រឿង​ប្រាំ​យ៉ាង​គួរ​ប្រយ័ត្ន សម្រាប់​អ្នក​ចូល​ចិត្ត​ហាត់​ប្រាណ​ប្រើ​កម្លាំង​ខ្លាំងៗ​

អ្នកប្រហែលជាគិតថា ការខិតខំហាត់ប្រាណកាន់តែច្រើន កាន់តែខ្លាំង និងកាន់តែយូរ នឹងធ្វើឱ្យរាងកាយ និងបេះដូងកាន់តែរឹងមាំ? នោះគឺជាការយល់ខុសដ៏គ្រោះថ្នាក់បំផុតមួយ។ ការហាត់ប្រាណខុសបច្ចេកទេសវិទ្យាសាស្ត្រ ឬហួសប្រមាណ វាអាចក្លាយជា “ឃាតករស្ងៀមស្ងាត់” បង្ខំឱ្យប្រព័ន្ធបេះដូង និងសរសៃឈាមរបស់អ្នកធ្វើការហួសកម្លាំង រហូតប្រឈមនឹងគ្រោះថ្នាក់ដល់ជីវិតទៅវិញទេ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Times of India និងការព្រមានពីសមាគមបេះដូងអាមេរិក (AHA) មានកំហុសទូទៅចំនួន ៥ យ៉ាងពេលហាត់ប្រាណ ដែលមនុស្សភាគច្រើនតែងតែប្រព្រឹត្តដោយមិនដឹងខ្លួន ទោះបីជាប្រព្រឹត្តតែ ១ យ៉ាងក៏ដោយ ក៏ត្រូវតែបញ្ឈប់ភ្លាមៗដែរ នោះគឺ ៖

១. ការហាត់ប្រាណហួសកម្លាំង

កំហុសដ៏ញឹកញាប់បំផុតគឺ ការប្រឹងប្រែងធ្វើលំហាត់ប្រាណកម្រិតធ្ងន់ភ្លាមៗ ខណៈដែលរាងកាយមិនទាន់ទម្លាប់ ឬកម្តៅសាច់ដុំបានត្រឹមត្រូវ។ ការលើកដុំដែកធ្ងន់ជ្រុល ការរត់ក្នុងល្បឿនលឿនខ្លាំង ឬការហាត់ហួសសមត្ថភាពភ្លាមៗ អាចធ្វើឱ្យចង្វាក់បេះដូង និងសម្ពាធឈាមកើនឡើងកំហុក ដែលបង្កសម្ពាធយ៉ាងខ្លាំងដល់ប្រព័ន្ធបេះដូង។

២. ហាត់ជាប់រហូត ដោយមិនទុកពេលឱ្យរាងកាយសម្រាក

ការរក្សាការហាត់កម្រិតធ្ងន់រៀងរាល់ថ្ងៃដោយគ្មានថ្ងៃសម្រាក មិនមែនជាជម្រើសល្អនោះឡើយ។ រាងកាយត្រូវការពេលវេលាដើម្បីស្តារ និងជួសជុលកោសិកាសាច់ដុំឡើងវិញ បន្ទាប់ពីការធ្វើចលនាធ្ងន់ៗ។ ការហាត់ហួសកម្រិតអូសបន្លាយពេលយូរ នឹងធ្វើឱ្យសម្ពាធឈាម និងចង្វាក់បេះដូងប្រែប្រួលខុសប្រក្រតី ដែលជាសញ្ញ បង្ហាញថារាងកាយ និងបេះដូងកំពុងទទួលរាប់រងបន្ទុកយ៉ាងធ្ងន់ធ្ងរ។

៣. ការខ្វះជាតិទឹក និងសារធាតុអេឡិចត្រូលីត

នៅពេលហាត់ប្រាណ រាងកាយនឹងបាត់បង់ជាតិទឹក និងសារធាតុអេឡិចត្រូលីតសំខាន់ៗ (ដូចជា សូដ្យូម និងប៉ូតាស្យូម) តាមរយៈញើស។ សារធាតុទាំងនេះដើរតួយ៉ាងសំខាន់ក្នុងការរក្សាចង្វាក់បេះដូងឱ្យដើរទៀងទាត់ និងសម្រួលដល់ប្រព័ន្ធសរសៃឈាម។ ការខ្វះជាតិទឹកធ្វើឱ្យឈាមខាប់ជាងមុន បង្ខំឱ្យបេះដូងត្រូវប្រឹងបូមឈាមធ្ងន់ធ្ងរជាងមុន ដែលអាចឈានទៅរកការប្រែប្រួលចង្វាក់បេះដូងខុសធម្មតា។

៤. ហាត់ខុសបច្ចេកទេស ជាពិសេស «ទម្លាប់ទប់ដង្ហើម»

កំហុសទូទៅមួយនៅពេលលើកដុំដែក ឬប្រើកម្លាំងខ្លាំង គឺការទប់ដង្ហើម ។ ការស្រាវជ្រាវដែលចុះផ្សាយក្នុងទិន្នន័យវេជ្ជសាស្ត្រ PubMed បង្ហាញថា ការទប់ដង្ហើមប្រឹងប្រែងពេលហាត់កម្លាំង អាចធ្វើឱ្យសម្ពាធឈាមកើនឡើងខ្ពស់ភ្លាមៗយ៉ាងគ្រោះថ្នាក់ ធៀបនឹងការដកដង្ហើមតាមចង្វាក់ធម្មតា។

៥. ការមើលរំលងសញ្ញាព្រមានអាសន្នរបស់បេះដូង

នេះគឺជាកំហុសដ៏គ្រោះថ្នាក់បំផុតដល់ជីវិត! មនុស្សជាច្រើនតែងតែខិតខំអត់ធ្មត់ប្រឹងហាត់ឱ្យចប់មេរៀន ទោះបីជារាងកាយបញ្ចេញសញ្ញាមិនធម្មតាក៏ដោយ ដោយគិតស្មានតែវាជាអាការៈហត់នឿយធម្មតា។

ទោះបីជាមានហានិភ័យទាំងនេះក៏ដោយ អ្នកជំនាញសុខភាពនៅតែបញ្ជាក់ថា អត្ថប្រយោជន៍នៃការធ្វើលំហាត់ប្រាណជាទៀងទាត់ នៅតែមានច្រើនលើសលប់ក្នុងការការពារជំងឺបេះដូង និងសរសៃឈាម។ បញ្ហាសុខភាពមិនមែនជាការជៀសវាងការហាត់ប្រាណនោះទេ ប៉ុន្តែគឺ «ការជ្រើសរើសកម្រិតឱ្យបានសមស្រប ហាត់ឱ្យត្រូវបច្ចេកទេស និងបត់បែនស្តាប់តាមសញ្ញា​របស់​រាងកាយរបស់ខ្លួនឯង»៕

ប្រភព៖ https://kenh14.vn

អត្ថបទពាក់ព័ន្ធ

- Advertisement -

អត្ថបទថ្មីៗ