គន្លឹះ១០យ៉ាងចិញ្ចឹមកូនស្រីឱ្យស្របតាមសម័យបច្ចេកវិទ្យា
- 2026-01-14 02:31:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គន្លឹះ១០យ៉ាងចិញ្ចឹមកូនស្រីឱ្យស្របតាមសម័យបច្ចេកវិទ្យា
ចន្លោះមិនឃើញ
ជាទូទៅ ក្មេងស្រីចាប់ផ្ដើមជីវិតដោយភាពរស់រវើកបំផុត។ ពួកគេពូកែនិយាយតាំងពីតូច ចូលចិត្តសង្គម និងជាសិស្សឆ្នើម។ ប៉ុន្តែនៅចន្លោះវ័យមត្តេយ្យដល់មធ្យមសិក្សា បញ្ហាសម្ពាធសង្គម ការរំពឹងទុកខ្ពស់ក្នុងថ្នាក់រៀន និងសាររំខានពីសង្គម ដូចជាត្រូវធ្វើឱ្យល្អបំផុត ប៉ុន្តែកុំធ្វើឱ្យគេចាប់អារម្មណ៍ខ្លាំងពេក ឬកូនអាចធ្វើអ្វីក៏បានដែលកូនចង់ ប៉ុន្តែសម្រស់គឺជាអាទិភាពទីមួយ ដែលឃ្លាទាំងនេះអាចធ្វើឱ្យក្មេងស្រីធ្លាក់ចុះការសិក្សា ឬបាត់បង់ភាពជឿជាក់។
ដើម្បីកសាងទំនុកចិត្ត និងភាពរឹងមាំឱ្យកូនស្រីសម្រាប់ឆ្នាំខាងមុខ ម៉ាក់ប៉ាអាចអនុវត្តតាមវិធីខាងក្រោម៖
១. លើកទឹកចិត្តកូនឱ្យហ៊ានបញ្ចេញមតិ
បង្រៀនកូនស្រីឱ្យចេះបង្ហាញពីតម្រូវការរបស់ខ្លួនទៅកាន់មនុស្សធំ និងចេះការពារជំហរខ្លួនឯងជាមួយមិត្តភក្តិ។ ប្រសិនបើមានក្មេងផ្សេងធ្វើមិនល្អដាក់ ត្រូវលើកទឹកចិត្តឱ្យកូនហ៊ាននិយាយថា «ខ្ញុំមិនចូលចិត្តរបៀបដែលអ្នកនិយាយមកកាន់ខ្ញុំបែបនេះទេ»។
២. ផ្ដល់ពាក្យសរសើរឱ្យបានច្បាស់លាស់
នៅពេលអ្នកប្រាប់កូនថា កូនឆ្លាត វានឹងមានន័យខ្លាំងណាស់ប្រសិនបើអ្នកប្រើឧទាហរណ៍ជាក់ស្តែង។ ប្រាប់កូនថា៖ «កូនមានការចងចាំល្អណាស់« ឬ «កូនពិតជាស្គាល់ពីសត្វដាយណូស័របានច្រើនមែន«។
៣. ការសរសើរត្រូវស្របតាមការពិត
ក្មេងថ្នាក់ទី៣ នឹងដឹងខ្លួនឯងថាមិនមែនជាកំពូលអ្នកតន្ត្រី ឬជាអ្នកគំនូរដ៏ពូកែបំផុតលើលោកនោះទេ ប៉ុន្តែកូននឹងសប្បាយចិត្តប្រសិនបើប៉ាម៉ាក់កត់សម្គាល់ឃើញពី ការរីកចម្រើន របស់គេពីខែមួយទៅខែមួយ។
៤. ជួយឱ្យកូនយល់ពីមូលហេតុ
ពន្យល់កូនថា ប្រសិនបើកូនមិនត្រូវបានគេអញ្ជើញទៅគ្រប់កម្មវិធីខួបកំណើត ឬមិនបានចូលលេងល្បែងលោតអន្ទាក់ជាមួយគេគ្រប់ពេល វាមិនមែនជាការប្រមាថមើលងាយនោះទេ។ ពន្យល់កូនថា នៅពេលក្មេងម្នាក់ទៀតនិយាយថា «ឯងមិនអាចធ្វើជាមិត្តភក្តិខ្ញុំទេ» វាប្រហែលជាមកពីក្មេងនោះកំពុងមានអារម្មណ៍មិនល្អ ច្រើនជាងមកពីកំហុសរបស់កូន។
៥. លើកទឹកចិត្ត
កុំប្រញាប់ជួយកូនខ្លាំងពេកក្នុងការធ្វើកិច្ចការផ្ទះ ឬការងារផ្ទះបាយ។ ប្រសិនបើកូនសុំជំនួយ ចូរប្រាប់ឱ្យកូនសាកល្បងដោះស្រាយវាដោយខ្លួនឯងប្រហែល ២-៣ នាទីទៀតសិន មុននឹងអ្នកចូលជួយ។
៦. លើកទឹកចិត្តឱ្យកូនលេងកីឡា
បច្ចុប្បន្ន ក្មេងស្រីមានជម្រើសកីឡាច្រើនជាងមុន។ ប្រសិនបើកូនចង់លេងកាយសម្ព័ន្ធ ឬបាល់ទាត់ ចូរផ្ដល់ឱកាសឱ្យកូនបានសាកល្បង ដើម្បីដឹងថាខ្លួនគេអាចធ្វើអ្វីបានខ្លះ។ កុំសម្រេចចិត្តជំនួសកូនថា កីឡាណាដែលស័ក្តិសម ឬមិនស័ក្ដិសមជំនួសកូន ទុកឲ្យកូនរកវាដោយខ្លួនឯងបាន។
៧. កុំសន្មតទុកមុន
គ្រាន់តែកូនជាក្មេងស្រី មិនមែនមានន័យថាកូននឹងខ្សោយផ្នែកគណិតវិទ្យា ឬពូកែតែផ្នែកអាននោះទេ។ វាក៏មិនមែនមានន័យថាកូនមិនចូលចិត្តទៅស្ទូចត្រី ឬលេងកីឡាបាល់បោះដែរ។ ចូរតាមដានចំណាប់អារម្មណ៍របស់កូន ដើម្បីជួយពង្រឹងចំណុចខ្លាំង និងកែលម្អចំណុចខ្សោយ។
៨. បណ្ដុះគំនិតវិជ្ជមានចំពោះរូបរាងកាយ
នៅពេលកូនសួរថា «តើកូនស្អាតទេ?» ចូរឆ្លើយដោយភាពរីករាយថា «ចាស! កូនស្អាតណាស់»។ នៅពេលសរសើរសម្រស់ ចូរភ្ជាប់វាទៅនឹងសកម្មភាពផងដែរ ដូចជា«កូនមើលទៅពិតជាទន់ភ្លន់ណាស់ពេលលេងកាយសម្ព័ន្ធ» ឬ «ភ្នែករបស់កូនភ្លឺថ្លាណាស់ពេលនៅលើឆាក»។ ចំពោះក្មេងស្រីដែលធំបន្តិច អ្នកគួរប្រាប់ថា រូបតារាមូដែលក្នុងទស្សនាវដ្ដី មិនមែនជារូបរាងពិតប្រាកដទេ ព្រោះរូបទាំងនោះត្រូវបានគេកែច្នៃឱ្យស្អាតជ្រុលហួសពីការពិត។
៩. ត្រៀមខ្លួនចំពោះការរើសអើងភេទ
សូម្បីតែសព្វថ្ងៃ មនុស្សមួយចំនួននៅតែគិតថាក្មេងស្រីមិនអាចធ្វើរឿងខ្លះដែលក្មេងប្រុសធ្វើបាន។ ប្រសិនបើអ្នកឃើញកូនមើលរឿងដែលក្មេងស្រីនៅតែពីក្រោយ ខណៈក្មេងប្រុសជាអ្នកជួយសង្គ្រោះពិភពលោក ចូរបង្ហាញកូន និងជជែកជាមួយកូនថានៅក្នុងពិភពពិត រឿងរ៉ាវគឺមានភាពខុសប្លែកពីក្នុងរឿង។
១០. បង្ហាញពីគំរូស្រ្តីឆ្នើមក្នុងសង្គម
ឆ្លៀតឱកាសនៅពេលមើលព័ត៌មាន ឬអានកាសែត ដើម្បីបង្ហាញកូនថា ស្ត្រីអាចធ្វើអ្វីបានគ្រប់យ៉ាង មិនថាជា សមាជិកព្រឹទ្ធសភា អ្នករាយការណ៍ព័ត៌មានកីឡា គ្រូពេទ្យ ឬអត្តពលិក។ ការអានសៀវភៅដែលមានតួអង្គស្រ្តីរឹងមាំ គឺជាវិធីដ៏ល្អបំផុតក្នុងការបណ្ដុះគំនិតនេះ ដោយមិនចាំបាច់ប្រើការទូន្មានច្រើនពេក៕
ប្រភព៖ babycenter