ល្បែងក្នុងផ្ទះទាំង៦ជួយពង្រឹងស្មារតី​និង​ខួរក្បាល​កុមារ​

  • 2026-01-14 08:31:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ល្បែងកម្សាន្តក្នុងផ្ទះដូចជា ការនិទានរឿង ការបិទភ្នែកតម្រៀបរូប និងការគូររូប ជួយជំរុញការស្រមៃ ការគិត និងគាំទ្រដល់​ការលូតលាស់ខួរក្បាលរបស់កុមារ។ ក្រៅពីផ្ដល់ភាពសប្បាយរីករាយ ការលេងអាចជួយរំញោចសកម្មភាពសរសៃប្រសាទ និងជួយដល់សមត្ថភាពចងចាំ។ ប្រសិនបើសកម្មភាពក្រៅផ្ទះជួយដល់ការលូតលាស់ផ្នែករាងកាយ នោះល្បែងក្នុងផ្ទះវិញជួយដល់សុខភាពខួរក្បាលរយៈពេលវែង។

១. ល្បែងធ្វើត្រាប់តាម

ការធ្វើត្រាប់​តាមអាចជួយឱ្យកុមារអភិវឌ្ឍសមត្ថភាពសម្របសម្រួលចលនារាងកាយ។ នៅពេលធ្វើតម្រាប់តាមចលនាដែលស្មុគស្មាញ កុមារត្រូវបានហ្វឹកហាត់ការផ្ដោតអារម្មណ៍ និងរំញោចកោសិកាសរសៃប្រសាទ។ ក្នុងល្បែងនេះ ម្នាក់ត្រូវធ្វើចលនាយឺតៗដែលមានភាពពិបាកក្នុងកម្រិតណាមួយ ហើយម្នាក់ទៀតត្រូវធ្វើតាមឱ្យដូចដូចឆ្លុះកញ្ចក់។ សកម្មភាពដ៏រីករាយនេះ ជួយបង្ហាត់សមត្ថភាពសង្កេត ការយកចិត្តទុកដាក់ និងការផ្ដោតអារម្មណ៍។

២. ល្បែងខ្សឹបបន្តគ្នា

នៅពេលចូលរួមល្បែង «ខ្សឹបបន្តគ្នា» កុមារត្រូវបានហ្វឹកហាត់សមត្ថភាពស្ដាប់ និងការចងចាំព័ត៌មាន។ ការបញ្ជូនរឿងតាមរយៈមនុស្សជាច្រើន ធ្វើឱ្យសារចុងក្រោយអាចនឹងខុសប្លែកពីសារដើម ដែលបង្កើតជាភាពកំប្លែង។ ល្បែងនេះជួយឱ្យកុមារចេះស្ដាប់ដោយយកចិត្តទុកដាក់ ចេះចងចាំ និងចេះប្រាស្រ័យទាក់ទងឱ្យបានច្បាស់លាស់។

៣. ល្បែងទាយវត្ថុក្នុងថាស

ដាក់វត្ថុចម្រុះគ្នាមួយចំនួននៅក្នុងថាស រួចបង្ហាញឱ្យក្មេងមើលក្នុងរយៈពេល ៣០វិនាទី។ បន្ទាប់មក គ្របថាសនោះទុក ហើយ​ដកវត្ថុមួយ ឬពីរចេញ រួចឱ្យក្មេងទាយថាតើវត្ថុណាដែលបាត់។ ល្បែងដ៏ងាយស្រួលនេះ ជួយហ្វឹកហាត់ការចង​ចាំ​រយៈពេលខ្លី សមត្ថភាពសម្គាល់រូបរាង និងការយកចិត្តទុកដាក់លើចំណុចលម្អិត។

៤. ការនិទានរឿងបញ្ច្រាស

ការនិទានរឿងតាមលំដាប់លំដោយធម្មតា គ្រាន់តែជាការរំលឹកព័ត៌មានឡើងវិញប៉ុណ្ណោះ។ ប៉ុន្តែ ការនិទានរឿងបញ្ច្រាស​ពី​ក្រោយមកមុខវិញ តម្រូវឱ្យកុមារត្រូវចងចាំ និងរៀបចំសាច់រឿងឡើងវិញតាមលំដាប់បញ្ច្រាស ដែលជាជំនាញនៃការយល់ដឹងកម្រិតខ្ពស់។ នៅពេលឪពុកម្តាយប្រាប់ឱ្យកូននិទានរឿងចាប់ពីចំណុចបញ្ចប់មកចំណុចចាប់ផ្ដើមវិញ ខួរក្បាលរបស់ពួកគេត្រូវបង្ខំឱ្យគិតដោយភាពបត់បែន ដែលជួយដល់ការចងចាំ និងការយល់ដឹងពីលំដាប់ពេលវេលា។

៥. បិទភ្នែកតម្រៀបរូប

ក្មេងម្នាក់ត្រូវបានបិទភ្នែក ខណៈពេលដែលក្មេងម្នាក់ទៀតត្រូវណែនាំ (ដោយប្រើសម្ដី) ដើម្បីសង់រូបរាងអ្វីមួយពីដុំឡូហ្គោ (Building Blocks)។ ការធ្វើអន្តរកម្មទៅវិញទៅមកនេះ ជំរុញសមត្ថភាពស្ដាប់ដោយប្រុងប្រយ័ត្ន ការផ្ដល់ព័ត៌មានឱ្យបាន​ច្បាស់លាស់ និងពង្រឹងការចងចាំរយៈពេលខ្លីបានយ៉ាងល្អ។

៦. ការស្រមៃ និងគូររូបតាមការចងចាំ

ការគូររូបជួយឱ្យកុមារបញ្ចេញសមត្ថភាពច្នៃប្រឌិត។ នៅពេលកុមារសង្កេតមើលវត្ថុ ឬរូបភាពណាមួយក្នុងរយៈពេលខ្លី រួចគូរវាឡើងវិញតាមការចងចាំ សកម្មភាពនេះជួយហ្វឹកហាត់សមត្ថភាពចងចាំរូបភាព និងការយកចិត្តទុកដាក់លើចំណុច​លម្អិត។ តាមរយៈដំណើរការនេះ កុមារអាចចាប់ផ្ដើមសម្គាល់ពីទម្រង់ រូបរាង និងសមាមាត្រ ដែលជាជំនាញមានប្រយោជន៍​មិនត្រឹមតែក្នុងវិស័យសិល្បៈប៉ុណ្ណោះទេ៕

ប្រភព៖ vnexpress

អត្ថបទ ៖ មោលី