រឿងរ៉ាវក្នុងគ្រួសារមួយចំនួន ប៉ាម៉ាក់មិនគួរនិយាយឲ្យកូនដឹង

  • 2026-01-08 02:59:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិនមែនគ្រប់រឿងទាំងអស់ក្នុងជីវិតសុទ្ធតែត្រូវប្រាប់កូនឱ្យដឹងនោះទេ។ វាមិនមែនជាការលាក់បាំងទេ ប៉ុន្តែដោយសារតែមានរឿងខ្លះវាលើសពីសមត្ថភាពផ្លូវចិត្តដែលក្មេងអាចទទួលយកបាន។ មាតាបិតាដែលឈ្លាសវៃយល់ថាកូនៗមិនមែនជាកន្លែងសម្រាប់ឱ្យមនុស្សធំមកបង្ហូរភាពហត់នឿយ ឬជាមិត្តសម្រាប់មកស្តាប់រឿងដែលទាល់ច្រកក្នុងជីវិតរបស់ខ្លួននោះ​ទេ។ ខាងក្រោមនេះគឺជារឿងរ៉ាវមួយចំនួនដែលឪពុកម្តាយមិនគួរនិយាយប្រាប់កូន។

១. ជម្លោះប្តីប្រពន្ធ និងភាពមិនចុះសម្រុងក្នុងអាពាហ៍ពិពាហ៍

ការឈ្លោះប្រកែក ភាពត្រជាក់ស្រជុំ ឬការអស់សង្ឃឹមលើដៃគូ ជារឿងធម្មតានៅក្នុងជីវិតអាពាហ៍ពិពាហ៍។ ប៉ុន្តែនៅពេលឪពុកម្តាយយកភាពមួរម៉ៅទាំងនោះមកប្រាប់កូន ក្មេងនឹងត្រូវរុញឱ្យធ្លាក់ក្នុងស្ថានភាពគ្រោះថ្នាក់បំផុត គឺ ត្រូវជ្រើសរើសខាងណា។ ក្មេងម្នាក់មិនទាន់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការកាត់សេចក្តី ខុស ឬ ត្រូវ រវាងមនុស្សពីរនាក់ដែលគេស្រឡាញ់បំផុតនោះទេ។ ឪពុកម្តាយដែលឈ្លាសវៃនឹងដោះស្រាយបញ្ហាមនុស្សធំដោយខ្លួនឯង ជំនួសឱ្យការយកកូនមកធ្វើជា «សាក្សី» នៃភាពបាក់បែកដែលមិនមែនជាកំហុសរបស់កូន។

២. ការលំបាក និងការលះបង់របស់ខ្លួនឯង

ឪពុកម្តាយជាច្រើនតែងតែនិយាយរៀបរាប់ប្រាប់កូនដោយមិនដឹងខ្លួនថា ខ្លួនលំបាកយ៉ាងណា ឬហត់នឿយប៉ុនណាដើម្បីចិញ្ចឹមកូនឱ្យធំ។ រឿងនេះមិនបានធ្វើឱ្យកូនដឹងគុណកាន់តែខ្លាំងនោះទេ ប៉ុន្តែវាធ្វើឱ្យកូនមានអារម្មណ៍វិបត្តិតាមរយៈ «បំណុលគុណ»។ ឪពុកម្តាយឈ្លាសវៃយល់ថា ក្មេងៗត្រូវការទទួលបានសេចក្តីស្រឡាញ់ដោយគ្មានលក្ខខណ្ឌ មិនមែនធំដឹងក្តីឡើងជាមួយអារម្មណ៍ថា «វត្តមានរបស់ខ្លួនជាបន្ទុក» នោះទេ។

៣. ជម្លោះរឿងលុយកាក់ បំណុល និងសម្ពាធនៃការរកស៊ីចិញ្ចឹមជីវិត

ក្មេងៗត្រូវរៀនឱ្យស្គាល់ពីតម្លៃនៃប្រាក់ ប៉ុន្តែមិនចាំបាច់ត្រូវមកលីសែងការព្រួយបារម្ភអំពីរឿងបាយទឹករបស់មនុស្សធំនោះទេ។ នៅពេលកូនឮញឹកញាប់អំពីបំណុល ភាពខ្វះខាត ឬភាពមិនច្បាស់លាស់ កូននឹងរស់នៅក្នុងស្ថានភាពភ័យខ្លាច និងបារម្ភពីអនាគត។ ឪពុកម្តាយឈ្លាសវៃនឹងចែករំលែកអ្វីដែលសមស្របតាមអាយុ ដើម្បីឱ្យកូនយល់ដឹងតែប៉ុណ្ណោះ មិនមែនឱ្យកូនមកព្រួយបារម្ភជំនួសឡើយ។

៤. ភាពអយុត្តិធម៌ និងរឿងអវិជ្ជមាននៅក្នុងសង្គម

ពិភពលោកខាងក្រៅមានចំណុចខ្មៅងងឹតជាច្រើនដូចជា ការបោកប្រាស់ ភាពអយុត្តិធម៌ ការបរាជ័យ និងការបាត់បង់។ ប៉ុន្តែប្រសិនបើមនុស្សធំតែងតែនិយាយរៀបរាប់ដោយសម្តីជូរចត់ និងទុទិដ្ឋិនិយម កូននឹងធំឡើងជាមួយជំនឿដែលខុសឆ្គងថា ជីវិតមានតែភាពគ្រោះថ្នាក់។ ឪពុកម្តាយឈ្លាសវៃជ្រើសរើសវិធីបង្រៀនកូនឱ្យចេះប្រឈមមុខនឹងការពិត ជាជាងការសាបព្រោះការភ័យខ្លាច ឬការស្អប់ខ្ពើមសង្គមតាំងពីក្មេង។

៥. ការបរាជ័យរបស់ខ្លួនឯង

មានការឈឺចាប់ ក្តីស្រមៃដែលមិនបានសម្រេច ឬការសម្រេចចិត្តខុសឆ្គងមួយចំនួនដែលមនុស្សធំមិនទាន់អាចជម្នះបាន​។ នៅពេលឪពុកម្តាយនិយាយរឿងទាំងនោះឡើងវិញដោយចិត្តចងអាឃាត កូននឹងងាយទទួលយកអារម្មណ៍ភ័យខ្លាច​ថា «នឹងដើរតាមគន្លងចាស់ដែលបរាជ័យរបស់ឪពុកម្តាយ»។ ឪពុកម្តាយឈ្លាសវៃនឹងទទួលខុសត្រូវក្នុងការព្យាបាល​ចិត្តខ្លួន​ឯង ជំនួសឱ្យការទុកឱ្យកូនមកទ្រាំទ្រអារម្មណ៍ដែលខ្លួនដោះស្រាយមិនទាន់ចេញ។

៦. សម្ពាធនៃការរំពឹងទុកខ្លាំងពេកលើអនាគត

ការនិយាយទៅកាន់កូនថា «ទៅថ្ងៃមុខកូនត្រូវតែជោគជ័យ» «ត្រូវតែធ្វើឱ្យគ្រួសារមានមុខមាត់» «ត្រូវតែពូកែជាងពុកម៉ែ» មើលទៅដូចជាការលើកទឹកចិត្ត ប៉ុន្តែការពិតវាគឺជាការដាក់បន្ទុកដ៏ធ្ងន់លើស្មារបស់កូន។ ឪពុកម្តាយឈ្លាសវៃយល់ថា កូនត្រូវការធំធាត់តាមល្បឿនរបស់ខ្លួន មិនមែនរស់នៅដើម្បីបំពេញចន្លោះប្រហោងនៃអ្វីដែលឪពុកម្តាយធ្វើមិនបាននោះទេ។

ការធ្វើជាឪពុកម្តាយដែលឈ្លាសវៃ គឺត្រូវស្គាល់ពី «បន្ទាត់ព្រំដែន» រវាងពិភពមនុស្សធំ និងពិភពក្មេងៗ។ វាមិនមែនមកពីកូនទន់ជ្រាយនោះទេ ប៉ុន្តែដោយសារតែកូនកំពុងស្ថិតក្នុងដំណាក់កាលកសាងបុគ្គលិកលក្ខណៈ។ មានរឿងខ្លះ ប្រសិន​បើនិយាយប្រាប់លឿនពេក វានឹងក្លាយជាបន្ទុកពេញមួយជីវិត។

ឪពុកម្តាយអាចហត់នឿយ អាចអស់សង្ឃឹម ឬអាចឈឺចាប់បាន ប៉ុន្តែ កូនៗមិនមែនជាកន្លែងសម្រាប់ផ្ញើរឿងទាំងនោះឡើយ។ អ្វីដែលកូនត្រូវការបំផុតមិនមែនជាការពិតដ៏សែនជូរចត់នៃជីវិតនោះទេ ប៉ុន្តែគឺជា អារម្មណ៍សុវត្ថិភាព ដើម្បីធំធាត់។ លុះដល់ថ្ងៃដែលកូនមានភាពរឹងមាំគ្រប់គ្រាន់ កូននឹងដើរចេញទៅកាន់ពិភពលោក ហើយយល់ដឹងរឿងគ្រប់យ៉ាងតាមបែបបទរបស់ខ្លួនឯងមិនខាន៕

ប្រភព៖ kenh14

អត្ថបទ ៖ មោលី