តើអ្នកធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាលុយតែងតែអស់លឿនខុសពីការរំពឹងទុក? ជារឿយៗ យើងតែងតែចាញ់បោកចិត្តដែលចេះតែចង់បាន ដោយគិតថាវាជារឿងចាំបាច់ទៅវិញ។ ប៉ុន្តែនៅក្នុងពិភពហិរញ្ញវត្ថុ ការបែងចែកឱ្យដាច់រវាងរបស់ដែលចាំបាច់និងរបស់ដែលចង់បាន គឺជាគន្លឹះដំបូងបំផុតដើម្បីឈានទៅរកភាពមានបាន និងសេរីភាពផ្នែកហិរញ្ញវត្ថុ។

ស្ថាប័នហិរញ្ញវត្ថុធំៗដូចជា អ៊ីនវេស្ដូភីឌៀ (Investopedia) បានផ្តល់និយមន័យយ៉ាង ថារបស់ចាំបាច់គឺជាអ្វីដែលមិនអាចខ្វះបានសម្រាប់ជីវិត ដូចជាម្ហូបអាហារ ការស្នាក់នៅ និងការព្យាបាលជំងឺ។ ផ្ទុយទៅវិញរបស់ដែលចង់បាន គឺជាវត្ថុ ឬសេវាកម្មដែលបង្កើនភាពរីករាយ ប៉ុន្តែមិនមែនជាតម្រូវការចាំបាច់សម្រាប់ការរស់នៅឡើយ។ អ្នកជំនាញហិរញ្ញវត្ថុតែងតែរំលឹកថា ការចាយវាយតាមអារម្មណ៍ទៅលើរបស់ដែលចង់បាន គឺជាឧបសគ្គធំបំផុតដែលរារាំងគ្រួសារមិនឱ្យមានប្រាក់សន្សំគ្រប់គ្រាន់សម្រាប់ថ្ងៃអនាគត។
ដូច្នេះ តើអ្នកគួរកំណត់អាទិភាពដោយរបៀបណា? អ្នកជំនាញបានណែនាំថា មុនពេលសម្រេចចិត្តទិញរបស់អ្វីមួយ សូមសួរខ្លួនឯងថាប្រសិនបើខ្ញុំមិនទិញរបស់នេះ តើជីវិតខ្ញុំមានផលវិបាកអ្វីដែរឬទេ?។ ប្រសិនបើចម្លើយគឺ «ទេ» នោះវាគឺជារបស់ដែលយើងចង់បាន។ ក្នុងនាមជាគ្រួសារ ការកាត់បន្ថយការចំណាយលើរបស់ដែលមិនចាំបាច់ នឹងជួយឱ្យអ្នកមានលទ្ធភាពសន្សំប្រាក់បានកាន់តែច្រើន ដើម្បីបង្កើតមូលនិធិសង្គ្រោះបន្ទាន់ ឬវិនិយោគសម្រាប់អនាគតកូនៗ។
ការគ្រប់គ្រងថវិកាមិនមែនមានន័យថាអ្នកត្រូវរស់នៅយ៉ាងវេទនា ឬមិនអាចទិញអ្វីដែលខ្លួនស្រឡាញ់នោះទេ ប៉ុន្តែវាមានន័យថាអ្នកកំពុង គ្រប់គ្រងលុយ មិនមែនឱ្យ លុយគ្រប់គ្រងអ្នកនោះទេ។ ចូរចាប់ផ្តើមកំណត់អាទិភាពចាប់ពីថ្ងៃនេះ ដើម្បីកសាងសុភមង្គលហិរញ្ញវត្ថុឱ្យបានស្ថិតស្ថេរក្នុងគ្រួសាររបស់អ្នក៕
ដោយ៖ ចាន់ តារា
ប្រភព៖ Medium


