ការញ៉ាំសណ្តែកដីជារៀងរាល់ថ្ងៃ ជួយដល់ការចងចាំពេលចូល​វ័យ​ចំណាស់

ពេលអាយុកាន់តែច្រើនឡើង តើអ្នកធ្លាប់កត់សម្គាល់ទេថា ភាពវាងវៃ និងការចងចាំចាប់ផ្តើមមានភាពថយចុះបន្តិចម្តងៗ? ប៉ុន្តែ ដំណោះស្រាយដើម្បីការពារខួរក្បាលមិនឱ្យទ្រុឌទ្រោមទៅតាមវ័យ មិនមែនស្វែងរកថ្នាំពេទ្យថ្លៃៗនោះទេ ប៉ុន្តែ​របប​អាហារ​សាមញ្ញៗ​នៅជិតខ្លួនយើងដូច​ជា «សណ្តែកដី» ក៏​មាន​ចំណែក​ដែរ។ ការសិក្សាស្រាវជ្រាវថ្មីពីសំណាក់អ្នកវិទ្យាសាស្ត្រអន្តរជាតិ បានទម្លាយការពិតគួរឱ្យភ្ញាក់ផ្អើលថា ការញ៉ាំសណ្តែកដីត្រឹមតែបន្តិចបន្តួចជារៀងរាល់ថ្ងៃ អាចជួយកែលម្អប្រព័ន្ធដំណើរការខួរក្បាល និងថែរក្សាការចងចាំរបស់មនុស្សវ័យចំណាស់ឱ្យមានភាពរឹងមាំឡើងវិញយ៉ាងអស្ចារ្យ។



ក្រៅពីត្រូវបានគេស្គាល់ថាជាប្រភពដ៏សម្បូរនៃប្រូតេអ៊ីន និងខ្លាញ់ល្អដែលងាយស្រួលរកទទួលទានរួចមក ពេលនេះវិទ្យាសាស្ត្របានរកឃើញមុខងារថ្មីដ៏មានតម្លៃរបស់សណ្តែកដី។ ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា ការបរិភោគសណ្តែកដីជាប្រចាំ អាចជួយឱ្យខួរក្បាលរបស់មនុស្សវ័យចំណាស់ឆ្លើយតបទៅនឹងអរម៉ូន «អាំងស៊ុយលីន» បានកាន់តែមានប្រសិទ្ធភាពខ្ពស់។

ជាទូទៅ នៅពេលមនុស្សយើងមានវ័យកាន់តែជរា ខួរក្បាលបាត់បង់ភាពប្រែប្រួលទៅនឹងជាតិអាំងស៊ុយលីន ដែលជាអរម៉ូនដ៏មានសារៈសំខាន់បំផុតក្នុងការជំរុញការចងចាំ ការរៀនសូត្រ និងការបញ្ជូនសញ្ញារវាងកោសិកាសរសៃប្រសាទ។ ការខ្សោយភាពប្រែប្រួលនេះហើយ ដែលជាដើមហេតុនាំឱ្យមានការចុះខ្សោយមុខងារខួរក្បាលតាមអាយុ។ ដើម្បីស្វែងយល់ឱ្យបានស៊ីជម្រៅអំពីបញ្ហានេះ ក្រុមអ្នកស្រាវជ្រាវមកពីវិទ្យាស្ថាន NUTRIM នៃមជ្ឈមណ្ឌលវេជ្ជសាស្ត្រសាកលវិទ្យាល័យ Maastricht University ក្នុងប្រទេសហូឡង់ បានធ្វើការសាកល្បងគ្លីនិកមួយយ៉ាងហ្មត់ចត់។

តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាថតរូបភាពខួរក្បាលកម្រិតខ្ពស់ ASL-MRI ដើម្បីវាស់វែងលំហូរឈាមក្នុងខួរក្បាល ក្រុមអ្នកស្រាវជ្រាវបានរកឃើញនូវចំណុចដ៏គួរឱ្យចាប់អារម្មណ៍មួយថា ការបរិភោគសណ្តែកដីជាប្រចាំបានបង្កើតឱ្យមានការប្រែប្រួល និងកែលម្អការឆ្លើយតបរបស់អាំងស៊ុយលីនយ៉ាងខ្លាំង នៅតាមតំបន់ខួរក្បាលផ្នែកខាងស្តាំ ដែលរួមមានផ្នែក lingual gyrus, hippocampus, parahippocampal gyrus និង posterior cingulate gyrus ដែលសុទ្ធសឹងតែជាទីតាំងស្នូលក្នុងការគ្រប់គ្រងការចងចាំ។

លោកបណ្ឌិត Peter Joris ជាសាស្ត្រាចារ្យរងនៅដេប៉ាតឺម៉ង់អាហាររូបត្ថម្ភ និងវិទ្យាសាស្ត្រចលនានៃ NUTRIM បានពន្យល់ថា៖ « ការបរិភោគសណ្តែកដីជារៀងរាល់ថ្ងៃ បានផ្តល់ផលប្រយោជន៍យ៉ាងធំធេងដល់ការឆ្លើយតបនៃអាំងស៊ុយលីនក្នុងតំបន់ខួរក្បាលដែលពាក់ព័ន្ធនឹងការចងចាំចំពោះមនុស្សចាស់។ របកគំហើញនេះបញ្ជាក់ច្បាស់ថា ការកើនឡើងនៃការឆ្លើយតបនេះ គឺជាកត្តាចម្បងដែលជួយទ្រទ្រង់ដល់សមត្ថភាពនៃការចងចាំ»។

សរុបសេចក្តីមក ការបញ្ចូលសណ្តែកដីសុទ្ធក្នុងបរិមាណសមស្របទៅក្នុងរបបអាហារប្រចាំថ្ងៃ មិនត្រឹមតែជាជម្រើសដ៏ឈ្ងុយឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាអាហារសុខភាពយ៉ាងមានប្រសិទ្ធភាពខ្ពស់ ក្នុងការជួយការពារ និងតម្កល់ទុកនូវភាពវាងវៃ និងការចងចាំរបស់មនុស្សវ័យចំណាស់ឱ្យគង់វង្សបានយូរអង្វែងផងដែរ៕

ប្រភព៖ https://scitechdaily.com

អត្ថបទពាក់ព័ន្ធ

- Advertisement -

អត្ថបទថ្មីៗ