គន្លឹះសាមញ្ញៗជួយឱ្យកុមារចងចាំមេរៀនបានល្អ
- 2026-01-14 04:31:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គន្លឹះសាមញ្ញៗជួយឱ្យកុមារចងចាំមេរៀនបានល្អ
ចន្លោះមិនឃើញ
ការផ្សារភ្ជាប់មេរៀនទៅនឹងបទពិសោធន៍ជាក់ស្តែង ការលើកទឹកចិត្តឱ្យកុមារកត់ត្រា និងរំលឹកមេរៀន វានឹងជួយបង្កើនសមត្ថភាពចងចាំ និងលើកកម្ពស់លទ្ធផលសិក្សា ដូចនេះប៉ាម៉ាក់ទាំងឡាយគួរធ្វើតាម វិធីដូចខាងក្រោមនេះ។
១. ធ្វើឱ្យការរៀននិងការចងចាំក្លាយជារឿងសប្បាយរីករាយ
ប៉ាម៉ាក់គួរតែបង្កើតទម្លាប់អានសៀវភៅឱ្យកូនៗជារៀងរាល់ថ្ងៃ ឧទាហរណ៍ដូចជាមុនពេលចូលគេង ឬក្រោយពេលរៀនចប់។ ការអានជាប្រចាំជួយឱ្យកុមារមានការផ្ដោតអារម្មណ៍ និងចងចាំមេរៀនបានល្អជាងមុន។ បន្ទាប់ពីអានចប់មួយជំពូក ឬមួយរឿង សូមសួរសំណួរសាមញ្ញៗដើម្បីឱ្យកូនបានចែករំលែកគំនិត ដូចជា «តើកូនឃើញតួអង្គឯកធ្វើបែបណាដែរ?» ឬ «ប្រសិនបើរឿងនេះកើតឡើងនៅកន្លែងផ្សេងវិញ តើវានឹងទៅជាយ៉ាងណា?»។ សកម្មភាពនេះជួយឱ្យកុមារចេះពិចារណា ចេះបញ្ចេញមតិ និងយល់ដឹងពីខ្លឹមសាររឿងបានកាន់តែស៊ីជម្រៅ។
២. ការសិក្សាតាមរយៈរូបភាព
ប៉ាម៉ាក់គួរលើកទឹកចិត្តឱ្យកុមារគូររូបភាព ឬបង្កើតដ្យាក្រាមគំនិតអំពីអ្វីដែលពួកគេបានរៀន ដែលវាមានប្រយោជន៍ខ្លាំងណាស់សម្រាប់កុមារដែលពូកែចងចាំតាមរយៈរូបភាព។ ប៉ាម៉ាក់អាចណែនាំកូនៗឱ្យរៀបចំធាតុផ្សំនៃរឿង ដូចជា តួអង្គ បរិយាកាស និងព្រឹត្តិការណ៍នានាទៅក្នុងដ្យាក្រាម។ តាមរយៈរូបភាពជាក់ស្ដែងទាំងនេះ កុមារនឹងយល់ច្បាស់ពីដំណើររឿង ចងចាំរាល់ចំណុចលម្អិតសំខាន់ៗ និងយល់ពីទំនាក់ទំនងរវាងព្រឹត្តិការណ៍មួយទៅព្រឹត្តិការណ៍មួយទៀត។
៣. ការប្រើប្រាស់កម្មវិធីសិក្សា
ប៉ាម៉ាក់អាចទាញយកអត្ថប្រយោជន៍ពីកម្មវិធីទូរសព្ទដៃ (Apps) និងឧបករណ៍សិក្សាតាមអ៊ីនធឺណិតដែលជំនួយដល់ការអាន និងការយល់ដឹង។ កម្មវិធីជាច្រើនផ្តល់នូវរឿងនិទានបែបអន្តរកម្ម ការធ្វើតេស្ត និងល្បែងកម្សាន្ត ដែលជួយឱ្យកុមារពង្រឹងចំណេះដឹង និងមានភាពរស់រវើកក្នុងការសិក្សា។
៤. ការផ្សារភ្ជាប់ចំណេះដឹងទៅនឹងបទពិសោធន៍ជាក់ស្តែង
ចូរណែនាំកុមារឱ្យភ្ជាប់ខ្លឹមសារក្នុងសៀវភៅ ទៅនឹងបទពិសោធន៍ផ្ទាល់ខ្លួនរបស់ពួកគេ។ ឧទាហរណ៍ នៅពេលអានអំពីដំណើរទៅបោះជំរុំ មាតាបិតាអាចសួរនាំអំពីបទពិសោធន៍ស្រដៀងគ្នានេះដែលកូនធ្លាប់ជួបប្រទះ ឬឱ្យកូនស្រមៃមើល។ ការផ្សារភ្ជាប់ចំណេះដឹងទៅនឹងការអនុវត្តជាក់ស្ដែង ធ្វើឱ្យសាច់រឿងកាន់តែមានជីវិត និងងាយស្រួលចងចាំ។
៥. ការពិភាក្សាអំពីមេរៀន
បន្ទាប់ពីអានចប់ មាតាបិតាគួរដាក់សំណួរបើក ដើម្បីឱ្យកុមារគិតអំពីសារ និងមេរៀនអប់រំ ដូចជា «តើកូនគិតថាអ្នកនិពន្ធចង់បង្រៀនពីអ្វី?» ឬ «តើកូនអាចយកមេរៀននេះទៅអនុវត្តក្នុងជីវិតរស់នៅបានយ៉ាងដូចម្តេច?»។ ការពិភាក្សាស៊ីជម្រៅ ជួយឱ្យកុមារចងចាំរាល់ចំណុចលម្អិតសំខាន់ៗ និងអភិវឌ្ឍការគិតបែបស៊ីជម្រៅ។
៦. រៀនពីរបៀបកត់ត្រា
ប៉ាម៉ាក់គួរណែនាំកុមារឱ្យកត់ចំណាំ ឬគូសបន្ទាត់ពីក្រោមផ្នែកសំខាន់ៗនៅពេលអាន។ ការសង្ខេបចំណុចសំខាន់ៗដោយប្រើពាក្យសម្តីផ្ទាល់ខ្លួនរបស់កុមារ នឹងជួយពង្រឹងការយល់ដឹង និងសមត្ថភាពចងចាំ។ បន្ទាប់ពីអានចប់មួយជំពូក ឬសៀវភៅទាំងមូល សូមរួមគ្នាជាមួយកូនបង្កើតតារាងសង្ខេបដែលបង្ហាញពីតួអង្គ បរិយាកាស និងព្រឹត្តិការណ៍សំខាន់ៗនៃសាច់រឿង៕
ប្រភព៖ vnexpress