សកម្មភាពសាមញ្ញនិងដដែលៗអាចជួយជំរុញអភិវឌ្ឍខួរក្បាលកុមារ
- 2026-01-08 06:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សកម្មភាពសាមញ្ញនិងដដែលៗអាចជួយជំរុញអភិវឌ្ឍខួរក្បាលកុមារ
ចន្លោះមិនឃើញ
អ្នកជំនាញផ្នែកអភិវឌ្ឍន៍កុមារបានអះអាងថា មាតាបិតាដែលព្យាយាមផ្តល់ឱ្យកូនតូចៗនូវក្មេងលេងចម្រុះពណ៌ សៀវភៅ និងសកម្មភាពច្រើនលើសលប់ ដោយសង្ឃឹមថានឹងជួយបង្កើនថាមពលខួរក្បាលនោះ គឺកំពុងយល់ច្រឡំហើយ។
យោងតាមសម្តីរបស់សាស្ត្រាចារ្យ Sam Wass នាយកវិទ្យាស្ថានវិទ្យាសាស្ត្រសម្រាប់វ័យកុមារនៃសាកលវិទ្យាល័យ East London បានឱ្យដឹងថា ខួរក្បាលរបស់កុមារតូចៗមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការទទួលយកការជំរុញ ច្រើនពេកនោះទេ ប៉ុន្តែពួកគេនឹងលូតលាស់បានល្អជាមួយ «ភាពសាមញ្ញ និងការធ្វើដដែលៗ។
សាស្ត្រាចារ្យ Sam Wass បាននិយាយថា កាលពីប៉ុន្មានឆ្នាំមុន មានមតិយល់ឃើញថា ក្មេងៗត្រូវការការជំរុញឱ្យបានច្រើន។ អ្នកប្រហែលជាស្គាល់គំនិតបែប Baby Einstein ដែលយល់ថា កាលណាអ្នកផ្តល់ឱ្យពួកគេនូវរឿងរ៉ាវកាន់តែច្រើន ពួកគេនឹងកាន់តែរៀនសូត្របានច្រើន។ លោកលើកឡើងថា៖ «ខ្ញុំមិនចង់ធ្វើឱ្យអ្នកខកបំណងទេ ប៉ុន្តែវិទ្យាសាស្ត្របានបង្ហាញយ៉ាងច្បាស់ថា នៅពេលពួកគេនៅក្មេង ខួរក្បាលរបស់ពួកគេមានភាពច្របូកច្របល់ខ្លាំងណាស់ ដូច្នេះអ្វីដែលពួកគេត្រូវការ គឺរឿងដែលផ្ទុយពីការជំរុញច្រើនលើសលប់ទាំងនោះ។ ពួកគេត្រូវការភាពសាមញ្ញ ភាពច្បាស់លាស់ និងការធ្វើដដែលៗ។ ការធ្វើរឿងដដែលៗ ជាដដែល ជួយឱ្យពួកគេចេះទាញយកអត្ថន័យចេញពីរបស់ទាំងនោះ»។
សាស្ត្រាចារ្យ Wass បានបន្ថែមថា៖ «អ្វីដែលល្អបំផុតសម្រាប់កូន គឺការអានសៀវភៅដដែលៗឱ្យកូនស្តាប់ ឬឱ្យកូនចុចប៊ូតុងតែមួយនៅលើក្មេងលេង ដើម្បីឱ្យវាលោតចេញមកដដែលៗ។ យើងធ្លាប់តែគិតថា កាលណាផ្តល់ឱ្យកូនកាន់តែច្រើន កូនរៀនបានកាន់តែច្រើន។ តាមពិតទៅ វាផ្ទុយស្រឡះពីហ្នឹងតែម្តង។ ខួរក្បាលរបស់ទារក ដំណើរការបញ្ជូនព័ត៌មានយឺតជាងមនុស្សធំឆ្ងាយណាស់ ដូច្នេះពួកគេច្រើនតែខកខានព័ត៌មានលម្អិត ប្រសិនបើរឿងរ៉ាវទាំងនោះមិនត្រូវបានធ្វើឱ្យយឺត ឬធ្វើដដែលៗនោះទេ»៕