ទម្លាប់ល្អៗជួយឱ្យខួរក្បាលកុមារលូតលាស់បានល្អ

  • 2026-01-13 02:16:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការឱ្យកូនធ្វើការងារផ្ទះជាមួយឪពុកម្តាយ ការជជែកលេង និងការអានសៀវភៅដដែលៗច្រើនដង អាចជួយអភិវឌ្ឍការគិត និងជំនាញដោះស្រាយបញ្ហាបានយ៉ាងល្អ។ ខាងក្រោមនេះគឺជាសកម្មភាព​ប្រចាំ​ថ្ងៃតិចតួចដែលម៉ាក់ៗមិនគួរមើលរំលង តែទទួលបានផលយ៉ាងល្អ ក្នុងការជួយឱ្យខួរក្បាលកូនលូតលាស់បានល្អ។

១. ស្ដាប់ការសន្ទនាផ្សេងៗ

នៅពេលមនុស្សធំនិយាយគ្នា​រឿងទូទៅ​ធម្មតាគួរ​ឲ្យ​ក្មេងៗ​ស្ដាប់​ដែរ បើទោះបីជាក្មេងមិនទាន់ចេះតបតវិញក៏ដោយ ប៉ុន្តែខួរក្បាលរបស់ពួកគេកំពុងស្រូបយកព័ត៌មានទាំងនោះ។ ចំណុចនេះជួយឱ្យកុមាររៀនពីរបៀបភ្ជាប់ពាក្យសម្ដីទៅនឹងសកម្មភាព និងអារម្មណ៍។ ការជជែកលេងជាមួយឪពុកម្តាយឱ្យបានទៀងទាត់ ក៏ជួយឱ្យក្មេងអភិវឌ្ឍភាសា អារម្មណ៍ និងភាពជឿជាក់លើខ្លួនឯងផងដែរ។

២. ឱ្យកូនចូលរួមធ្វើការងារផ្ទះ

មនុស្សជាច្រើនយល់ថា ក្មេងនៅតូចគួរតែលេង និងរៀនតែមួយមុខបានហើយ ប៉ុន្តែការចូលរួមធ្វើការងារផ្ទះងាយៗជាមួយ​ឪពុកម្តាយ ក៏ផ្ដល់ប្រយោជន៍ច្រើនដល់ពួកគេដែរ។ នៅពេលសម្រេចការងារដូចជា ការបត់ខោអាវ រៀបចំតុបាយ ឬស្រោចផ្កា កុមារនឹងមានអារម្មណ៍សប្បាយចិត្ត និងទទួលស្គាល់ពីសមត្ថភាពរបស់ខ្លួនឯង។ ក្តីរីករាយនេះនឹងទៅរំញោច​ផ្នែកសំបកខួរក្បាលខាងមុខ ដែលជាកន្លែងគ្រប់គ្រងសមត្ថភាពរៀបចំផែនការ ការយកចិត្តទុកដាក់ និងការចងចាំ។ លើសពីនេះ ការធ្វើការងារផ្ទះជាមួយកូនក៏ជួយបង្កើតអនុស្សាវរីយ៍ និងរឹតចំណងក្នុងគ្រួសារឱ្យកាន់តែស្អិត​រមួត។

៣. ទុកពេលឱ្យកូនខ្លះ

កុមារត្រូវការចូលរួមសកម្មភាពផ្សេងៗដើម្បីឱ្យមានភាពរស់រវើក ប៉ុន្តែការទុកពេលឱ្យពួកគេទំនេរ​ខ្លះ (ក្រោមការគ្រប់គ្រង) ក៏ជួយជំរុញសមត្ថភាពច្នៃប្រឌិតផងដែរ។ នៅពេលប្រឈមមុខនឹងពេលវេលាទំនេរ ខួរក្បាលរបស់កុមារនឹងស្វែងរកវិធីកម្សាន្តដោយខ្លួនឯង ដែលតាមរយៈនោះពួកគេនឹងអភិវឌ្ឍការស្រមៃ ជំនាញរៀបចំផែនការ និងភាពអត់ធ្មត់។

៤. អានសៀវភៅរឿងដដែលៗច្រើនដង

ការដែលក្មេងអានសៀវភៅរឿងមួយដដែលៗរហូតដល់ ១០ដង ហើយពួកគេដឹងមុនថានឹងមានរឿងអ្វីកើតឡើងបន្ទាប់ទៀតនោះ គឺជាវិធីរៀនសូត្រមួយយ៉ាងប្រសើរ។ ភាពស៊ាំនឹងពាក្យពេចន៍ និងការចងចាំចំណុចតូចៗនៅក្នុងរឿង សុទ្ធ​តែជួយរំញោចផ្នែកសំខាន់ៗនៃខួរក្បាល។ ទម្លាប់អានដដែលៗនេះក៏ជួយកសាងវាក្យសព្ទ និងពង្រឹងបណ្ដាញសរសៃប្រសាទ​ផងដែរ។ ឪពុកម្តាយគួរតែអានរឿងជាមួយកូនជារៀងរាល់ថ្ងៃមុនពេលចូលគេង។

៥. រៀនពីរបៀបដែលមនុស្សធំដោះស្រាយបញ្ហា

មនុស្សធំគឺជាកញ្ចក់ឆ្លុះបញ្ចាំងពីវិន័យ ការទទួលខុសត្រូវ និងសីលធម៌សម្រាប់កុមារ។ នៅពេលក្មេងឃើញឪពុកម្តាយធ្វើឱ្យខ្លោចបាយ ភ្លេចសោ ឬធ្វើឱ្យខូចខាតរបស់របរ ប៉ុន្តែនៅតែរក្សាភាពស្ងប់ស្ងាត់ដើម្បីដោះស្រាយបញ្ហា ពួកគេនឹងរៀនបានថា «កំហុសគឺជាផ្នែកមួយនៃជីវិត»។ ខួរក្បាលរបស់ក្មេងនឹងកត់ចំណាំថា វិធីដោះស្រាយបញ្ហាដែលមានប្រសិទ្ធភាពបំផុតគឺការរក្សាភាពស្ងប់ស្ងាត់ និងការគិតឱ្យបានដិតដល់។

៦. របបអាហាររូបត្ថម្ភ

អាហាររូបត្ថម្ភក៏ជារឿងសំខាន់បំផុតដែរ។ ឪពុកម្តាយគួរឱ្យកូនញ៉ាំត្រីដែលមានជាតិខ្លាញ់ (សម្បូរ Omega-3) គ្រាប់ធញ្ញជាតិ បន្លែបៃតង ផ្លែឈើ ស៊ុត និងទឹកដោះគោ ដើម្បីផ្គត់ផ្គង់សារធាតុ DHA វីតាមីន ស័ង្កសី និងជាតិដែក ដែល​ជួយដល់ការលូតលាស់រចនាសម្ព័ន្ធខួរក្បាល និងការយល់ដឹង៕

ប្រភព៖ vnexpress

អត្ថបទ ៖ មោលី