គន្លឹះ​នៃ​ការ​ទទួល​ទាន​ទឹក​តែ​ប្រកប​ដោយ​ប្រសិទ្ធភាព និង​បាន​គុណប្រយោជន៍

ការផឹកតែក្នុង១ថ្ងៃៗ មិនត្រឹមតែជួយឱ្យខួរក្បាលស្រស់ស្រាយ និងបន្ធូរភាពតានតឹងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាទម្លាប់ដ៏ល្អមួយក្នុងការថែរក្សាសុខភាពបេះដូងផងដែរ។ ទោះជាយ៉ាងណា ពេលនេះការសិក្សាវិទ្យាសាស្ត្រដ៏ធំមួយបានរកឃើញអាថ៌កំបាំងដ៏គួរឱ្យភ្ញាក់ផ្អើលមួយថា មិនមែនរាល់ការ​ផឹក​តែទាំងអស់សុទ្ធតែផ្តល់ផលល្អដូចគ្នានោះឡើយ។ វា​ក៏​អាស្រ័យ​ថាតើអ្នកឆុងតែក្រាសកម្រិតណា ផឹកក្នុងបរិមាណប៉ុន្មាន ហើយចំណុចសំខាន់បំផុតគឺសីតុណ្ហភាពក្តៅកម្រិតណា ទើបអាចជួយការពារសុខភាពសរសៃឈាមបេះដូងបានពិតប្រាកដ ដោយជៀសផុតពីហានិភ័យដោយអចេតនា?


បើនិយាយដល់ភេសជ្ជៈដែលមានប្រយោជន៍ចំពោះសុខភាព «តែ» តែងតែស្ថិតក្នុងចំណោមជម្រើសកំពូលៗជានិច្ច ព្រោះការសិក្សានានាកន្លងមកបានបង្ហាញថា ការផឹកតែជាប្រចាំអាចជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង និងសរសៃឈាម។ ប៉ុន្តែ រហូតមកទល់ពេលនេះ បញ្ហាថា​តើប្រភេទតែបែបណា កម្រិតភាពក្រាសកម្រិតណា និងសីតុណ្ហភាពក្តៅកម្រិតណាមួយ ទើបផ្តល់ផលល្អបំផុតនោះ នៅតែជាសំណួរដែលមិនទាន់មានចម្លើយច្បាស់លាស់។


ដើម្បីស្រាយចម្ងល់នេះ ការសិក្សាមួយដែលត្រូវបានធ្វើឡើងនៅក្នុងប្រទេសចិន និងបានចុះផ្សាយក្នុងទស្សនាវដ្តីវេជ្ជសាស្ត្រ Journal of Internal Medicine បានធ្វើការតាមដានលើមនុស្សពេញវ័យចំនួន ៤៨៥ ៩៣៤ នាក់ ក្នុងរយៈពេលជាមធ្យមប្រហែល ៩ ឆ្នាំ។ ជាលទ្ធផល ក្រុមអ្នកស្រាវជ្រាវបានកត់ត្រាករណីជំងឺបេះដូង សួត ខួរក្បាល និងសរសៃឈាមអាទែសរុបចំនួន ១៤ ៨៦៣ ករណី ដែលធ្វើឱ្យគេយល់ដឹងកាន់តែច្បាស់ពីឥទ្ធិពលនៃការផឹកតែ។ របកគំហើញដ៏គួរឱ្យចាប់អារម្មណ៍បានបង្ហាញថា ការផឹកតែជាប្រចាំអាចជួយកាត់បន្ថយហានិភ័យនៃបញ្ហាសុខភាពបេះដូង និងសរសៃឈាមបានរហូតដល់ ១១ ភាគរយ ប្រៀបធៀបនឹងអ្នកដែលមិនដែលផឹកតែទាល់តែសោះ។ ជាងនេះទៅទៀត ការសិក្សាក៏បានរកឃើញនូវ «វិធី» សម្រាប់សុខភាព ដែលរួមមាន ទម្លាប់ផឹកតែជាប្រចាំ ការមិនជក់បារី និងការឧស្សាហ៍ធ្វើសកម្មភាពរាងកាយឬហាត់ប្រាណ ដែលកត្តាទាំងនេះរួមបញ្ចូលគ្នាអាចផ្តល់នូវកម្រិតហានិភ័យទាបបំផុត។


ទាក់ទងនឹងបរិមាណដ៏ស័ក្តិសមបំផុត ក្រុមអ្នកវិទ្យាសាស្ត្របានសង្កេតឃើញថា អ្នកដែលផឹកតែក្នុងកម្រិតប្រហែល ៦ ទៅ ៨ ពែងក្នុងមួយថ្ងៃ ក្នុងចំណោមអ្នកដែលផឹកជាប្រចាំរៀងរាល់សប្តាហ៍ គឺទទួលបានកម្រិតហានិភ័យទាបជាងគេបង្អស់។ បន្ថែមពីលើនេះ លក្ខណៈនៃការឆុង និងប្រភេទតែ ក៏ជាកត្តាចាំបាច់ដែលត្រូវយកចិត្តទុកដាក់ផងដែ។ ចំពោះប្រភេទតែខ្មៅ ជួយកាត់បន្ថយហានិភ័យជំងឺសរសៃឈាម។ បើនិយាយពីកម្រិតភាពខាប់ ឬក្រាសវិញ គឺយើងឆុងវា មិនខាប់ពេក មិនរាវពេក ឆុងឱ្យសមល្មម ទើបទទួលបានប្រសិទ្ធិភាព។ ចំពោះសីតុណ្ហភាព ពេលឆុងត្រូវទុកទឹកឱ្យត្រជាក់បន្តិច កុំឱ្យក្តៅពេក ទោះបីជាក្រុមអ្នកស្រាវជ្រាវមិនទាន់អាចបញ្ជាក់ច្បាស់ថា កម្តៅតែមួយមុខជាដើមហេតុបង្កឱ្យមានគ្រោះថ្នាក់យ៉ាងណាក៏ដោយ។


ស្រដៀងគ្នានេះដែរ លោក Dell Stanford អ្នកជំនាញខាងរបបអាហារជាន់ខ្ពស់នៅមូលនិធិបេះដូងចក្រភពអង់គ្លេស បានបញ្ជាក់បន្ថែមថា គ្មានអាហារ ឬភេសជ្ជៈណាដែលអាចផ្លាស់ប្តូរសុខភាពបេះដូងរបស់យើងទាំងស្រុងបានឡើយ គឺមានតែរបបអាហារសរុប និងការរស់នៅប្រចាំថ្ងៃទាំងមូល គឺជារឿងដែលមានសារៈសំខាន់ខ្លាំងជាងនេះទៅទៀត៕


ប្រភព៖ Independent.co.

អត្ថបទពាក់ព័ន្ធ

- Advertisement -

អត្ថបទថ្មីៗ