ» ដែលបំផ្លាញបុគ្គលិកលក្ខណៈ និងអនាគតរបស់កុមារដោយមិនដឹងខ្លួន។

ការសិក្សាស្រាវជ្រាវបានបង្ហាញថា កុមារដែលលូតលាស់ឡើងក្នុងបរិយាកាសទម្រើសហួសហេតុ តែងតែប្រឈមនឹងការប្រែប្រួលបុគ្គលិកលក្ខណៈអវិជ្ជមាននៅពេលពេញវ័យ.

ខ្វះការទប់ស្កាត់ និងវិន័យខ្លួនឯង។ ដោយសារធ្លាប់តែទទួលបានអ្វីៗតាមចិត្តភ្លាមៗ ពួកគេពិបាកក្នុងការគ្រប់គ្រងអារម្មណ៍ ឬចំណង់របស់ខ្លួនឯងណាស់។ កុមារទាំងនេះខ្វះអត់ធ្មត់ក្នុងការរង់ចាំ ហើយងាយកើតទោសៈ ឬខឹងសម្បារនៅពេលអ្វីៗមិនដូចបំណង។

អាត្មានិយម និងយល់ថាពិភពលោកវិលជុំវិញខ្លួន។ ពួកគេច្រើនតែគិតថាអ្នកដទៃត្រូវតែតាមចិត្ត ឬយកចិត្តទុកដាក់លើរូបគេជានិច្ច ជាហេតុធ្វើឱ្យខ្វះការយល់ចិត្ត និងមិនសូវចេះគោរពសិទ្ធិ ឬលំហផ្ទាល់ខ្លួនរបស់អ្នកដទៃឡើយ។

ខ្វះទំនួលខុសត្រូវ និងជំនាញដោះស្រាយបញ្ហា។ ការដែលមានឪពុកម្តាយចាំតាមដោះស្រាយជំនួសរហូត ធ្វើឱ្យពួកគេក្លាយជាមនុស្សមិនចេះទទួលខុសត្រូវលើទង្វើខ្លួនឯង ងាយទម្លាក់កំហុសលើអ្នកដទៃ និងគ្មានសមត្ថភាពតតាំងនឹងឧបសគ្គក្នុងជីវិតដោយខ្លួនឯង។

ពិបាកចុះសម្រុងក្នុងសង្គម និងការងារ។ នៅក្នុងសង្គមខាងក្រៅ ឬកន្លែងធ្វើការ គ្មាននរណាម្នាក់មកតាមចិត្តគេដូចឪពុកម្តាយឡើយ។ មនុស្សដែលធំឡើងពីការទម្រើស តែងតែមានបញ្ហាក្នុងការបង្កើតទំនាក់ទំនងជាមួយមិត្តភក្តិ ឬសហការី ហើយងាយបោះបង់ចោលការងារនៅពេលជួបសម្ពាធ។

ងាយប្រឈមនឹងវិបត្តិផ្លូវចិត្ត។ ទោះបីជាមើលទៅមានសេរីភាពខ្លាំង ប៉ុន្តែកុមារទម្រើសភាគច្រើនតែងមានអារម្មណ៍មិនសូវមានសុវត្ថិភាព ឬខ្វះទំនុកចិត្តលើខ្លួនឯង ដោយសារពួកគេមិនធ្លាប់បានឆ្លងកាត់ការតស៊ូ ឬសម្រេចអ្វីមួយដោយសមត្ថភាពពិតប្រាកដ។

អ្នកជំនាញបានបញ្ជាក់ថា ការស្រឡាញ់កូនជារឿងដ៏ល្អប្រសើរ ប៉ុន្តែ «ក្តីស្រឡាញ់ដែលគ្មានវិន័យ» គឺជាការបំផ្លាញអនាគតរបស់កូនទៅវិញទេ។ ដើម្បីជួយឱ្យកូនលូតលាស់ជាមនុស្សមានសមត្ថភាព និងស្មារតីរឹងមាំ អាណាព្យាបាលគប្បីបង្កើតព្រំដែនច្បាស់លាស់ បង្រៀនឱ្យស្គាល់ខុសត្រូវ ចេះរង់ចាំ និងបណ្តោយឱ្យកូនរៀនដោះស្រាយបញ្ហាតូចតាចដោយខ្លួនឯង។ ការរួមបញ្ចូលគ្នារវាង «ក្តីស្រឡាញ់» និង «វិន័យដ៏ត្រឹមត្រូវ» គឺជាកាដូដ៏មានតម្លៃបំផុតដែលឪពុកម្តាយអាចផ្តល់ឱ្យកូនៗសម្រាប់ជីវិតអនាគតរបស់ពួកគេ៕

ដោយ៖ ម៉ោលី
ប្រភព៖ CNBC

អត្ថបទពាក់ព័ន្ធ

- Advertisement -spot_img

អត្ថបទថ្មីៗ